មកស្រាយអាថ៌កំបាំងដែលព្រះសង្ឃជប៉ុនអាចបរិភោគសាច់ ពិសាស្រា និងរៀបការ
នៅក្នុងព្រះពុទ្ធសាសនា ព្រះសង្ឃជប៉ុនមានចំណុចជាច្រើនខុសនឹងព្រះសង្ឃនៅប្រទេសផ្សេងទៀត។ ត្រង់ថា ព្រះសង្ឃជប៉ុនអាចបរិភោគសាច់ ផឹកស្រា និងរៀបការ។
ភាគច្រើនអ្នកទាំងអស់គ្នាពេលឮដូច្នេះឆ្ងល់ថា តើព្រះសង្ឃជប៉ុនដូចជាមានសេរីភាពពេកទេ? ចំពោះព្រះពុទ្ធសាសនានៅប្រទេសដទៃទៀត ចំណុចនេះហាក់ដូចជាពិបាកទទួលយកណាស់ ដូច្នេះលើកនេះ ខ្ញុំនឹងបកស្រាយអាថ៌កំបាំងនៅពីក្រោយវិន័យនៃព្រះពុទ្ធសាសនាជប៉ុន។
ព្រះសង្ឃអាចបរិភោគសាច់?
ចំណុចនេះអាស្រ័យលើបទប្បញ្ញត្តិនៃសាសនានីមួយៗ ប៉ុន្តែជាមូលដ្ឋានព្រះសង្ឃជប៉ុនមិនអនុញ្ញាតឲ្យបរិភោគសាច់ឡើយ។ យ៉ាងណាមិញ បើសិនជាបំពេញលក្ខខណ្ឌទាំង ៣ ខាងក្រោម ទោះបីជាបរិភោគសាច់ក៏មិនអីដែរ។
ទស្សនៈនៃប្រភេទសាច់ស្អាតទាំង ៣ ដែលមានន័យថា អាចបំពេញលក្ខខណ្ឌបីយ៉ាងដូចខាងក្រោម៖ “見” , “聞” , “疑” ។
ពន្យល់អត្តន័យ
見 ៖ មិនបានឃើញសត្វត្រូវសម្លាប់
聞 ៖ មិនស្តាប់ឮសត្វត្រូវសម្លាប់ព្រោះតែខ្លួន
疑៖ មិនសង្ស័យសត្វត្រូវសម្លាប់ព្រោះតែខ្លួន។
ឧទាហរណ៍នៅពេលដែលមាននរណាម្នាក់និមន្តព្រះសង្ឃមកឆាន់ក្នុងពិធីបុណ្យសព ព្រះសង្ឃអាចទទួលទានមុខម្ហូបដែលម្ចាស់ផ្ទះបានរៀបចំមុននោះ។ ផ្ទុយទៅវិញ បើគេនិយាយប្រាប់ព្រះសង្ឃថា “ខ្ញុំបានរៀបចំមុខម្ហូបនេះជាពិសេសសម្រាប់លោកបង សូមលោកបងនិមន្តឆាន់ឲ្យបានច្រើន” ។ ក្នុងករណីនេះ ជាគោលការណ៍ ព្រះសង្ឃមិនអនុញ្ញាតឲ្យឆាន់ឡើយ។
យ៉ាងណាមិញ ម្ចាស់ផ្ទះគ្រាន់តែចង់ប្រគេន និងបង្ហាញពីចិត្តគោរពចំពោះព្រះសង្ឃប៉ុណ្ណោះ ដូច្នេះព្រះសង្ឃនឹងនិមន្តឆាន់ចង្ហាន់ដោយចិត្តដឹងគុណចំពោះអ្វីដែលបានរៀបចំសម្រាប់ខ្លួន។ មានន័យថា ព្រះសង្ឃអាចបរិភោគសាច់បានដូចមនុស្សធម្មតាដែរ។
ព្រះសង្ឃអាចពិសាស្រា?
