វិស័យឧស្សាហកម្មរថយន្តជប៉ុនអាចនឹងបន្តក្រោយបដិវត្តន៍រថយន្តអគ្គិសនីនៅលើពិភពលោកដែរទេ?
នៅពេលដែលវិស័យឧស្សាហកម្មរថយន្តចាប់កំណើតនៅឆ្នាំ ១៧៦៩ រហូតមកដល់សព្វថ្ងៃនេះ ការផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ បានក្លាយជាបដិវត្តន៍ដែលមិនធ្លាប់មានពីមុនមក។
ជាពិសេសប្រទេសជប៉ុន ដែលជាមហាអំណាចឧស្សាហកម្មរថយន្តកំពុងប្រឈមមុខនឹងបញ្ហាកំណែទម្រង់នេះ ខណៈដែលក្រុមហ៊ុនធំជាច្រើនដូចជា Tesla បានចូលរួមការអភិវឌ្ឍបច្ចេកវិទ្យារថយន្តអគ្គិសនី។
ក្នុងចំណោមក្រុមហ៊ុនជប៉ុន Sony ត្រូវបានគេរំពឹងថា មានលទ្ធភាពបង្កើតតុល្យភាពនៃអំណាចក្នុងវិស័យឧស្សាហកម្មរថយន្តអគ្គិសនីពិភពលោក ដោយសារក្រុមហ៊ុនកំពុងផលិតគ្រឿងបន្លាស់ទំនើបមានភាពលេចធ្លោនាពេលអនាគត។ ព្រោះតែគ្រឿងបន្លាស់ទាំងនោះដើរតួយ៉ាងសំខាន់ ដើម្បីជំនួសម៉ាស៊ីនរថយន្តធម្មតា។
ផ្នែកដែលចំណាយច្រើនបំផុតក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តគឺម៉ាស៊ីន ដែលអាចនឹងចំណាយរហូតដល់រាប់ពាន់លានយ៉េន។ ក្រៅពីការចំណាយ កត្តាដែលសំខាន់ជាងនេះគឺវិស្វករជំនាញមានបទពិសោធន៍ច្រើនឆ្នាំ ប៉ុន្តែចំពោះរថយន្តអគ្គិសនី ចំណុចនេះមិនចាំបាច់ទេ ហើយមិនថាជាអ្នកថ្មីក៏អាចចូលរួមការអភិវឌ្ឍបច្ចេកវិទ្យាដែរ។
បញ្ហានៃរថយន្តអគ្គិសនី
បច្ចុប្បន្ននេះ បញ្ហាមួយក្នុងចំណោមនោះគឺ មុខងារសាកថ្មពេញ និងចម្ងាយអតិបរមាដែលរថយន្តអាចធ្វើដំណើរ។ យ៉ាងណាមិញ បញ្ហានេះនឹងអាចដោះស្រាយបាននាពេលខាងមុខ។ ដូច្នេះហើយ បញ្ហាដែលសំខាន់បំផុតគឺអំឡុងពេលសាកថ្មរថយន្ត។ សព្វថ្ងៃនេះ រថយន្តអគ្គិសនីដែលមានសមត្ថភាពសាកថ្មលឿនយ៉ាងណាក៏ត្រូវចំណាយពេល ៧ ម៉ោងដែរ បើធៀបនឹងរយៈពេលចាក់សាំងរថយន្តត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។
បើប្រៀបនឹងសមត្ថភាពសាកថ្ម ដើម្បីកាត់បន្ថយរយៈពេល មិនអាចយកទៅប្រៀបនឹងរថយន្តប្រើសាំងនោះទេ។ ប្រទេសចិនក៏កំពុងផលិតប្រភេទថ្មជំនួសដែរ ប៉ុន្តែមិនទាន់មាននរណាអាចធានាគុណភាពថ្មទាំងនោះឡើយ។
Hybrid គឺជាផ្លូវដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនបានជ្រើសរើស
នោះគឺការប្រើម៉ាសុីនដែលរួមបញ្ចូលគ្នារវាងអគ្គិសនី និងសាំង។ រថយន្តដែលខ្ញុំកំពុងប្រើនៅជប៉ុនក៏ប្រើបច្ចេកវិទ្យា hybrid នេះដែរ ដូច្នេះទើបម៉ាសុីនមានទំហំតូច ដោយសារម៉ូទ័រអគ្គីសនីផ្គត់ផ្គង់ថាមពល ជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈយ៉ាងខ្លាំង។
ជាមូលដ្ឋាន អ្នកគ្រាន់តែចាក់សាំង ហើយបន្ទាប់មករថយន្តនឹងរក្សាទុកថាមពលអគ្គិសនីដោយស្វ័យប្រវត្តិនៅពេលដែលម៉ាស៊ីនដំណើរការ។ គំរូរថយន្ត Prius របស់ Toyota ធ្លាប់ជារថយន្តដែលប្រើបច្ចេកវិទ្យា hybrid ដំបូងគេលើពិភពលោក។ ឥឡូវនេះ ជប៉ុនក៏ទទួលការចាប់អារម្មណ៍ពីពិភពលោក សម្រាប់ម៉ូដែលរថយន្តថ្មីដែលប្រើប្រាស់បច្ចេកវិទ្យានេះ។
ទោះជាយ៉ាងណា ទាក់ទងនឹងវិធានការកាត់បន្ថយការឡើងកំដៅផែនដី ពិភពលោកកំពុងខំប្រឹងបញ្ឈប់រថយន្តដែលប្រើសាំង។ ដូច្នេះហើយ ការប្រើប្រាស់ម៉ាស៊ីនពីរ ជាមួយនឹងបច្ចេកវិទ្យា hybird នេះ អាចនឹងរលាយបាត់នាពេលអនាគត។
រថយន្តថ្មឥន្ធនៈ hydro
ម៉ូដែលរថយន្តដែលមានឈ្មោះថា MIRAI ដែលផលិតដោយ Toyota ជារថយន្តថ្មឥន្ធនៈ hydro ដំបូងគេនៅលើទីផ្សារ។ ជាប្រភេទរថយន្តប្រើឥន្ធនៈ hydro ដើម្បីបង្កើតចរន្តអគ្គិសនី។ មិនដូចជារថយន្តប្រើសាំងនោះទេ កាកសំណល់ចេញពីប្រភេទរថយន្តនេះគឺចំហាយទឹក ដូច្នេះមិនប៉ះពាល់បរិស្ថានឡើយ។ ជាងនេះទៅទៀត ដោយសារឥន្ធនៈ hydro ប្រើជំនួសសាំង ដូច្នេះអាចជួយកាត់រយៈពេលសាកថ្មរថយន្ត។
ទោះជាយ៉ាងណា បញ្ហាត្រង់ថា ការបង្កើតកន្លែងសម្រាប់បញ្ចូលឥន្ធនៈ hydro របស់រថយន្ត។ ព្រោះបើសិនជាម៉ាស៊ីនប្រើឥន្ធនៈ hydro ពេញនិយមក៏ដោយ ក៏ក្រុមហ៊ុនផលិតផ្សេងទៀតមិនចង់ចូលរួមដែរ ព្រោះពួកគេដឹងថា ពិបាកប្រកួតប្រជែងជាមួយក្រុមហ៊ុន Toyota ។
ឧស្សាហកម្មរថយន្តនៅលើពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលរថយន្តហោះធ្លាប់តែឃើញក្នុងភាពយន្តបែបវិទ្យាសាស្ត្រ ឥឡូវនេះបានក្លាយជាការពិត។
តើក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលធ្លាប់ល្បីលើពិភពលោកអាចនឹងបន្តក្រោយបដិវត្តន៍រថយន្តអគ្គិសនីដែរទេ? តើអ្នកគិតថានរណានឹងក្លាយជាអ្នកគ្រប់គ្រងឧស្សាហកម្មរថយន្តពិភពលោកក្នុងរយៈពេល ២០ ឆ្នាំខាងមុខ?
Abe Kengo