តើសាមូរ៉ៃមានសិទ្ធិសម្លាប់មនុស្សតាមតែអំពើចិត្តដែរទេ?

ក្នុងខ្សែភាពយន្ត នៅពេលខ្លះមានឈុតឆាកសាមូរ៉ៃប្រើដាវកាប់ប្រជាជនក្នុងទីប្រជុំជន។ ដូច្នេះ តើសាមូរ៉ៃតែង​តែ​យក​ដាវ​តាម​ខ្លួន ហើយអាចកាប់មនុស្សដោយសេរីគ្រប់ពេលមែនទេ?

តាមពិតទៅធ្លាប់មានបទប្បញ្ញត្តិពិសេសដោយឡែកសម្រាប់សាមូរ៉ៃ ដែលគេហៅថា Kirisutegomen ។ នេះជា​បទ​ប្បញ្ញត្តិ​ដ៏​គួរ​ឲ្យ​ខ្លាចដោយ​ចែង​សាមូរ៉ៃ​​អាច​​វាយ​​ប្រហារ​​នរណា​​ម្នាក់។ ឧទាហរណ៍ក្នុងស្ថានភាពខាងក្រោមនេះ សាមូរ៉ៃមាន​​សិទ្ធិ​វាយ​ប្រហារ​អ្នក​យ៉ាង​ត្រឹម​ត្រូវ។

ឧបមាថាអ្នកជាមនុស្សម្នាក់ស្ថិតក្នុងវណ្ណៈកសិករ នៅពេលដែលមានសាមូរ៉ៃដើរឆ្លងកាត់ អ្នកនិយាយអាក្រក់ពីគាត់​​ជា​មួយ​នឹង​មនុស្សនៅក្បែរខ្លួនថា៖

“សាមូរ៉ៃរូបនោះអាក្រក់ណាស់ មើល​ទៅ​មិន​ដូច​មនុស្ស​ទាល់តែសោះ” ។

ថ្វីត្បិតតែ អ្នកនិយាយខ្សឹបៗ ប៉ុន្តែបើសិនជាគាត់ស្តាប់បាន អ្នកអាចនឹងត្រូវគាត់កាប់សម្លាប់ដោយមិនទទួលបានការការពារពីច្បាប់ឡើយ។ ព្រោះ​តែ​មាន​បទប្បញ្ញត្តិចំនួន ៥ សម្រាប់ករណីដែលសាមូរ៉ៃត្រូវបានអនុញ្ញាតឲ្យសម្លាប់​​​មនុស្ស។

១. ត្រូវប្រមាថ
ទោះបីជាអ្នកមិនបានវាយប្រហារសាមូរ៉ៃក៏ដោយ ពួកគេនៅតែអាចវាយប្រហារអ្នក ប្រសិនបើអ្នកប្រមាថពួកគេ។

២. អាចវាយប្រហារក្រោយពេលរងការប្រមាថ
សាមូរ៉ៃមិនអាចចងកំហឹង ហើយក្រោយមកទើបរកអ្នកសងសឹកនោះទេ។

៣. ត្រូវសម្លាប់ភាគីដោយកាប់មួយដាវ
នៅពេលដែលអ្នកមិនមានអាវុធ សាមូរ៉ៃត្រូវបញ្ចប់ជីវិតរបស់អ្នកត្រឹម​មួយដាវ។ ប្រសិនបើលើកដាវច្រើនដង សាមូរ៉ៃ​​នឹង​​ត្រូវ​​ចោទ​​ប្រកាន់​​ពី​​បទ​​មនុស្ស​​ឃាត។

៤. ត្រឹមតែអាចប្រើដាវ wakizashi ប៉ុណ្ណោះ
អាវុធសំខាន់របស់សាមូរ៉ៃគឺដាវជប៉ុនវែង ប៉ុន្តែពួកគេត្រូវហាមមិនឲ្យប្រើសម្រាប់ដោះស្រាយ​ជម្លោះ​ផ្ទាល់​ខ្លួន​ឡើយ។ ផ្ទុយ​​ទៅ​​វិញ ពួក​គេ​​អាច​​ប្រើ​​តែ​​ដាវ​​ខ្លី​​​ដែល​ហៅ​​ថា Wakizashi ប៉ុណ្ណោះ។

៥. ត្រូវមានអ្នកធ្វើសាក្សី
បើប្រជាជនក្នុងក្រុងត្រូវសម្លាប់ដោយសារតែ​ឈ្លោះ​ប្រកែក​គ្នា ប្រាកដ​ជា​មាន​ការ​មិន​ពេញ​ចិត្ត​។ ដូច្នេះ​ហើយ ត្រូវ​​មានអ្នក​មើល​ឃើញដើម្បី​រាយការណ៍ប្រាប់អាជ្ញាធរ។

នៅពេលនោះ ដាវរបស់សាមូរ៉ៃត្រូវរឹបអូសជាបណ្ដោះអាសន្ន និងត្រូវប្រគល់វិញ ប្រសិនបើអាចកំណត់ថា នោះជាមូល​ហេតុ​​ត្រឹម​​ត្រូវ។ ចំណែកឯសាមូរ៉ៃត្រូវ​ឃុំ​ខ្លួន​រហូត​ដល់​ការ​ស៊ើបអង្កេត​មាន​លទ្ធផល។

ថ្វីត្បិតតែ សាមូរ៉ៃមិនអាចកាប់មនុស្សតាមអំពើចិត្តក៏ដោយ ប៉ុន្តែពួកគេអាចសម្លាប់មនុស្សដោយយោងទៅតាម​បទ​ប្បញ្ញត្តិតឹងរឹងសម្រាប់សាមូរ៉ៃ។ បើ​មើល​លើ​ទស្សនៈ​​របស់​អ្នក​ស្លាប់ និង​ក្រុម​គ្រួសារ បទប្បញ្ញត្តិមួយនេះពិត​ជា​បង្ក​​​ការ​​​មិន​​ពេញ​​ចិត្ត​​សម្រាប់​ប្រជាជន​ធម្មតា។

ដូច្នេះបើសិនជាអ្នកឆ្លងទៅសម័យសាមូរ៉ៃ អ្នកកុំសួរសំណួរដូចជា “ហេតុ​អ្វី​ម៉ូដ​សក់​នឹងមើល​ទៅ​គួរ​ឲ្យអស់​សំណើច​​ម្ល៉េះ?” ប្រាកដ​​ជា​​ជួប​​បញ្ហា​​ធំ​​ជា​​មិន​​ខាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: