ហេតុអ្វីបានជាបង្គន់នៅប្រទេសជប៉ុនតែងតែមានអនាម័យជានិច្ច?
ប្រហែលជាយើងទាំងអស់គ្នាដឹងហើយថា បន្ទប់ទឹកនៅជប៉ុនមានអនាម័យ និងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុត។ ភាគច្រើនចានបង្គន់អាចបើកដោយស្វ័យប្រវត្តិ និងបំបាត់ក្លិនដោយខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណឹង បង្គន់មួយចំនួនមានបំពាក់ឧបករណ៍ជួយកាត់បន្ថយសំឡេងនៅពេលដែលបន្ទោរបង់ថែមទៀត។
ប្រជាជនជប៉ុនយកចិត្តទុកដាក់ជាពិសេសចំពោះបង្គន់ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ហេតុអ្វីបានជាពួកគេយកចិត្តទុកដាក់ចំពោះបង្គន់បែបនេះ?
ទម្លាប់រក្សាអនាម័យបង្គន់មានតាំងពីសម័យ Edo មកម្ល៉េះ ដែលសម័យនោះមានសាមូរ៉ៃផងដែរ។
កាលពីជាង ៣០០ ឆ្នាំមុន ហេតុអ្វីបានជាប្រជាជនជប៉ុនយកចិត្តទុកដាក់ចំពោះអនាម័យដូច្នេះ?
គោលបំណងគឺព្រោះតែ “ប្រាក់” ដោយសារការប្រមូលលាមកជួយឲ្យប្រជាជនក្នុងសង្គមរកប្រាក់បានច្រើន។
នៅសម័យ Edo បង្គន់មិនត្រូវបានរចនាឡើងសម្រាប់ចាក់ទឹកបង្ហូរសម្អាតដូចសព្វថ្ងៃនេះទេ ប៉ុន្តែត្រូវបានរចនាឡើងសម្រាប់ទុកកាកសំណល់។ ហើយក៏ជាប្រភេទបង្គន់ដែលពេញនិយមនៅលើពិភពលោកនាពេលនោះផងដែរ។
នៅជប៉ុនចំណុចដែលខុសគ្នាគឺថា កាកសំណល់ទាំងនេះអាចប្តូរជា “ប្រាក់” បាន។ មនុស្សមួយចំនួនប្រមូលទិញលាមកតាមផ្ទះនីមួយៗ ហើយយកទៅផលិតជាជី និងលក់ទៅឲ្យកសិករប្រើសម្រាប់ដាំដុះ។
នៅសម័យនេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលលាមកមនុស្សត្រូវបានប្រមូលទិញក្នុងតម្លៃខ្ពស់។ រហូតដល់ថ្នាក់ មានមនុស្សជាច្រើនដណ្តើមគ្នាដាក់តម្លៃខ្ពស់ ដើម្បីប្រមូលទិញលាមក។
ដោយសារកសិករមានតម្រូវការជីច្រើន ប៉ុន្តែមិនមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ ដូច្នេះអ្នកដែលប្រមូលទិញសុខចិត្តឲ្យថ្លៃខ្ពស់ ដើម្បីប្រមូលទិញលាមកច្រើនតាមដែលអាចធ្វើទៅបាន។ ដោយបណ្តាលឲ្យតម្លៃប្រមូលទិញលាមកកើនឡើង ៣ ដងត្រឹមរយៈពេល ៥០ ឆ្នាំ។
ហេតុនេះហើយបានជាកសិករពិបាកចិត្តយ៉ាងខ្លាំង ព្រោះមិនមានលទ្ធភាពទិញជីមកដាំដំណាំបាន។ ផ្ទុយទៅវិញ ម្ចាស់ផ្ទះជួលឆ្លៀតឱកាសនេះលក់ជីក្នុងតម្លៃខ្ពស់។
ការជជែកដេញដោលគ្នាកាន់តែខ្លាំងឡើង រហូតដល់ថ្នាក់រដ្ឋាភិបាលត្រូវចេញបម្រាមហាមដំឡើងថ្លៃលាមក។ ដោយមូលហេតុនេះ អ្នកដែលប្រមូលទិញលាមក ហើយលក់ជីក្នុងតម្លៃខ្ពស់កាន់តែតិចទៅៗ។
ប្រហែលជាជប៉ុនជាប្រទេសតែមួយគត់ដែលមានចម្រូងចម្រាសព្រោះតែរឿងទិញលាមក រហូតដល់ថ្នាក់រដ្ឋាភិបាលត្រូវចេញច្បាប់ទាក់ទងនឹងបញ្ហាដែលមើលទៅមិននឹកស្មាននេះ។
ថ្វីត្បិតតែ បញ្ហានេះលែងកើតឡើងនៅក្នុងប្រទេសជប៉ុន ប៉៉ុន្តែទម្លាប់រក្សាអនាម័យបង្គន់នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។ អារម្មណ៍ពិតជាល្អណាស់ នៅពេលដែលយើងចូលបន្ទប់ទឹកស្អាត និងមានក្លិនក្រអូប មែនទេ?
ដូច្នេះ ទោះយើងមិនអាចរកប្រាក់បានដូចនៅសម័យ Edo ក៏ដោយ។ សូមកុំភ្លេចសម្អាតបង្គន់ឲ្យបានទៀងទាត់។
Abe Kengo