តើអ្នកដឹងទេថា​ភាគ​ច្រើន​សាមូរ៉ៃ​ក្នុង​ខ្សែ​ភាព​យន្ត​​ប្រើ​​ដាវ​​ជប៉ុន​​មិន​ត្រឹម​​​ត្រូវ

តើអ្នកធ្លាប់មើលរឿងសាមូរ៉ៃដែរទេ? គួរឲ្យរន្ធត់ណាស់ដែលឮសំឡេងដាវប៉ះទង្គិចគ្នា ចលនាការពារខ្លួនដើម្បីគេច​ពី​ការ​វាយ​ប្រហារ បន្ទាប់​មក​កម្ចាត់សត្រូវទាំងអស់ក្នុងពេលតែមួយ។

យ៉ាងណាមិញ តើពិតជាងាយបែបនេះដែរទេ? ជាកំហុសដ៏ធ្ងន់ ប្រសិនបើអ្នកប្រើដាវជប៉ុនសម្រាប់ការពារខ្លួន។ ម្យ៉ាង​វិញ​ទៀត ក្នុង​នាម​ជា​សាមូរ៉ៃ​មួយរូប ជំនាញរបស់សាមូរ៉ៃរូបនោះប្រាកដជាត្រូវគ្រប់គ្នាវាយតម្លៃទន់ខ្សោយ។

ហេតុអ្វីបានជានិយាយដូច្នេះ? ខ្ញុំនឹងបង្ហាញអ្នកពីរបៀបប្រើដាវជប៉ុនដែលត្រឹម​ត្រូវ ប៉ុន្តែសូមកុំអនុវត្តតាម។

ភាពខុសគ្នារវាងដាវជប៉ុន និងដាវអឺរ៉ុប

ដាវជប៉ុនមានទម្ងន់ប្រហែល ១ ទៅ ១,៥ គីឡូក្រាម រីឯដាវអឺរ៉ុបមានទម្ងន់ពី ១,៥ ទៅ ៥ គីឡូក្រាម ហើយត្រូវកាន់ដោយ​ដៃ​ពីរ។ ហេតុ​អ្វីបានជាទម្ងន់របស់វាខុសគ្នាយ៉ាងនេះ? ជាការពិតណាស់ វាទាក់ទងនឹងរូបរាងដាវ ប៉ុន្តែមូលហេតុ​សំខាន់​ស្ថិត​លើ​របៀប​ប្រើ​ដាវ​នីមួយៗ។

គោលបំណងនៃការរចនាដាវអឺរ៉ុបគឺដើម្បីចាក់ទម្លុះអាវពាសដែករបស់សត្រូវ ដូច្នេះគេផ្តោតសំខាន់លើទម្ងន់ជា​ជាង​ភាព​មុត​ស្រួច​របស់​ដាវ​។

ចំណែកគោលបំណងនៃការរចនាដាវជប៉ុនគឺដើម្បីកាត់ ដូច្នេះភាពមុតស្រួច និងល្បឿននៃការប្រើដាវត្រូវចាត់ទុក​ជា​អាទិភាព។ ដូច្នេះ​​ហើយ យើង​អាច​ឃើញ​ថា ការ​ប្រើប្រាស់ដាវ​ជប៉ុន និង​ដាវ​អឺរ៉ុបគឺ​ខុស​គ្នា​ទាំង​ស្រុង។

ហេតុអ្វីបានជាដាវជប៉ុនរចនាឡើងកោង?

មិនមែនដោយសារតែប្រជាជនជប៉ុនមិនមានបច្ចេកវិទ្យាក្នុងការផលិតដាវត្រង់នោះទេ ប៉ុន្តែដោយសារមូលហេតុ​ពីរគឺ៖ ទីមួយ ការរចនានេះធ្វើឲ្យមានភាពងាយស្រួលពេលដកដាវ។ មូលហេតុ​មួយផ្សេងទៀត គឺដើម្បីកាត់បានយ៉ាង​ងាយ​ និង​ត្រឹម​ត្រូវ។ ការរចនាដាវកោងអាចជួយឲ្យអ្នកកាត់បញ្ឆិត​ចំ​គោល​ដៅ។

ដូចជាពេលដែលយើងកាត់បន្លែ ឬសាច់ដោយកាំបិត ជាជាងការកាត់ត្រង់ចុះ បើសិនជាយើងកាត់បញ្ឆិតបន្តិចស្រួល​ជាង។ ដោយសារកាំបិតផ្ទះបាយជាធម្មតាខ្លី ហើយវត្ថុដែលកាត់មិនធ្វើចលនា ដូច្នេះប្រហែលជាពិបាកដឹងពីប្រសិទ្ធភាព​នៃ​ការ​រចនា​នេះដោយកាន់ដាវជប៉ុនពិត។

