តើនរណាជាអ្នកផលិតរថភ្លើង Shinkansen ដែលពិភពលោកកោតសរសើរ?
អ្នកប្រហែលជាដឹងហើយថា Shinkansen គឺជារថភ្លើងល្បឿនលឿន ដែលអាចជូនដំណើរអ្នកទៅគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន។ នៅលើផ្លូវរថភ្លើងសំខាន់ៗ Shinkansen មានល្បឿនជាង ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះទស្សនៈគំនិតនៃផ្លូវដែកល្បឿនលឿននៅលើពិភពលោក វាត្រូវគេចាត់ទុកជារថភ្លើងដែលមានសមត្ថភាពដឹកជញ្ជូន លឿន និងសុវត្ថិភាពឈានមុខគេលើពិភពលោក។
ដូច្នេះតើអ្នកដឹងទេថានរណាជាអ្នកបង្កើតរថភ្លើង Shinkansen ដំបូងគេនៅឆ្នាំ ១៩៦៤ ? ខ្ញុំនឹងណែនាំឲ្យអ្នកស្គាល់អ្នកដែលបង្កើត Shinkansen ហើយបានផ្លាស់ប្តូរការយល់ឃើញរបស់ពិភពលោកជានរណា។
Shinkansen ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យានៃ Zero Fighter
នៅពេលដែលសង្រ្គាមរវាងជប៉ុន និងសហរដ្ឋអាមេរិកចាប់ផ្តើម យន្តហោះប្រយុទ្ធរបស់ជប៉ុនមួយប្រភេទបានធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើល នោះគឺ Zero Fighter ។ វិស្វករដែលផលិតយន្តហោះចម្បាំងទាំងនេះសុទ្ធតែនៅក្មេង ចំណែកអ្នកដែលមានអាយុច្រើនជាងគេត្រឹម ៣៤ ឆ្នាំប៉ុណ្ណោះ។
ក្រោយសង្គ្រាមបានបញ្ចប់ ថ្វីត្បិតតែ វិស្វករដែលពូកែទាំងនោះមានអាយុទើបតែ ២០ ទៅ ៣០ ឆ្នាំ យ៉ាងណាមិញ វិស័យឧស្សាហកម្មយន្តហោះរបស់ជប៉ុនត្រូវបំផ្លាញបន្ទាប់ពីសង្គ្រាម ហើយពួកគេមិនអាចបន្តការរចនាយន្តហោះបាន។ បន្ទាប់មក ក្រុមរបស់ពួកគេបែកខ្ញែកទៅតាមរោងចក្រផលិតរថយន្ត និងក្រុមហ៊ុនផ្លូវដែក។ ប៉ុន្តែហាក់ដូចជាក្តីស្រមៃរបស់ពួកគេគឺផ្តោតលើការផលិតផលយន្តហោះប៉ុណ្ណោះ។
លោក Matsudaira Tadashi ជាមនុស្សម្នាក់ក្នុងចំណោមសមាជិកទាំងនោះ។ លោកជាវិស្វករស្រាវជ្រាវលើបញ្ហាយន្តហោះរំញ័រ ហើយក៏ជាអ្នកដោះស្រាយបញ្ហាជាច្រើន ដូចជាបញ្ហាដាច់ឧបករណ៍នៅលើអាកាសនៃយន្តហោះ Zero Fighter ជាដើម។
អ្នកបើកយន្តហោះដែលធ្វើការហោះហើរសាកល្បងបាននិយាយថា ដោយពឹងទៅលើលោក ពួកគេអាចហោះហើរ Zero Fighter ដោយសុវត្ថិភាព។ ដូច្នេះហើយ លោកតែងតែត្រូវគេចាត់ទុកជាបុគ្គលសំខាន់ទាក់ទងនឹងបញ្ហារំញ័រមេកានិច។
ជាក់ស្តែង អំឡុងពេលសាកល្បងយន្តហោះធ្លាប់កើតមានឧប្បត្តិហេតុដាច់ឧបករណ៍នៅលើអាកាសចំនួនពីរដង។ បញ្ហារំញ័របានក្លាយទៅជាចំណុចស្មុគស្មាញនៅពេលដែលល្បឿនកើនឡើងយ៉ាងលឿន បណ្តាលឲ្យឧបករណ៍ទាំងនោះធ្លាក់ និងបង្កគ្រោះថ្នាក់។
បន្ទាប់ពី Zero Fighter បានដោះស្រាយបញ្ហានេះ វាបានបង្ហាញពីថាមពលដ៏អស្ចារ្យនៃយន្តហោះប្រយុទ្ធនៅលើពិភពលោក។ លោក Matsudaira ដែលជាអ្នកបានដោះស្រាយបញ្ហានៅឆ្នាំនោះ បានចូលរួមជាមួយក្រុមហ៊ុនផ្លូវដែកបន្ទាប់ពីសង្គ្រាមបញ្ចប់។ តាំងពីពេលនោះ លោកចាប់ផ្តើមស្រាវជ្រាវអំពីបញ្ហារំញ័រផ្លូវដែក និងអាចដោះស្រាយបញ្ហារបស់ Shinkansen នាពេលនោះ។
កន្លែងប្តូរទិសលុបបំបាត់រំញ័រ
កន្លែងប្តូរទិសជាផ្នែកដែលពាក់ព័ន្ទនឹងកង់របស់រថភ្លើង វាមានមុខងារសំខាន់ខ្លាំងណាស់ ក្នុងការទប់ស្កាត់រំញ័រនៅពេលរថភ្លើងបង្កើនល្បឿនលឿន។ ដោយផ្អែកលើបទពិសោធរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហារំញ័ររបស់ Zero Fighter លោក Matsudaira បានកែលម្អបច្ចេកវិទ្យា និងជួយឲ្យវិស័យផ្លូវដែកជប៉ុនកើនមួយកម្រិត។
បន្ទាប់ពីការសាកល្បងជាច្រើនដង ដើម្បីស្វែងរកវិធីកាត់បន្ថយរំញ័រ និងកែប្រែការរចនា នៅទីបំផុតរថភ្លើងដែលមានឈ្មោះថា Shinkansen ត្រូវបានបង្កើតឡើង។ លែងជាយន្តហោះចម្បាំងដ៏គ្រោះថ្នាក់ទៀតហើយ ការរកឃើញរបស់លោកបាននាំមកនូវផាសុកភាព និងសុវត្ថិភាពដល់មនុស្សគ្រប់គ្នា។
ជាការពិតណាស់ ការរចនានៃតួរថភ្លើងក៏សំខាន់ណាស់ដែរ ដើម្បីសម្រួលដំណើរការឌីណាមិក ប៉ុន្តែអ្វីដែលកំណត់ភាពជោគជ័យរបស់ Shinkansen គឺកន្លែងប្តូរទិស ដើម្បីជួយកាត់បន្ថយរំញ័ររបស់រថភ្លើង។
ខ្សែរថភ្លើងដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក
ក្រោយពេលបើកសម្ភោធបាន ៥៧ ឆ្នាំ មិនមានការកត់សម្គាល់ទាក់ទងនឹងឧបទ្ទវហេតុរងរបួស ឬស្លាប់ ដែលបណ្តាលមកពី Shinkansen នោះទេ។ សរុបប្រវែងខ្សែរថភ្លើង Shinkansen ទូទាំងប្រទេសជប៉ុនមានប្រមាណ ៣.៣០០ គីឡូម៉ែត្រ។
នេះជាសមិទ្ធិផលនៃក្រុមអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលមានសមត្ថភាពបច្ចេកទេសខ្ពស់ និងអ្នកដែលនាំមុខគឺលោក Matsudaira និងវិស្វករដែលបានស្រាវជ្រាវយន្តហោះចម្បាំង Zero Fighter ។
ថ្វីត្បិតតែ អ្វីដែលសំខាន់គឺល្បឿនអតិបរមារបស់រថភ្លើង ប៉ុន្តែអត្ថប្រយោជន៍ដ៏សំខាន់របស់រថភ្លើង Shinkansen ជប៉ុនស្ថិតលើសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នកដំណើរ។
ដូច្នេះហើយ Shinkansen គឺជាសមិទ្ធិផលរបស់អ្នកដែលមានក្តីស្រមៃបង្កើតយន្តហោះចម្បាំងខ្លាំងបំផុត។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយ បច្ចេកវិទ្យានេះពេញនិយមនៅទូទាំងពិភពលោក ដើម្បីនាំមកនូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នករាល់គ្នា។
Abe Kengo