អាថ៌កំបាំងនៃកម្លាំងដ៏ខ្លាំងរបស់អ្នកចំបាប់ Sumo ដែលអ្នកមិននឹកស្មាន
“លោកបងម៉ាប់អើយ បងមើលទៅសុខភាពមិនល្អទាល់តែសោះ”
នេះជាគំនិតធម្មតារបស់មនុស្សជាច្រើននៅពេលដែលឃើញអ្នកចំបាប់ Sumo ដែលមានរាងកាយធ្ងន់ធ្ងរ។
តាមពិតទៅ ពួកគេមានសុខភាពល្អខ្លាំងណាស់។ ដូច្នេះហើយ ថ្ងៃនេះខ្ញុំនឹងបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់អ្នកចំបាប់ Sumo ដល់អ្នករាល់គ្នា។
តើ Sumo ជាអ្វី?
Sumo គឺជាកីឡាជាតិនៃប្រទេសជប៉ុន ក្នុងការប្រកួត អ្នកចំចាប់ឬគេហៅថា “Rikishi” នឹងស្លៀកក្រណាត់ “Mawashi” ដែលចងនៅចង្កេះ និងជើងទាំងពីរ។ អ្នកចំបាប់ទាំងពីរខំប្រឹងរុញគូប្រកួតចេញពីសង្វៀន ឬបង្ខំគូប្រកួតឲ្យប៉ះដីដោយផ្នែកណាមួយលើរាងកាយ លើកលែងតែបាតជើង។
រាងកាយរបស់អ្នកចំបាប់ Sumo
អ្នកចំបាប់ Sumo ទាំងអស់មានមាឌធំ ប៉ុន្តែតាមពិតទៅបរិមាណខ្លាញ់ក្នុងរាងកាយរបស់ពួកគេទាបណាស់។
សម្រាប់បុរសធម្មតាម្នាក់ ភាគរយខ្លាញ់ក្នុងរាងកាយចាប់ពី ២៥% ឡើងទៅ ទើបគេចាត់ទុកថាធាត់។ ប៉ុន្តែបរិមាណខ្លាញ់ជាមធ្យមរបស់អ្នកចំបាប់ស៊ូម៉ូមានត្រឹមតែ ២០% ប៉ុណ្ណោះ ដូច្នេះមិនចាត់ទុកថាធាត់ឡើយ។
ដូច្នេះតើរាងកាយរបស់អ្នកចំបាប់ Sumo មានសាច់ដុំច្រើនដូចនេះឬ?
ជាការពិតណាស់ អ្នកចំបាប់ Sumo ជាបុគ្គលដែលមានសាច់ដុំច្រើនមិនចាញ់កំពូលអត្តពលិកឡើយ។ សាច់ដុំក្នុងរាងកាយរបស់អ្នកចំបាប់ Sumo គ្រប់ល្មមអាចលើកគូប្រកួតដែលមានទម្ងន់ជាង ១៥០ គីឡូក្រាម។
មូលហេតុដែលអ្នកចំបាប់ Sumo រើសយកមាឌធំ
ចំពោះក្បាច់គុនផ្សេងទៀត គេច្រើនតែផ្តោតទៅលើការវិវឌ្ឍន៍សាច់ដុំស្មា ទ្រូង និងពោះក្នុងទម្រង់ត្រីកោណបញ្ច្រាស។
យ៉ាងណាមិញ ចំពោះកីឡា Sumo បែរជាផ្តោតសំខាន់លើការអភិវឌ្ឍសាច់ដុំពោះ និងជើងទាំងពីរតាមទម្រង់ត្រីកោណសមបាត។ ទោះបីជាមិនអាចនិយាយបានថា នេះជារូបរាងដែលមនុស្សជាច្រើនប្រាថ្នា ប៉ុន្តែពិបាកយកឈ្នះណាស់ បើសិនជាមិនមានរាងកាយបែបនេះ។
ថ្វីត្បិតតែ ការអភិវឌ្ឍន៍សាច់ដុំតាមទម្រង់ត្រីកោណបញ្ច្រាស អាចជួយឲ្យអ្នកគេចផុតពីការវាយប្រហាររបស់គូប្រកួតបានយ៉ាងងាយ ប៉ុន្តែចំណុចខ្សោយគឺថាអ្នកអាចនឹងបាត់បង់លំនឹង។ ផ្ទុយនឹងទម្រង់ “ត្រីកោណសមបាត” មិនងាយផ្តួលអ្នកចំបាប់ Sumo នោះទេ។
ហេតុអ្វីបានជាទម្ងន់សំខាន់ខ្លាំងក្នុងការប្រកួតអ្នកចំបាប់ Sumo ?