គេនិយាយថា ដើមឡើយស្រា sake ធ្វើឡើងដោយអ្នករបាំក្នុងប្រាសាទសម្រាប់ថ្វាយអាទិទេព។ ក្នុងចំណោមសាសនាជប៉ុន Shinto ចាត់ទុកស្រា sake ដូចជាវត្ថុដែលពិសិដ្ឋ។
ព្រះពុទ្ធសាសនាត្រូវបាននាំចូលប្រទេសជប៉ុន និងរួមបញ្ចូលជាមួយ Shinto ។ គេថែមទាំងនិយាយថា កាលពីមុនមានវត្តជាច្រើនដាំស្រា sake ដូច្នេះរហូតមកដល់សព្វថ្ងៃ ព្រះសង្ឃនៅតែត្រូវបានអនុញ្ញាតឲ្យពិសាស្រា។
ទោះជាយ៉ាងណា មានទស្សនៈមួយហៅថា “Onshukai” ដែលបង្រៀនថា ការពិសាស្រាជារឿងដែលមិនគួរធ្វើពេលកាន់ព្រះពុទ្ធសាសនានោះទេ។ ប៉ុន្តែនោះមិនមែនជាច្បាប់តឹងរ៉ឹងដូចនៅប្រទេសដទៃទៀតទេ ដូច្នេះទោះបីជាព្រះសង្ឃពិសាស្រា ក៏មិនចាត់ទុកថាជាការបំពានសិក្ខាបទដែរ។
ព្រះសង្ឃត្រូវបានអនុញ្ញាតឲ្យរៀបការ?
នេះជាចំណុចដែលធ្វើឲ្យជនបរទេសភ្ញាក់ផ្អើលបំផុត ត្រង់ថា ព្រះសង្ឃជប៉ុនអាចរៀបការបាន។ នៅប្រទេសជប៉ុនមានវត្តច្រើន បើតាមស្ថិតិមានវត្តសរុបចំនួន ៧៧.២៥៦ នៅទូទាំងប្រទេសជប៉ុន។
ក្នុងចំណោមនោះរួមមានវត្តតូចៗសម្រាប់មើលថែផ្នូររបស់អ្នកស្រុកផងដែរ។ វត្តតូចៗទាំងនោះអាចនឹងបាត់បង់ដោយសារគ្មានអ្នកស្នងបន្ត។
អ្នកស្រុកព្រួយបារម្មណ៍ថា ពួកគេអាចនឹងជួបបញ្ហា បើសិនជាគ្មានអ្នកមើលថែផ្នូរដូនតារបស់ខ្លួន ដូច្នេះហើយទើបប្រជាជនគាំទ្រព្រះសង្ឃរៀបការ ដើម្បីឲ្យមានអ្នកស្នងតំណែងជាចៅអធិការវត្ត។ ជាជាងការដែលនិយាយថា ព្រះសង្ឃចង់រៀបការ បើនិយាយឲ្យចំនេះជាបំណងរបស់អ្នកស្រុកដើម្បីបន្តតំណែងចៅអធិការវត្តនៅតំបន់មូលដ្ឋាន។
ជាការពិតណាស់ ចំណុចនេះមិនមែនមានន័យថា អនុញ្ញាតឲ្យព្រះសង្ឃដើរផឹកសុីដោយសេរីនោះទេ ព្រោះថា ទង្វើនេះសូម្បីតែមនុស្សធម្មតាក៏ត្រូវគេចាត់ទុកថាផ្ទុយនឹងសីលធម៌ដែរ។
តើអ្នកយល់យ៉ាងណាចំពោះអាថ៌កំបាំងទាំងបីរបស់ព្រះសង្ឃជប៉ុន? ចំពោះខ្ញុំ មូលហេតុដែលអនុញ្ញាតឲ្យបរិភោគសាច់ ស្រដៀងទៅនឹងលេសសម្រាប់ព្រះសង្ឃឆាន់ដូចមនុស្សធម្មតាម្នាក់ ប៉ុន្តែទោះយ៉ាងណា ប្រហែលជាដោយសារតែព្រះសង្ឃក៏ជាមនុស្សដែរ។
Abe Kengo