ទំនាក់ទំនងរវាងព្រះច័ន្ទជាមួយនឹងវប្បធម៌នៃប្រទេសជប៉ុន
ព្រះច័ន្ទតែងតែបង្ហាញខ្លួននៅក្នុង Shinto ដែលជាសាសនាបុរាណរបស់ជប៉ុន។ ដូច្នេះហើយ ចំណុចនេះប្រហែលជាមូលដ្ឋាននៃការកកើតវប្បធម៌ដែលទាក់ទងនឹងព្រះច័ន្ទ។
អាទិទេពគ្រប់គ្រងភាពងងឹត Tsukuyomi no Mikoto
នេះជាអាទិទេពមួយអង្គដែលប្រសូត្រចេញពីអាទិទេព Izanagi no Mikoto ដែលជាអាទិទេពមួយអង្គដែលបានបង្កើតប្រទេសជប៉ុន (ឬអាចនិយាយបានថាពិភពលោក)។ អាទិទេព Tsukuyomi no Mikoto ត្រូវគេចាត់ទុកជាអាទិទេពគ្រប់គ្រងភាពងងឹត។
ក្នុងចំណោមបងប្អូន ៣ នាក់ បងប្រុសច្បង Amaterasu Omikami ជាអាទិទេពដែលតំណាងឲ្យព្រះអាទិត្យ។ ចំណែកប្អូន Susano no Mikoto ជាអាទិទេពគ្រប់គ្រងសមុទ្រ និងទឹកដី។ អាទិទេពទាំងបីអង្គត្រូវបានគោរពបូជាព្រោះតែអំណាចការពារពិភពលោក។
នៅពេលរាត្រីក្របដណ្តប់ដោយភាពងងឹត ប៉ុន្តែចំណុចនេះមិនតំណាងឲ្យអំពើអាក្រក់នោះទេ។ សាសនានៅបណ្តាប្រទេសជាច្រើនទៀតមិនចូលចិត្តភាពងងឹត ប៉ុន្តែ Shinto បែរជាចាត់ទុកពន្លឺ និងភាពងងឹតដូចជាវត្តមានមួយ។
ដូច្នេះបើសិនជាគ្មានភាពងងឹត នោះពន្លឺក៏មិនមានដែរ និងផ្ទុយមកវិញ។ ដូច្នេះគ្រប់គ្នាមិនចាត់ទុកភាពងងឹតជាអ្វីដែលគួរឲ្យខ្លាចនោះទេ ប៉ុន្តែគ្រាន់តែគិតយ៉ាងសាមញ្ញថា វត្តមានរបស់វាជាចំណុចស្របនៃធម្មជាតិ។
រូបតំណាងរបស់ព្រះច័ន្ទនាពេលរាត្រី
ព្រះច័ន្ទតែងតែបញ្ចេញពន្លឺបំភ្លឺនៅពេលយប់ ដូច្នេះពួកគេថែមទាំងជឿថា ពន្លឺនោះអាចនាំទៅកាន់ពិភពរបស់មនុស្សស្លាប់។ យ៉ាងណាមិញ តាមទស្សនៈគំនិតបុរាណរបស់ប្រជាជនជប៉ុនមិនគិតអវិជ្ជមានចំពោះសេចក្តីស្លាប់ដូចប្រទេសដទៃទៀតឡើយ ដូច្នេះព្រះច័ន្ទមិនមែនជាវត្ថុដែលនាំមកនូវថាមពលអវិជ្ជមានសម្រាប់មនុស្សនោះទេ។
រឿងរ៉ាវនិយាយពីដើមកំណើតរបស់ព្រះច័ន្ទ
នៅជប៉ុន Taketori Monogatari ត្រូវគេចាត់ទុកជារឿងបុរាណបំផុត។ សព្វថ្ងៃនេះ រឿងនេះត្រូវបាននិយាយតៗគ្នាប្រាប់កុមារដោយមានឈ្មោះថា “Kaguya-hime” ។
លោកតាម្នាក់ដែលប្រកបរបរចិញ្ចឹមជីវិតដោយរើសឬស្សី បានប្រទះឃើញក្មេងស្រីតូចម្នាក់បញ្ចេញពន្លឺក្នុងបំពង់ឫស្សី។ នាងត្រូវបានដាក់ឈ្មោះថា Kaguya-hime ហើយចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់រហូតដល់ធំដឹងក្តី និងសម្រស់ស្អាតខ្លាំងណាស់។
កេរ្តិ៍ឈ្មោះល្បីគ្រប់ទីកន្លែង យុវជន និងបុរសអ្នកមានជាច្រើនបានមកសុំចូលស្តីដណ្តឹង Kaguya-hime ។ ប៉ុន្តែនាងបែរជាស្អប់អាពាហ៍ពិពាហ៍ ហើយនៅទីបំផុតក៏សម្រេចចិត្តត្រឡប់ទៅព្រះច័ន្ទវិញ។
មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា Kaguya-hime អាចត្រឡប់ទៅព្រះច័ន្ទ តើនាងជាមនុស្សក្រៅភពឬ? ខ្ញុំមិនគិតដូច្នេះនោះទេ ប៉ុន្តែគិតថា នេះប្រហែលជាការរៀបរាប់របស់ប្រជាជននៅសម័យបុរាណ ដោយចង់និយាយថា នាងបានស្លាប់ប៉ុណ្ណោះ។
ចុះប្រទេសរបស់អ្នកវិញ? តើព្រះច័ន្ទមានតួនាទីយ៉ាងណាក្នុងជីវិតរបស់ប្រជាជន ជាពិសេសក្នុងរដូវបុណ្យសែនព្រះខែដែលជិតមកដល់?
Abe Kengo