ការប្រកួត Sumo មិនបែងចែកទម្ងន់ដូចក្នុងការប្រដាល់នោះទេ ដូច្នេះបើសិនជាអ្នកចំបាប់ Sumo មានទម្ងន់កាន់តែធ្ងន់ អាចនឹងមានប្រៀបក្នុងការប្រកួត។
របៀបប្រកួតក្នុងកីឡា Sumo គឺចូលជិតគូប្រកួត ដោយប្រើកម្លាំងទាំងអស់តាំងពីដើម។ ប្រសិនបើទម្ងន់របស់អ្នកស្រាលជាងគូប្រកួត ងាយនឹងត្រូវគេលើកបោះចេញពីរង្វង់ ហើយចាញ់យ៉ាងលឿន។
ដោយសារការប្រកួតមិនដូចជាកីឡាដទៃទៀត ដូច្នេះអ្នកចំបាប់ Sumo ត្រូវបានហ្វឹកហាត់ដោយរបបអាហារច្រើន និងលំហាត់សាច់ដុំយ៉ាងតឹងរឹង។
កម្លាំងកាយមិនធម្មតា
ជាទូទៅការប្រកួតអ្នកចំបាប់ Sumo តែងតែបញ្ចប់ក្នុងរយៈពេលមួយនាទី ដូច្នេះការចូលទៅជិតគឺសំខាន់បំផុត។ ព្រោះវាប្រៀបដូចជាកម្លាំងភ្លាមៗដែលអាចបង្កើតកម្លាំងដ៏ធំ។
អ្នកចំបាប់ដែលមានឈ្មោះថា Hakuho បានរត់សាប់ក្នុងចម្ងាយជិត ជាមួយនឹងល្បឿនជិតស្មើនឹង Usain Bolt ដែលជាអ្នករត់សាប់លេខមួយលើពិភពលោក។ ថ្វីត្បិតតែ មានមាឌធំ ប៉ុន្តែគេនិយាយថា គ្មានបុរសធម្មតាណាម្នាក់អាចយកឈ្នះគាត់ក្នុងវិញ្ញាសារត់សាប់ចម្ងាយជិតនោះទេ។ ក្រៅពីនេះ ក៏មានអ្នកចំបាប់ Sumo មួយចំនួនអាចលោតក្រឡាប់ក្បាលចុះ ឬដាំដូងផងដែរ។
មិនត្រឹមតែប៉ុណ្ណឹង កម្លាំងដៃរបស់អ្នកចំបាប់ Sumo ក៏ខ្លាំងណាស់ដែរ។ គេមិនអាចវាស់ស្ទង់កម្លាំងកណ្តាប់ដៃរបស់អ្នកចំបាប់ Sumo នោះទេ ព្រោះរង្វាស់ទម្ងន់ ១០០ គីឡូក្រាមទាំងដៃឆ្វេង និងស្តាំ។ កម្លាំងដៃនេះត្រូវគេចាត់ទុកថាខ្លាំងជាងបុរសពេញវ័យពីរដង និងខ្លាំងជាងមនុស្សស្រីដល់ទៅបួនដង។
ជាមួយនឹងកម្លាំងដៃប្រហែល ៧០ គីឡូក្រាម មនុស្សម្នាក់អាចកំទេចផ្លែប៉ោមមួយ។ ដូច្នេះជាមួយនឹងកម្លាំងដៃជាង ១០០ គីឡូក្រាម អ្នកចំបាប់ Sumo អាចនឹងធ្វើឲ្យនរណាម្នាក់បាក់ឆ្អឹង។
តើអ្នកនឹងធ្វើអ្វីបើសិនជាប្រឈមមុខនឹងអ្នកចំបាប់ Sumo ?
