អ្នកដឹងទេថា របៀបអង្គុយ​ដែល​ត្រឹម​​ត្រូវ​​របស់​​​ជប៉ុន​​មិន​​មែន Seiza នោះ​ទេ

Seiza ដែលគេហៅថាទម្រង់អង្គុយ “ពត់ជើង” ដោយយើងពត់ជើងទាំងពីរ ហើយអង្គុយដូចជាកំពុងលុតជង្គង់។ នេះជារបៀបអង្គុយថ្លៃថ្នូរ​ក្នុង​​ក្បាច់​គុន អក្សរ​ផ្ចង់ ឬពិធីតែ។ យ៉ាងណាមិញ តើ​អ្នក​ដឹង​ទេ​ថា Seiza មិនធ្លាប់ត្រូវ​បាន​ទទួល​ស្គាល់​ជា​របៀបអង្គុយដែលត្រឹម​ត្រូវ និងគួរសម​នោះ​ទេ។

ប្រវត្តិ​នៃ​របៀប​អង្គុយ Seiza

ខ្ញុំធ្លាប់គិតពីរបៀបអង្គុយរបស់សាមូរ៉ៃជាមួយនឹង Seiza ប៉ុន្តែតាមពិតទៅ អត្តន័យពាក្យសម្តីក៏ដូចជាទស្សនៈនៃរបៀប​អង្គុយ​នេះត្រូវបានបង្កើតឡើង​ក្រោយ​សម័យ Meiji ដែលជាយុគសម័យសាមូរ៉ៃបានបញ្ចប់។

មុននោះ “Seiza” ជា​ពាក្យ​ដែល​គេ​ប្រើ​សម្រាប់ពណ៌នាពីការ “គោរព” និង “លុត​ជង្គង់” ។ លើកលែងតែករណីចាំ​បាច់ ជា​ទូទៅ​គ្រប់​គ្នា​មិនសូវអង្គុយបែបនេះទេ។

នៅពេលដែល Seiza ប្រើក្នុងន័យគោរព

អាច​និយាយ​បាន​ថា កាលពីសម័យមុន Seiza ត្រូវបានកំណត់ប្រើនៅពេលគោរពបូជា និងថ្វាយបង្គំបុព្វបុរសក្នុង​ទីសក្ការ​បូជា Shinto ឬវត្តប្រាសាទ​ពុទ្ធសាសនា​។ ដូច្នេះហើយ វាមិនមែនជារបៀបអង្គុយគួរសមប្រចាំថ្ងៃនោះទេ ប៉ុន្តែ​ជារបៀបអង្គុយដែលបង្ហាញការគោរពសម្រាប់អ្នកនៅចំពោះមុខ។ ដូច្នេះហើយ អ្នកខ្លះនិយាយថា សាមូរ៉ៃ និង​ស្រ្តី​ជប៉ុន​កាល​ពី​សម័យ​មុនអាចអង្គុយខ្វែងជើង ឬអង្គុយច្រត់ដៃលើជង្គង់។

នៅពេលដែល Seiza ប្រើក្នុងន័យគួរសម

ថ្វីត្បិតតែនិយាយថា ទស្សនៈគំនិតនៃ Seiza  សព្វថ្ងៃត្រូវបានបង្កើតឡើងក្រោយសម័យសាមូរ៉ៃ ប៉ុន្តែក្នុងយុគសម័យ​​ចុង​​ក្រោយ​របស់​សាមូរ៉ៃ​នៅ​សម័យ Edo ហាក់ដូចជាមានកន្លែងមួយចំនួនកំណត់ Seiza ជារបៀបអង្គុយផ្លូវការ គឺ​នៅពេលដែលជួបជាមួយនឹងមេទ័ព។

នៅពេលនោះ មេទ័ពត្រូវគេចាត់ទុកដូចជា “ស្តេចរបស់សាមូរ៉ៃ” ដូច្នេះគ្រប់គ្នាគោរពពួកគេដូចជាអាទិទេពអញ្ចឹង។ ក្រៅពីនេះ ក៏ពិបាកសម្រាប់មនុស្សម្នាក់ដែលកំពុងអង្គុយ Seiza ក្រោកឈរកាន់ដាវភ្លាមៗផងដែរ។ ដូច្នេះការ​កំណត់អង្គុយបែបនេះសម្រាប់មេទ័ពការពារ​កុំ​ឲ្យ​សត្រូវ​ធ្វើ​ឃាត​។

កត្តាមួយផ្សេងទៀតទាក់ទងនឹងការនិយមកន្ទេល tatami ។ កាលពីមុន គ្រួសារធម្មតាច្រើនតែក្រាលឈើ ដូច្នេះ​បើ​​សិន​​ជា​អង្គុយ​បែបនោះពិតជាឈឺជើងណាស់។

ដោយសារការនិយមកន្ទេល tatami ដូច្នេះបន្ទប់ក្រាលឈើរបស់ប្រជាជនជប៉ុន ត្រូវបានជំនួសដោយកន្ទេលទន់ជាង​មុន។ ចំណុចនេះជួយឲ្យជង្គង់របស់អ្នករាល់គ្នាមិនសូវជាឈឺពេលអង្គុយតាមបែប Seiza ហើយរាងកាយក៏អាចរក្សា​លំ​នឹង​ផង​ដែរ។

ដើមឡើយ Seiza ធ្លាប់មិនត្រូវគេចាត់ទុកជារបៀបអង្គុយគួរសម លើកលែងតែករណីពិសេសដូចជាពេលជួបជា​មួយ​​មេទ័ព​​កាល​​ពី​បុរាណ។ ប៉ុន្តែសព្វថ្ងៃ វាត្រូវបានគ្រប់គ្នាទទួល​ស្គាល់ជា​របៀប​អង្គុយ​ត្រឹមត្រូវ និង​គួរសម​ដូចជាឈ្មោះ​​របស់​​វា។

ប៉ុន្តែសម្រាប់ជនជាតិ​ជប៉ុនដូចជាខ្ញុំក៏មិនសូវជាចូលចិត្តរបៀបអង្គុយដែលស្ពឹក​ជើងបែបនេះដែរ។ ខ្ញុំធ្លាប់ចូលរួមថ្នាក់​​បង្រៀនអក្សរផ្ចង់ ប៉ុន្តែត្រូវ​ឈប់​ព្រោះ​តែ​មិន​អាចអង្គុយតាមបែប Seiza ។ តើអ្នកអាចអង្គុយបែប Seiza នេះ​​បាន​​យូរ​​ប៉ុណ្ណា?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: