រាត្រីអវសានបានឆក់យកជីវិតរបស់ប្រជាជនជប៉ុនយ៉ាងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ
ប្រហែលជាយើងដឹងហើយថា ប្រជាជនជប៉ុនបាត់បង់ជីវិតអំឡុងពេលសង្គ្រាមលោកលើកទី ២ មានចំនួនច្រើន។ ដូច្នេះតើអ្នកដឹងទេថាព្រឹត្តិការណ៍អ្វីដែលបានសម្លាប់ប្រជាជនជប៉ុនច្រើនបំផុតត្រឹមរយៈពេលមួយថ្ងៃដែរទេ?
ភាគច្រើនអ្នកទាំងអស់គ្នាគិតថា មកពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុង Hiroshima និង Nagasaki ដែលបណ្តាលឲ្យមនុស្សជាង ៥០ ម៉ឺននាក់បាត់បង់ជីវិត។ យ៉ាងណាមិញ នេះមិនមែនជាចំនួនអ្នកដែលបានស្លាប់នៅពេលដែលទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនោះទេ ប៉ុន្តែចំនួននេះរួមទាំងអ្នកដែលបានស្លាប់ជាច្រើនថ្ងៃក្រោយមក។
ព្រឹត្តិការណ៍ដែលខ្ញុំចង់និយាយកើតឡើងនៅទីក្រុង Tokyo ។ អាមេរិកបានប្រើប្រភេទអាវុធដែលគេហៅថាគ្រាប់បែក napalm ដែលជាសារធាតុដូចជាចាហួយផលិតឡើងពីប្រេងសាំង នៅពេលដែលធ្លាក់ចុះដី ប្រភេទគ្រាប់បែក napalm នេះនឹងរីករាលដាលលើផ្ទៃដី ហើយឆាបឆេះយ៉ាងខ្លាំង។
នៅយប់នោះ ខ្យល់បក់ខ្លាំងនាំយកសមុទ្រភ្លើងដុតបំផ្លាញទីក្រុង Tokyo ទាំងមូល។ គ្រាប់បែក napalm រអិលខ្លាំង ដូច្នេះពិបាកពន្លត់ភ្លើងណាស់ មិនថាមានទឹកក៏ដោយ។ ប្រជាជនជប៉ុនបានលោតចូលទឹកទន្លេដើម្បីគេចពីភ្លើង ប៉ុន្តែគ្រាន់តែជាភាពអស់សង្ឃឹមប៉ុណ្ណោះ។
ដោយសារតែប្រជាជនមិនដឹងពីស្ថានភាព ដូច្នេះបានប្រញាប់ប្រញាល់លោតចូលទន្លេ។ លទ្ធផលមនុស្សជាច្រើនត្រូវជាន់ថប់ដង្ហើមរហូតដល់ស្លាប់ពេលកំពុងរត់ចេញទៅទន្លេ ចំណែកអ្នកផ្សេងទៀតនៅក្នុងទីក្រុងត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងមិនអាចពន្លត់បាន។
ជីដូនរបស់ខ្ញុំដែលនៅទីក្រុង Tokyo បាននិយាយថា នៅពេលដែលយាយចេញទៅទន្លេទាំងព្រឹកនាថ្ងៃបន្ទាប់ គាត់បានឃើញទិដ្ឋភាពដ៏រន្ធត់មួយ សាកសពមនុស្សយ៉ាងច្រើន និងមិនមើលឃើញផ្ទៃទឹកឡើយ។
នៅប្រទេសជប៉ុនផ្ទះភាគច្រើនធ្វើពីឈើ ដូច្នេះចំណុចខ្សោយស្ថិតនៅលើភ្លើង។ មនុស្សជាង ១០ ម៉ឺននាក់បាត់បង់ជីវិតត្រឹមរយៈពេលមួយថ្ងៃ ដោយការវាយប្រហារតាមអាកាសលើទីក្រុងតូក្យូ។
នេះជារូបភាពដែលថតនៅទីក្រុងតូក្យូក្រោយការវាយប្រហារនោះ។ អ្នកអាចមើលឃើញថា ត្រឹមរយៈពេលមួយយប់ទីក្រុងទាំងមូលស្ទើរតែត្រូវបំផ្លាញ។ សមុទ្រភ្លើងបានលេបត្របាក់ទីក្រុងតូក្យូ ដែលបណ្តាលឲ្យមានជម្ងឺផ្សិតខ្មៅ ហើយធ្វើឲ្យផ្ទៃមេឃនៃទីក្រុងតូក្យូខ្មៅងងឹតដូចជាថ្ងៃអវសាន។
តាមពិតទៅ នៅទីក្រុងតូក្យូមានតែរោងចក្រតូចមួយផលិតអាវុធសម្រាប់យោធាជប៉ុនប៉ុណ្ណោះ។ យ៉ាងណាមិញ ការវាយប្រហារនេះផ្តោតសំខាន់លើតំបន់លំនៅដ្ឋាន ហើយមិនខុសពីអំពើប្រល័យពូជសាសន៍ដែលពិភពលោកហាមឃាត់នោះទេ។
អាមេរិកតែងតែនិយាយថា “យើងត្រូវបញ្ចប់សង្គ្រាមឆាប់ៗ” ប៉ុន្តែជាក់ស្តែងដូចនេះដែរទេ? នៅពេលនោះ យន្តហោះយោធាអាមេរិកបានហោះដោយសេរីលើផ្ទៃមេឃជប៉ុន ដូច្នេះបរាជ័យរបស់ជប៉ុនគឺមិនយូរទេ។ តើចាំបាច់ទេដែលត្រូវសម្លាប់ប្រជាជនដើម្បីបញ្ចប់សង្គ្រាម?
សូម្បីតែសព្វថ្ងៃនេះ នៅពេលដែលពិភពលោកកំពុងតែបន្តសង្គ្រាម បើទោះបីជាមានសន្ធិសញ្ញាមនុស្សធម៌ក៏ដោយ ក៏ស្ថានភាពជាក់ស្តែងមិនខុសគ្នាប៉ុន្មានឡើយ។ ដូច្នេះហើយ ចូរយើងឲ្យតម្លៃជីវិតមនុស្សម្នាក់ៗ ដើម្បីរួមចំណែកកសាងពិភពលោកដែលគ្មានសង្គ្រាម និងការឈឺចាប់។
Abe Kengo