ដំបូន្មានដ៏ស្មោះរបស់ខ្ញុំគឺថា អ្នកគួរតែរត់ចេញឲ្យលឿនតាមដែលអាចធ្វើទៅបាន។ ព្រោះបើប្រកួត “មួយទល់នឹងមួយ” ជាមួយអ្នកចំបាប់ Sumo អ្នកប្រាកដជាទទួលលទ្ធផលគួរអាណិតជាមិនខាន។
ការប្រកួត Sumo ហាក់ដូចជាមិនផ្អែកលើយុទ្ធសាស្ត្រស៊ូទ្រាំនោះទេ ព្រោះលទ្ធផលត្រូវបានសម្រេចត្រឹមប៉ុន្មានវិនាទីដំបូងនៃការប្រកួត ដូច្នេះអ្នកចំបាប់ Sumo មិនហ្វឹកហាត់កម្លាំងកាយច្រើនពេកឡើយ។
ដូច្នេះ មធ្យោបាយដែលល្អបំផុតនៅពេលប្រឈមមុខនឹងពួកគេ គឺត្រូវរត់ឲ្យលឿនតាមដែលអាចធ្វើទៅបាន រហូតដល់ពួកគេអស់កម្លាំង។ ជាការពិតណាស់ អ្នកក៏គួរតែចាប់អារម្មណ៍លើសមត្ថភាពបង្កើនល្បឿនក្នុងចម្ងាយជិត ប្រសិនបើមិនចង់ឲ្យគេចាប់បាន។
ជាចុងក្រោយ ចូរយើងក្រឡេកមើលអ្នកចំបាប់ Sumo ដែលមានប្រជាប្រិយភាពគឺ Chiyonofuji ។
ចូរក្រឡេកមើលសាច់ដុំរបស់គាត់ គាត់ប្រហែលជាឈានដល់កម្រិត “សត្វចម្លែក” ទៅហើយ។ ព្រោះទម្ងន់ជាមធ្យមរបស់អ្នកចំបាប់ Sumo ប្រហែល ១៥០ គីឡូក្រាម ដូច្នេះគាត់មើលទៅតូចជាងអ្នកចំបាប់ផ្សេងទៀត ដោយទម្ងន់ត្រឹមតែ ១២០ គីឡូក្រាមប៉ុណ្ណោះ។
Chiyonofuji ធ្លាប់មានបញ្ហារាងកាយ ដោយស្មាឆ្វេងរបស់គាត់ងាយនឹងគ្រេច ដូច្នេះគាត់បានបង្កើតគំនិតថា៖ “បើសិនជាមានសាច់ដុំ ប្រហែលជាលែងគ្រេចសន្លាក់ទៀត” ។ គាត់បានចាប់ផ្តើមអាវ៉ង់ ៥០០ ដងក្នុងមួយថ្ងៃ ហើយបន្តកំណត់គោលដៅខ្ពស់សម្រាប់ខ្លួនឯង។
លទ្ធផលគាត់បានហ្វឹកហាត់រាងកាយដែលមានបរិមាណខ្លាញ់ត្រឹម ១០.៣% ស្មើនឹងកីឡាករបាល់ទាត់អាជីព ប៉ុន្តែមាឌធំជាងដល់ទៅពីរដង។ ជាអកុសល គាត់បានទទួលមរណៈភាពនៅអាយុ ៦១ ឆ្នាំ ប៉ុន្តែគាត់ស្ថិតក្នុងការចងចាំជានិច្ច ដូចជាបុគ្គលប្រវត្តិសាស្រ្តដែលតំណាងឲ្យពិភព Sumo របស់ជប៉ុន។
ការប្រកួត Sumo ពិតជាគួរឲ្យខ្លាចជាជាងការមើលឃើញ ព្រោះវាបង្កប់កម្លាំងដែលមិនមែនគ្រប់កីឡាទាំងអស់សុទ្ធតែមាននោះទេ។ ប្រសិនបើអ្នកមានឱកាសទៅប្រទេសជប៉ុន អ្នកប្រាកដជាចាប់អារម្មណ៍យ៉ាងខ្លាំងពេលទស្សនាការផ្សាយផ្ទាល់ការប្រកួត Sumo ។
Abe Kengo