ទប់ការវាយប្រហាររបស់សត្រូវដោយដាវជាកំហុសដ៏ធំមួយ

ឈុតឆាកខ្លះពេលប្រយុទ្ធ តួអង្គតែងតែប្រើដាវជប៉ុនដើម្បីទប់ការវាយប្រហាររបស់សត្រូវ។ អ្នកប្រហែលជាគិតថា សាមូរ៉ៃពិតជា “ឡូយ” ណាស់ ដែលប្រើដាវជំនួសឲ្យខែល ប៉ុន្តែបើសិនជាគិតដូច្នេះគឺខុសហើយ។ ព្រោះដាវជប៉ុនត្រូវបានធ្វើឡើងស្តើង ដាវអាចនឹងខូចទ្រង់ទ្រាយដោយការវាយប្រហារជាបន្តបន្ទាប់របស់សត្រូវ។ ដូច្នេះ តើអ្នកអាចកាត់ដាច់វត្ថុអ្វីមួយដោយប្រើដាវដែល​ខូច​ទ្រង់ទ្រាយ​បែប​នេះដែរទេ? នោះជារឿងដែលមិនអាចទៅរួច។

ដូច្នេះហើយ របៀបប្រើដាវជប៉ុនដែលត្រឹមត្រូវគឺគេចពីការវាយប្រហាររបស់សត្រូវកាន់តែច្រើនកាន់តែល្អ មិនមែនដូចជាការប្រយុទ្ធតតាំងក្នុងខ្សែភាពយន្តនោះទេ។

របៀបការពារដែលល្អបំផុតគឺវាយប្រហារ

ថ្វីត្បិតតែ យើងគួរតែគេចពីការវាយប្រហាររបស់សត្រូវ ប៉ុន្តែវិធីសាស្រ្តដែលល្អបំផុតកុំ​បណ្តោយឲ្យសត្រូវមានឱកាស​វាយប្រហារ​អ្នក​។ ព្រោះ​បើ​អ្នក​ណាវាយប្រហារមុន បុគ្គលរូបនោះអាចនឹងមានប្រៀប។ ក្នុងក្បាច់ដាវជប៉ុនមានជំនាញមួយគេហៅថា “iai” ។ ចូរយើងក្រឡេកមើលជំនាញរបស់គ្រូដាវ Kuroda Tetsuzan ។

របៀបប្រើដាវរបស់លោក Kuroda លឿនរហូតដល់ថ្នាក់អ្នកមើលមិនទាន់ពេលដែលលោកដកដាវចេញ។ នេះទើបជា​របៀប​ដែល​ប្រើ​ដាវ​ជប៉ុន​ពេល​ប្រយុទ្ធជាមួយសត្រូវ។

ជាក់ស្តែង ដាវជប៉ុនគេមិនប្រើច្រើនក្នុងការប្រយុទ្ធនោះទេ

ខ្ញុំពិតជាសោកស្តាយណាស់ដែលត្រូវនិយាយថា ជាធម្មតាសាមូរ៉ៃមិនប្រយុទ្ធដោយប្រើដាវជប៉ុនឡើយ។ ព្រោះក្នុងសង្គ្រាមអាវុធដែលសំខាន់គឺធ្នូ និងព្រួញ ងាយស្រួលកម្ចាត់សត្រូវនៅចម្ងាយជាង ២០០ ម៉ែត្រ ជាអ្វីដែលដាវជប៉ុនមិនអាចធ្វើបាន។

ឈុតឆាកចេញប្រយុទ្ធនៅសមរភូមិ កាប់សម្លាប់សត្រូវដោយដាវ តាមពិតគ្រាន់តែជាការស្រមើស្រមៃក្នុងខ្សែភាព​យន្ត​​ប្រវត្តិ​សាស្ត្រ​ប៉ុណ្ណោះ។ ដូច្នេះហើយ ដាវជប៉ុនច្រើន​តែ​ប្រើក្នុងការប្រយុទ្ធ “មួយទល់មួយ” ប៉ុណ្ណោះ។

ចំណុចចុងក្រោយគឺថា បន្ទាប់ពីវាយប្រហារសត្រូវ អ្នកតែងតែឃើញតួអង្គទម្លាក់ដាវចុះ រួចដាក់ចូលស្រោម។ យ៉ាង​ណា​មិញ បើ​សិន​ជា​មានឈាមបន្សល់ទុកលើដាវអាចនឹងច្រេះ។ ទោះបីជាអ្នករលាស់ដាវ ក៏មិន​អាច​សម្អាត​ស្នាម​ឈាម​ទាំង​​​អស់​​នៅ​​លើ​ដាវ​បានឡើយ។ ដូច្នេះហើយ ក្រោយពេលប្រយុទ្ធដាវជប៉ុនត្រូវ​ជូត​សម្អាត​ដោយ​ក្រណាត់មុននឹងដាក់​ចូល​ស្រោម។

បើសិនជាត្រឡប់ទៅសម័យកាលនោះ ជា​មួយ​នឹង​ចំណេះ​ដឹង​ទាំង​នេះ ប្រហែល​​ជា​អ្នក​អាច​ក្លាយ​ជា​សាមូរ៉ៃ​​ដ៏​​អស្ចារ្យមួយ​រូប។ 

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: