ភាពឈឺចាប់នៅពេលដែលអនុវត្តពិធី seppuku របស់សាមូរ៉ៃ
Seppuku (ពិធីវះពោះធ្វើអត្តឃាត) របស់ជប៉ុនតែងតែត្រូវជនបរទេសចាត់ទុកជាទង្វើល្ងង់ខ្លៅ។ ជាងនេះទៅទៀត គ្រប់គ្នានឹងមានអារម្មណ៍ភ័យខ្លាចពេលដឹងអំពីពិធីនេះ។
តើពិធី seppuku គេធ្វើបែបណា? ចូរចងចាំថា កុំយកតម្រាប់តាមវិធីទាំងនេះ។
បែបបទនៃពិធី seppuku
១. នៅពេលដែលទទួលបញ្ជាធ្វើពិធី seppuku អ្នកអនុវត្តពិធីត្រូវងូតទឹកសម្អាតរាងកាយ។
២. ចងសក់ខ្ពស់ជាងរាល់ដង ចំណុចនេះជួយឲ្យពេជ្ឈឃាតមានភាពងាយស្រួលពេលកាត់ក្បាលបន្ទាប់ពីធ្វើពិធីវះពោះ។ បុគ្គលរូបនោះស្លៀកគីម៉ូណូពណ៌ស ប៉ុន្តែរបៀបស្លៀកផ្ទុយនឹងទំនៀមទម្លាប់ ទុកអាវផ្នែកខាងឆ្វេងនៅពីមុខ ស្រដៀងនឹងរបៀបស្លៀកគីម៉ូណូសម្រាប់មនុស្សស្លាប់។
៣. អង្គុយបែរមុខទៅទិសខាងជើង កន្លែងដែលនឹងវះពោះ ហើយបរិភោគអាហារសាមញ្ញលើកចុងក្រោយ។ បន្ទាប់មកផឹកស្រា sake ចំនួន ២ កែវ ហើយធ្វើដូចនេះចំនួន ៤ ដង។
៤. កាំបិតស្នៀតដែលប្រើសម្រាប់វះពោះត្រូវបានគេលើកចេញមកប្រគល់ជូនអ្នកអនុវត្តពិធី seppuku ។
៥. Kaishakunin (ពេជ្ឈឃាត) នឹងកាត់ក្បាលដើម្បីបញ្ចប់ជីវិតអ្នកដែលអនុវត្តពិធី seppuku ដើរតាមក្រោយបុគ្គលរូបនោះ ហើយជូតកាំបិតរង់ចាំបំពេញតួនាទី។
៦. បន្ទាប់មកបុគ្គលរូបនោះដោះគីម៉ូណូផ្នែកខាងស្តាំចេញ ហើយចំហពោះ។ បន្ទាប់មកទៀត យកដៃឆ្វេងស្ទាបពោះ រួចចាក់កាំបិតក្នុងដៃត្រង់ពោះផ្នែកខាងឆ្វេង ហើយវះទៅខាងស្តាំ។
នៅពេលនោះ kaishakunin នឹងកាត់ក្បាលដើម្បីបញ្ចប់ការឈឺចាប់របស់អ្នកអនុវត្តពិធី ប៉ុន្តែបន្សល់ទុកស្រទាប់ស្បែកត្រង់កញ្ចឹងក។ មូលហេតុព្រោះតែគេជឿថា ប្រសិនបើក្បាល និងដងខ្លួនដាច់ចេញពីគ្នា អ្នកស្លាប់នឹងមានទោសអកត្តញ្ញូចំពោះឪពុកម្តាយ។
៧. ក្រោយពេល គ្រូពេទ្យពិនិត្យក និងពោះរួច គ្រប់គ្នាគ្របសាកសពដោយប្រើក្រណាត់បត់។ គេតែងតែចាត់ទុកថា អ្នកក្បាច់គុនមួយរូបនឹងមិនមានអារម្មណ៍ភ័យខ្លាច ឬរំជួលចិត្ត នៅពេលដែលត្រូវអនុវត្តតាមជំហាននៃពិធី seppuku រហូតដល់ចប់ឡើយ។
ពិធី seppuku ផ្សេងទៀត
គេនិយាយថា មានវិធីអនុវត្តពិធី seppuku ខុសៗគ្នា។ យ៉ាងណាមិញ ក្នុងចំណោមនោះអ្វីដែលគួរឲ្យខ្លាចបំផុតគឺពិធី Jumonjibara គឺថា បន្ទាប់ពីវះពោះតាមជួរផ្តេក គេវះតាមជួរបញ្ឈរម្ដងទៀត។ ភាគច្រើនសាមូរ៉ៃអាចទ្រាំនឹងការវះពោះផ្តេក ប៉ុន្តែស្ទើរតែគ្មាននរណាអាចទ្រាំនឹងការវះពោះបញ្ឈរនោះទេ។
ពិធី seppuku ដែលឃោរឃៅបំផុតពោលគឺ វះតាមទម្រង់អក្សរ kanji ផ្ដេក ៣ ។ ចំណុចនេះមានន័យថា អ្នកអនុវត្តពិធីត្រូវចាក់ខ្លួនឯងរហូតដល់ទៅ ៣ ដង។ ដូច្នេះហើយ ពិតជាមិនគួរឲ្យជឿនោះទេ ដែលក្រោយពេលចាក់ចូលពោះចំនួន ៣ ដង នៅតែអាចរក្សាស្មារតី។
ក្រៅពីនេះ ក៏មានពិធី seppuku ងាយស្រួលសម្រាប់អ្នកដែលមិនអាចទ្រាំនឹងការឈឺចាប់ផងដែរ នោះគឺ sensubara ។ Kaishakunin នឹងកាត់ក្បាលអ្នកអនុវត្តពិធី បន្ទាប់ពីពួកគេចាក់ផ្លិតដែលដូចនឹងកាំបិតចូលពោះ។
ហេតុអ្វីបានជាគេសម្រេចអនុវត្តពិធី seppuku ?
គេនិយាយថាមានហេតុផលសំខាន់បី។
- Oibara ៖ មានន័យថា បន្ទាប់ពីអនុវត្តពិធី seppuku បុរសជាប្តីអាចបន្តមើលថែប្រពន្ធកូនក្រោយពេលស្លាប់។
- Tsumebara ៖ មានន័យថា ដើម្បីបំពេញទំនួលខុសត្រូវ និងតួនាទីរបស់សាមូរ៉ៃមួយរូប។
- Munenbara ៖ ស្តាប់ទៅដូចជាមិនគួរឲ្យជឿ ប៉ុន្តែពិធីវះពោះធ្វើអត្តឃាតជាអ្វីដែលសាមូរ៉ៃចង់បង្ហាញពីឆន្ទៈមុតមាំរបស់ខ្លួន។
តើអ្នកយល់យ៉ាងណាចំពោះពិធីនេះ?
អ្នកប្រហែលជាគិតថា នេះជាទង្វើល្ងង់ខ្លៅ ប៉ុន្តែចំពោះសាមូរ៉ៃ ចំណុចនេះតំណាឲ្យកម្លាំងឆន្ទៈអាចយកឈ្នះលើភាពភ័យខ្លាច ដែលមនុស្សធម្មតាមិនអាចធ្វើបាន។ ប្រហែលជាមិនត្រឹមតែខ្ញុំប៉ុណ្ណោះទេ មនុស្សជាច្រើនមានអារម្មណ៍ថាសំណាង ដែលខ្លួនមិនកើតក្នុងសម័យសាមូរ៉ៃ។
Abe Kengo