ករណីសម្លាប់រង្គាល​អំឡុង​ពេល​កើត​មាន​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​ខ្លាំង​នៅ​ជប៉ុន​កាល​ពី ១០០ ឆ្នាំ​មុន

នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩២៣ បានកើតមានរញ្ជួយដីខ្លាំងនៅ Kanto ជាយក្រុងតូក្យូ។ ថ្វីត្បិតតែ ចំនួនអ្នកស្លាប់​ភាគ​ច្រើនដោយសារភ្លើងឆេះ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា មូលហេតុ​ដែលបណ្តាលឲ្យកើតមានសោកនាដកម្មនាពេលនោះដោយសារការរើសអើងជាតិសាសន៍ដែរទេ? ចំណុចនេះត្រូវបាន​ពិភព​លោក​ចាត់​ទុក​​ជា​​ទង្វើ​​អាក្រក់​​របស់ជប៉ុន​​នៅ​​ពេល​​នោះ។

ប្រៀបធៀបការខូចខាត

ចូរយើងប្រៀបធៀបគ្រោះមហន្តរាយនេះជាមួយនឹងរញ្ជួយដីខ្លាំងដូចជា Tohoku ក្នុងឆ្នាំ ២០១១ និង Hanshin-Awaji ឆ្នាំ ១៩៩៥ ។ 

ចំនួនអ្នកស្លាប់ក្នុងរញ្ជួយដី

Kanto ៖ ចំនួន ១០៥.០០០ នាក់ (៩០% ស្លាប់ដោយសារភ្លើងឆេះ)

Hanshin-Awaji ៖ ចំនួន ៥.៥០០ នាក់ (៧០% ត្រូវសង្កត់ថប់ដង្ហើមរហូតដល់ស្លាប់)

Tohoku ៖ ៣.៨០០ នាក់ (៩០% ស្លាប់ដោយសារលង់ទឹក)

ថ្វីត្បិតតែ ករណីទាំង ៣ ខាងលើសុទ្ធតែជារញ្ជួយដីខ្លាំង ប៉ុន្តែមូលហេតុ​ដែលបណ្តាលឲ្យមនុស្សស្លាប់ក្នុង​ព្រឹត្តិ​ការណ៍​​​ខាង​​​លើ​​បែរ​​ជា​​ខុស​​គ្នា​​ទាំង​​ស្រុង។

អំឡុងពេលកើតមានរញ្ជួយដី Kanto ភ្លើង​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង និងខ្យល់គួចបានពន្លិចតំបន់តូក្យូក្រោម​អណ្តាត​ភ្លើង។ ចំពោះរញ្ជួយដី Hanshin-Awaji អគារភាគច្រើនបានដួលរលំ ចំណែកឯរញ្ជួយដី Tohoku រួមទាំង​រលក​​យក្ស​​ស៊ូណាមិ​​បោក​បក់​គ្រប់​យ៉ាង។

ការខូចខាតសេដ្ឋកិច្ចត្រូវបានគណនាតាម GDP នៅពេលនោះ

Kanto ៖ ៣៧%

Hanshin-Awaji ៖ ២%

Tohoku ៖ ៣%

ដូច្នេះ យើង​អាច​មើល​ឃើញ​ថា កម្លាំងបំផ្លាញនៃរញ្ជួយ​ដី Kanto ពិតជាគួរឲ្យខ្លាចខ្លាំងណាស់។

ទង្វើដ៏អាក្រក់របស់ក្រុមជ្រុលនិយមជប៉ុន

ខណៈដែលគ្រប់គ្នាកំពុង​ភ័យ​ស្លន់​ស្លោ​នោះ បែរជាមានដំណឹងផ្សព្វផ្សាយក្នុងទីប្រជុំជនថា៖ 

“ជនជាតិកូរ៉េបានបំពុលអណ្តូងទឹក”

“ជនជាតិកូរ៉េកំពុងដុតភ្លើង”

ពាក្យចចាមអារ៉ាមទាំងនេះបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សដោយមិនមានភស្តុតាងមកបញ្ជាក់ការពិតផងនោះ ដែលបណ្តាលឲ្យកើតមានការសម្លាប់រង្គាលជនជាតិកូរ៉េ។ មនុស្ស​ជា​ច្រើន​បាន​ឃើញជនជាតិ​កូរ៉េ​ត្រូវ​ប្រជាជន​ជប៉ុន​​វាយ​​​យ៉ាង​​​ព្រៃ​​ផ្សៃ​​​ដោយ​​​ដំបង។

សូម្បីតែប៉ូលីស និងយោធាក៏ហាក់ដូចជាជឿលើពាក្យចចាមអារ៉ាមទាំងនេះ ហើយគាំទ្រប្រជាជនរបស់ខ្លួន ដូច្នេះគ្មាន​នរណា​ម្នាក់​ចេញ​មុខជួយជនស្លូតត្រង់ទាំងនោះឡើយ។

ថ្វីត្បិតតែ កន្លងផុតរយៈពេល ១០០ ឆ្នាំមកហើយ ប៉ុន្តែមិនមានកំណត់ត្រាណាមួយនិយាយពីការសម្លាប់រង្គាលនេះទេ ហើយមនុស្សជាច្រើនជឿថា រដ្ឋាភិបាលបានព្យាយាមបិទបាំង។

ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងទទួលរងការឈឺចាប់ និងបាត់បង់ដោយ​សារ​តែ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​ធ្ងន់​ធ្ងរ​​នៅ Kanto បែរជាមានក្រុមជ្រុលនិយមជប៉ុនបានឆ្លៀតឱកាសនេះ ដើម្បី​បង្ក​សោកនាដកម្ម​ដល់​ពល​​រដ្ឋ​កូរ៉េ។ ខ្ញុំ​​គិត​​ថា យើង​​គួរ​តែ​បញ្ជាក់​​ពី​​ការ​​ពិត ដើម្បីជៀសវាងកំហុស​ដដែលៗ​នា​ថ្ងៃ​អនាគត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: