តើយើងអាចប្រើដាវជប៉ុនដោយដៃម្ខាងដើម្បីកម្ចាត់សត្រូវបានទេ?
ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ឃើញឈុតឆាកតួអង្គក្នុងរឿងដកដាវជប៉ុនដោយដៃម្ខាង ឬដៃមួយកាន់ដាវមួយ។ ប៉ុន្តែជាក់ស្តែង តើយើងអាចកាន់ដាវជប៉ុនបានយ៉ាងងាយស្រួលបែបនេះដែរទេ?
ដាវជប៉ុនមានទម្ងន់ធ្ងន់
មិនដូចជាដាវនៅបណ្តាប្រទេសផ្សេងទៀតទេ លក្ខណៈនៃដាវជប៉ុនគឺស្តើង និងមានភាពល្អិតល្អន់បំផុត។ ទោះជាយ៉ាងនេះក្តី ដាវមានទម្ងន់ពី ១ ទៅ ១,៥ គីឡូក្រាម ប្រសិនបើមនុស្សម្នាក់មានកម្លាំងកាយល្អ ពិតណាស់គេអាចដកដាវដោយដៃម្ខាង ប៉ុន្តែបើធ្វើដូច្នេះពិបាកបង្ករបួសលើភាគីណាស់។
របៀបវាយលុករហ័ស
មានក្បាច់មួយគឺលើកដាវប្រហារដោយដៃម្ខាងបន្ទាប់ពីដកដាវចេញភ្លាមៗ ដោយគេចាត់ទុកជាការវាយប្រហារដែលលឿនបំផុត ព្រោះវាអាចធ្វើឲ្យគូប្រកួតរងរបួសអំឡុងពេលដកដាវ។ ថ្វីត្បិតតែការវាយប្រហារនេះមានគ្រោះថ្នាក់ ប៉ុន្តែវាមិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតគូប្រកួតឡើយ។ ដូច្នេះគោលបំណងនៃការវាយប្រហារដោយដៃម្ខាងបែបនេះ គ្រាន់តែធ្វើឲ្យគូប្រកួតភ្ញាក់ផ្អើលប៉ុណ្ណោះ។
វិធីកម្ចាត់សត្រូវដោយដាវជប៉ុន
ក្នុងរឿងតែងតែមានឈុតឆាកទាហានសត្រូវត្រូវកាត់ដាច់ក្បាល ឬដៃ ប៉ុន្តែតាមពិតទៅ ក និងដៃមនុស្សមិនទន់ដូចនេះទេ ព្រោះនៅមានឆ្អឹង ដូច្នេះបើប្រើតែដៃម្ខាងមិនអាចទៅរួចឡើយ។ ដូច្នេះហើយ ទើបសាមូរ៉ៃកាលពីសម័យមុនតែងតែប្រើការវាយប្រហារដោយដៃម្ខាងភ្លាមៗ បន្ទាប់មកប្រើដៃទាំងពីរដើម្បីកម្ចាត់សត្រូវ។
ការប្រើប្រាស់ដាវដោយដៃទាំងពីរ
មានសាមូរ៉ៃម្នាក់ឈ្មោះ Miyamoto Musashi លោកត្រូវគេចាត់ទុកជាសាមូរ៉ៃដែលខ្លាំងបំផុត និងមានកម្ពស់រហូតដល់ ១៨០ សង់ទីម៉ែត្រ។ ខណៈដែលសម័យនេះ កម្ពស់ជាមធ្យមរបស់បុរសជប៉ុនត្រឹម ១៥៥ សង់ទីម៉ែត្រប៉ុណ្ណោះ ដូច្នេះគាត់មើលទៅមាឌធំខ្ពស់។ ដោយសារមូលហេតុនេះ ទើបលោក Miyamoto មានកម្លាំងដែលមិនអាចប្រៀបផ្ទឹមបាន ដូច្នេះការដែលប្រើដាវពីរក្នុងពេលតែមួយ គ្នានអ្វីពិបាកសម្រាប់គាត់ឡើយ។
ក្នុងគន្លឹះដាវរបស់ខ្លួន លោកតែងតែលើកទឹកចិត្តគ្រប់គ្នាប្រើក្បាច់ដាវពីរ។ ប៉ុន្តែចំណុចនេះហាក់ដូចជាពិបាកសម្រាប់មនុស្សគ្រប់គ្នា ចំណែកឯកំណត់ត្រាផ្សេងទៀត ច្រើនតែនិយាយពីអ្នកប្រើដាវតែមួយ។
ព្រោះជាក់ស្តែង ការប្រើប្រាស់ដាវដោយដៃទាំងពីរមិនសមនឹងការប្រយុទ្ធឡើយ។ មានឃ្លាមួយក្នុងពាក្យប្រដៅរបស់លោក Miyamoto Musashi និយាយថា៖
“ការដែលប្រើដាវពីរ ជារបៀបហ្វឹកហាត់ជំនាញក្នុងការប្រើប្រាស់ដាវដោយដៃទាំងពីរ” ។
ដូច្នេះពេលមានអាសន្ន យើងអាចប្រើដាវបានមិនថាដៃស្តាំ ឬដៃឆ្វេងឡើយ។ ហើយនៅពេលដែលដៃម្ខាងរងរបួស យើងនៅតែអាចសង្គ្រោះជីវិតរបស់ខ្លួន។
អត្តន័យដែលសាមូរ៉ៃតែងតែយកដាវពីរតាមខ្លួន
សាមូរ៉ៃតែងតែបំពាក់ដាវពីរត្រង់ចង្កេះ ទោះបីជាពួកគេប្រើដាវតែមួយ។ រួមមានដាវវែង katana និងដាវខ្លីហៅថា wakizashi ដោយគោលបំណងសម្រាប់ការពារនៅពេលដែលដាវ katana ខូច នៅតែមានដាវខ្លីសម្រាប់ការពារខ្លួន។
ដូច្នេះ ប្រហែលជាមនុស្សជាច្រើនតែងតែគិតថា សាមូរ៉ៃមើលទៅពិតជាឡូយណាស់ ព្រោះពេលណាក៏អាចប្រើដាវជប៉ុនពីរ ប៉ុន្តែជាក់ស្តែង ប្រហែលជាមានតែអ្នកដែលមានកម្លាំងខ្លាំងដូច Miyamoto ទើបអាចធ្វើបាន។
Abe Kengo