ហេតុអ្វីបានជាជនជាតិអាមេរិកជាច្រើនគិតថា Kyoto គ្មានអ្វីសប្បាយ?
នៅពេលដែលត្រូវបានគេសួរពីកន្លែងទេសចរណ៍ដែលពេញនិយមបំផុតក្នុងប្រទេសជប៉ុន ប្រហែលជាមនុស្សជាច្រើននឹងឆ្លើយថា Kyoto ។
យ៉ាងណាមិញ ថ្មីៗនេះ ជនជាតិអាមេរិកម្នាក់បានទៅកាន់ Kyoto ហើយបង្ហោះវីដេអូរិះគន់របស់ខ្លួននៅលើ Twitter ។ វីដេអូរបស់នារីម្នាក់នេះបានទាក់ទាញអ្នកចូលមើលជាង ១៥ លាននាក់។
ដូច្នេះតើ Kyoto ពិតជាគួរឲ្យធុញទ្រាន់ដែរទេ? ជាដំបូង ចូរយើងស្វែងយល់អំពី Kyoto គឺជាទីក្រុងដូចម្តេច។
ក្រឡេកមកមើលការសន្និដ្ឋានខាងលើរបស់នារីជនជាតិអាមេរិក ប្រហែលជាមានមនុស្សជាច្រើនយល់ស្របថា Kyoto ជាកន្លែងដែលមិនគួរឲ្យចាប់អារម្មណ៍។ ទោះជាយ៉ាងណា Kyoto មិនមែនជាសួនកម្សាន្តសម្រាប់យុវវ័យនោះទេ ទីនោះគ្រាន់តែជាទីក្រុងបុរាណ ជាកន្លែងដែលប្រជាជនរស់នៅ។
មិនមានសាមូរ៉ៃ ឬ geisha ដើរទៅវិញទៅមកក្នុងទីក្រុងដូចដែលអ្នករាល់គ្នាគិតទេ ហើយបើសិនជាមាន គ្រាន់តែជាភ្ញៀវទេសចរណ៍ជួលសម្លៀកបំពាក់ដើម្បីថតរូបប៉ុណ្ណោះ។ ដូច្នេះហើយ ប្រសិនជាអ្នកយល់ច្រឡំចំណុចនេះ អ្នកប្រហែលជាខកបំណងពេលទៅលេងនៅ Kyoto ជាមិនខាន។
ចំពោះអាកាសធាតុ នៅ Kyoto រដូវរងាត្រជាក់ខ្លាំង និងរដូវក្តៅស្អុះស្អាប់។ អាកាសធាតុមិនអំណោយផលនៅទីនេះបានធ្វើឲ្យស្រ្តីក្នុងវីដេអូអស់កម្លាំង។
ចំណុចមួយផ្សេងទៀត ដែលប្រហែលជាធ្វើឲ្យភ្ញៀវទេសចរណ៍ស្រីម្នាក់នេះមានអារម្មណ៍ថា Kyoto មិនល្អ ដោយសារទីក្រុងនេះមានភ្ញៀវទេសចរណ៍មកទស្សនាច្រើន។ ដោយធ្វើឲ្យគ្រប់ទីកន្លែងដែលនាងទៅសុទ្ធតែមនុស្ស ហើយឆាប់មានអារម្មណ៍ធុញទ្រាន់ពេលដើរទស្សនា។
ចំណុចទាំងនេះជាមូលហេតុធ្វើឲ្យ Kyoto ក្លាយជាកន្លែងគួរឲ្យធុញទ្រាន់ក្នុងចិត្តរបស់មនុស្សជាច្រើន។ ប៉ុន្តែបើសិនជាអ្នកយល់ខុសនឹងអ្វីដែលមាននៅក្នុងទីក្រុងនេះ ហើយរំពឹងខ្ពស់តាមការស្រមើលស្រមៃរបស់ខ្លួន អ្នកគ្រាន់តែកំពុងធ្វើឲ្យខ្លួនខកបំណងប៉ុណ្ណោះ។
ដូច្នេះតើយើងអាចរីករាយនឹងដំណើរកម្សាន្ត Kyoto ដោយវិធីណាខ្លះ?
ទីក្រុងបុរាណដែលមានប្រវត្តិជាង ១២០០ ឆ្នាំ
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ៧៩៤ ម្យ៉ាងវិញទៀត Kyoto ជាទីក្រុងមួយដែលមានប្រពៃណី និងវប្បធម៌មានអាយុកាលជាង ១២០០ មកហើយ។ នៅទីនេះធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើនជាមួយនឹងជប៉ុន ហើយក៏មានអគារជាច្រើនក្លាយជាប្រវត្តិសាស្ត្រផងដែរ។
អ្នកប្រាកដជាមិនអាចរកឃើញទីក្រុងណាមួយ ដែលបង្ហាញពីបរិបទប្រវត្តិសាស្ត្រដូចនៅ Kyoto នោះទេ។ ដូច្នេះហើយ នៅទីនេះត្រូវគេចាត់ទុកដូចជាកន្លែងទេសចរណ៍ដែលមានភាពទាក់ទាញសម្រាប់អ្នកចាប់អារម្មណ៍លើប្រវត្តិសាស្ត្រជប៉ុន។
ក្រៅពីនេះ Kyoto ក៏ត្រូវបានអ្នកថតរូបជាច្រើនជ្រើសរើសជាកន្លែងដែលថតរូបជប៉ុនស្អាតបំផុតផងដែរ។ កន្លែងមួយចំនួនដូចជា៖
វិមាន Kyoto
នេះជាកន្លែងគង់នៅរបស់អធិរាជក្នុងសម័យសាមូរ៉ៃ វិមាន Kyoto គឺជាស្នាដៃគំរូស្ថាបត្យកម្មនៃសម័យកាលនោះ។ ប្រសិនបើអ្នកជាមនុស្សស្រលាញ់ចូលចិត្តសិល្បៈជប៉ុន សូមកុំរំលងកន្លែងនេះពេលទៅលេង Kyoto ឲ្យសោះ។
ប្រាសាទមាស – Kinkakuji
ទីនេះត្រូវបានគេចាត់ទុកដូចជារូបតំណាងនៅ Kyoto ជាប្រាសាទមាសដែលគ្រប់គ្នាតែងតែឮ។ ដើមឡើយ ទីនេះត្រូវគេយកធ្វើជាវិមានរបស់ Ashikaga Yoshimitsu ដែលជាសាមូរ៉ៃលេខ ១ នៅជប៉ុនសម័យនោះ។ ក្រោយមក គេប្តូរទៅជាប្រាសាទទីសក្ការៈបូជា។
កម្រឃើញស្ថាបត្យកម្មដែលប្រើមាសច្រើនដូចនេះណាស់ គ្រាន់តែមើលពីខាងក្រៅ គ្រប់គ្នាអាចស្រមៃមើលពីអំណាចរបស់ Ashikaga Yoshimitsu នៅសម័យនោះអស្ចារ្យប៉ុណ្ណា។
នៅពេលដែលមានពន្លឺព្រះអាទិត្យ ភាពផ្ទុយគ្នារវាងផ្ទៃមេឃពណ៌ខៀវ និងពណ៌មាសភ្លឺចាំងរបស់ Kinkakuji បង្កើតបានជាស្នាដៃដ៏អស្ចារ្យដែលនឹងទាក់ទាញចិត្តមនុស្ស។
ច្រកទ្វារ Torii
ទីកន្លែងដែលល្បីឈ្មោះនេះនៅខាងក្នុងទីសក្ការបូជាដែលមានឈ្មោះថា Fushimi Inari-taisha ។ មនុស្សជាច្រើនប្រហែលជាធ្លាប់ឃើញរូបភាពច្រកទ្វារទាំងនេះតាមរយៈបណ្តាញសង្គម។ ព្រោះជាក់ស្តែងប្រាសាទមានក្លោងទ្វារ torii ជាង ១០០០ ច្រក ដូច្នេះទីនេះបានក្លាយទៅជាកន្លែង check in ដែលស្អាតបំផុតសម្រាប់ភ្ញៀវមកទស្សនាប្រាសាទ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅទីនេះច្រកទ្វារ torii នីមួយៗមានការបួងសួងមួយភ្ជាប់នៅលើ។ ដូច្នេះហើយ កន្លែងនេះក៏ត្រូវគេចាត់ទុកដូចជាកន្លែងដែលមានកម្លាំងជំនឿជាងគេនៅជប៉ុនផងដែរ។
ជាចុងក្រោយ ចូរយើងស្វែងយល់អំពីវប្បធម៌ម្ហូបអាហាររបស់ Kyoto ។
មុខម្ហូប Kyoto មិនមែនតែងតែប្រើគ្រឿងផ្សំប្រណិតនោះទេ ទោះជាយ៉ាងណា លក្ខណៈពិសេសនៃមុខម្ហូបនៅទីនេះគឺថា អ្នកអាចដឹងពីរដូវតាមរយៈរសជាតិមុខម្ហូប។
ដូចជាទំពាំងធ្វើឲ្យគ្រប់គ្នាដឹងថា រដូវរងាបានកន្លងផុតទៅ ចំណែកឯបរិយាកានៃនិទាឃរដូវក៏កាន់តែកក់ក្តៅផងដែរ។ ក្រៅពីនេះ យើងក៏អាចមើលឃើញពីអាកាសធាតុនិទាឃរដូវតាមរយៈបន្លែព្រៃក្នុងអាហារនីមួយៗ។ នៅរដូវក្តៅ ប្រជាជន Kyoto ច្រើនតែចម្អិនត្រី hamo ឬ ayu ។
មុខម្ហូប Kyoto ត្រូវបានចម្អិនយ៉ាងប៉ិនប្រសប់ ដោយរួមបញ្ចូលការប្រើគ្រឿងផ្សំដែលប្រែប្រួលទៅតាមរដូវកាល ដែលមិនងាយច្រឡំនឹងកន្លែងផ្សេងឡើយ។
ដូច្នេះតើអ្នកចង់មកលេង Kyoto ដ៏ពិសេសនេះដែរទេ? Kyoto ប្រហែលជាមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែវាសម្រាប់តែមនុស្ស “ចាស់ទុំ” យល់អំពីភាពស្រស់ស្អាតនៃវប្បធម៌ជប៉ុន។
Abe Kengo