MRJ – គម្រោងផលិតយន្តហោះដឹកអ្នកដំណើរដែលត្រូវផ្អាកដោយរដ្ឋាភិបាលជប៉ុន
អំឡុងសង្គ្រាម ឧស្សាហកម្មផលិតយន្តហោះរបស់ជប៉ុនមានបច្ចេកវិទ្យាឈានមុខគេលើពិភពលោក។ ដែនកំណត់នៃឧស្សាហកម្មនេះមិនត្រឹមតែមាននាពេលសព្វថ្ងៃប៉ុណ្ណោះទេ ហើយក៏ជារឿងកាលមុនផងដែរ។ ជាពេលដែលជប៉ុនបានផលិតយន្តហោះខ្នាតមធ្យម ជាមួយនឹងការរចនាស្លាបយន្តហោះ ឬគេហៅថា YS-11 ។
ដើម្បីប្រកួតប្រជែងនឹងយុគសម័យយន្តហោះប្រតិកម្ម គម្រោង MRJ (Space Jet) បានចាប់ផ្តើមក្តីស្រមៃដោយនាំយកយន្តហោះខ្នាតមធ្យម Made in Japan ហោះលើផ្ទៃមេឃនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណា គួរឲ្យស្តាយណាស់ដែលគម្រោងនេះត្រូវផ្អាក។ ទន្ទឹមនឹងនោះ HONDA JET ជាគម្រោងដែលបង្កើតឡើងដោយក្រុមហ៊ុន HONDA បែរជាទទួលបានការវាយតម្លៃខ្ពស់ ហើយសព្វថ្ងៃការលក់កំពុងតែកើនឡើងយ៉ាងខ្លាំង។
ដូច្នេះអ្នកដឹងទេ ហេតុអ្វីបានជា HONDA ជោគជ័យ ខណៈដែល MRJ បែរជាបរាជ័យដែរទេ? តើមូលហេតុចម្បងបណ្តាលមកពីរដ្ឋាភិបាលជប៉ុនមែនទេ? ប្រហែលជាអ្នកនឹងភ្ញាក់ផ្អើលពេលដឹងពីចំណុចអវិជ្ជមាននៃរដ្ឋាភិបាលជប៉ុន។
តើសមត្ថភាពបច្ចេកវិទ្យាខ្ពស់គឺជាអ្វីគ្រប់យ៉ាងមែនទេ?
គម្រោង MRJ ត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម សហការជាមួយអង្គការអភិវឌ្ឍន៍បច្ចេកវិទ្យា ឧស្សាហកម្ម និងថាមពលថ្មីរបស់ជប៉ុន (NEDO) ដែលជាសាជីវកម្មស្រាវជ្រាវជាតិ។
ក្នុងគម្រោងនេះ សាជីវកម្មឧស្សាហកម្មធុនធ្ងន់ Mitsubishi Heavy Industries ជាតួអង្គសំខាន់ ហើយក៏មានការចូលរួមពីទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ផងដែរ។ ដូច្នេះហើយ គម្រោងនេះបានចាប់ផ្តើមជាលក្ខណៈជាតិ។
សាជីវកម្មឧស្សាហកម្មធុនធ្ងន់ Mitsubishi Heavy Industries ជាសាជីវកម្មខ្នាតធំដែលមានឯកទេសផលិតយន្តហោះចម្បាំងសម្រាប់កងកម្លាំងស្វ័យការពារជប៉ុន ដូច្នេះជាក់ស្តែង ពួកគេមានបច្ចេកវិទ្យាផលិតយន្តហោះជាច្រើន។ ក្រៅពីនេះ ដោយសារសាជីវកម្ម Mitsubishi ក៏ដំណើរការការអភិវឌ្ឍរថយន្ត ដូច្នេះពួកគេដឹង និងយល់ពីស្តង់ដារសុវត្ថិភាពយានយន្ត។
ដូច្នេះបើតាមបច្ចេកទេស គម្រោង MRJ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តផលិត និងលក់ទៅកាន់ទីផ្សារ ប៉ុន្តែនៅទីបំផុត MRJ បែរជាមិនទទួលបានលិខិតបញ្ជាក់ស្តង់ដារ។ នេះជាលិខិតបញ្ជាក់ទាក់ទងនឹងស្តង់ដារសុវត្ថិភាព ដែលប្រទេសផលិតបានសម្រេចចិត្តផ្តល់អាជ្ញាប័ណ្ណ ប៉ុន្តែរដ្ឋាភិបាលជប៉ុនមិនបានចេញអាជ្ញាប័ណ្ណសម្រាប់គម្រោងនេះទេ។
ហេតុអ្វីបានជារដ្ឋាភិបាលមិនផ្តល់អាជ្ញាប័ណ្ណដល់គម្រោងនេះ?
មូលហេតុចម្បងត្រូវគេចាត់ទុកថា ដោយសារការគេចវេសទំនួលខុសត្រូវរបស់មន្ត្រីក្នុងរដ្ឋាភិបាលជប៉ុន។
តើយើងត្រូវធ្វើយ៉ាងណា បើសិនជាបន្ទាប់ពីមានអាជ្ញាប័ណ្ណ វាត្រូវបានដាក់លក់នៅទូទាំងពិភពលោក ប៉ុន្តែបើមានបញ្ហាត្រូវធ្វើយ៉ាងណា?
ប្រហែលជារដ្ឋាភិបាលខ្លាចដូច្នេះ ក្រៅពីនេះ ពួកគេមិនមានជំនាញវិជ្ជាជីវៈ បទពិសោធន៍ក្នុងការត្រួតពិនិត្យ និងផ្តល់អាជ្ញាប័ណ្ណផ្នែកនេះទេ។ ដូច្នេះហើយ ចំណុចដែលត្រូវបានចង្អុលបង្ហាញអំឡុងពេលត្រួតពិនិត្យបានផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយគម្រោងត្រូវពន្យារពេលជាច្រើនដង។ នៅទីបំផុត មន្ត្រីរដ្ឋាភិបាលបានសម្រេចចិត្តមិនអាចបន្ត ហើយគម្រោងនេះត្រូវផ្អាកជាបណ្តោះអាសន្ន។ ដូច្នេះចំណុចសំខាន់នៃលើកនេះមិនមែនស្ថិតលើការផលិតនោះទេ ប៉ុន្តែដោយសារការផ្តល់អាជ្ញាប័ណ្ណពីរដ្ឋាភិបាលជប៉ុន។
ហេតុអ្វីបានជាគម្រោង HONDA JET ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល?
មូលហេតុយ៉ាងសាមញ្ញ ដោយសារ Honda Aircraft Company ដែលជាក្រុមហ៊ុនផលិតយន្តហោះ HONDA JET ជាក្រុមហ៊ុនរបស់អាមេរិក ផលិតផលនេះត្រូវបានផលិតនៅអាមេរិក។ ឧទាហរណ៍មួយផ្សេងទៀត ដោយសារចិនក៏ផលិតយន្តហោះ ប៉ុន្តែពួកគេផ្តោតលើការប្រើប្រាស់ក្នុងស្រុក ដូច្នេះមិនចាំបាច់មានលិខិតបញ្ជាក់អន្តរជាតិ គ្រាន់តែរដ្ឋាភិបាលចិនទទួលស្គាល់សុវត្ថិភាពបានហើយ។
ស្រដៀងគ្នាដែរ ដំបូងគម្រោង MRJ ត្រូវបានផលិតឡើងដើម្បីបម្រើទីផ្សារក្នុងស្រុករបស់ជប៉ុន។ ថ្វីត្បិតតែ ក្រោយមកមានបំណងពង្រីកទៅកាន់អន្តរជាតិ ប៉ុន្តែដោយសារមិនទទួលបានការអនុញ្ញាត្តពីរដ្ឋាភិបាល ដូច្នេះគម្រោងត្រូវផ្អាក។
ឧស្សាហកម្មអាកាសចរណ៍ពិភពលោកគឺជាឧស្សាហកម្មដែលមានទំហំប្រហែល ១៣០ ពាន់ពាន់លានយ៉េន ហើយត្រូវគេរំពឹងថា នឹងកើនឡើងក្នុងអត្រា ៥% ជារៀងរាល់ឆ្នាំ។ ដោយសារទ្រង់ទ្រាយផលិតធំ និងត្រូវការកម្មករច្រើន ដូច្នេះ នេះជាដំណោះស្រាយចំពោះបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ជប៉ុន។
លើកនេះដោយសារតែការគេចវេសទំនួលខុសត្រូវរបស់រដ្ឋាភិបាល ទើបក្តីស្រមៃនៃយន្តហោះខ្នាតកណ្តាលម៉ាកជប៉ុនបានរលាយ។ គម្រោង MRJ អាចនឹងប្រកួតប្រជែងនៅអាមេរិក ប៉ុន្តែវាលែងជាផលិតផល “Made in Japan” ទៀតហើយ។ ខ្ញុំគិតថា នេះជាចំណុចគួរឲ្យសោកស្តាយសម្រាប់គោលបំណងធំរបស់ជប៉ុន។
គម្រោងខ្នាតធំដូចជា MRJ ទាមទារឲ្យមានសាមគ្គីភាពរវាងរដ្ឋាភិបាល និងអាជីវកម្ម ទើបទទួលបានជោគជ័យ។ ការវិនិយោគរហូតដល់ ៦០០ ពាន់លានយ៉េនពីថវិកា ហើយបន្ទាប់មករដ្ឋាភិបាលជ្រើសរើសដកខ្លួនបានបណ្តាលឲ្យគម្រោងនេះបរាជ័យ ដោយគ្មាននរណាម្នាក់ចេញមុខទទួលខុសត្រូវ។
នេះជាឧទាហរណ៍នៃ “ទម្រង់បរាជ័យបែបជប៉ុន” ។ ប្រសិនបើរដ្ឋាភិបាលជប៉ុនមិនទទួលខុសត្រូវ និងប្រកាន់ជំហរជាងនេះ នៅពេលអនាគត ឧស្សាហកម្មធំៗទាំងអស់នឹងនាំមុខដោយមហាអំណាចពិភពលោក។
Abe Kengo