ហេតុ​អ្វី​បានជា​ប្រជាជន​ជប៉ុន​ពិបាក​ទទួល​យក​ជន​បរទេស?

ចំនួនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះបានបណ្តាលឲ្យកើតមានបញ្ហាកង្វះកម្លាំងពលកម្មយ៉ាងធ្ងន់នៅក្នុងប្រទេស​ជប៉ុន។ ដូច្នេះ​ហើយ ឳកាស​សម្រាប់​ជន​បរទេស​ទៅ​រស់​នៅ និង​ធ្វើ​ការ​នៅ​ជប៉ុន​កាន់​តែ​ច្រើន​ឡើង។

យ៉ាងណាមិញ ទន្ទឹមនឹងបញ្ហានេះ សព្វថ្ងៃនៅតែមានចលនាចង់លុប​បំបាត់​ជនបរទេស​នៅជប៉ុន។ ដូច្នេះហើយ ហេតុ​អ្វីបានជាជប៉ុនក្លាយជាប្រទេសដែលពិបាកទទួលយកជនបរទេស? គ្រប់យ៉ាងទាក់ទងនឹងប្រវត្តិនៃការកកើត និង​ការ​​អភិវឌ្ឍ​​របស់​ជប៉ុន។

១. ប្រទេសដែលមានជាតិសាសន៍តែមួយ

ថ្វីត្បិតតែ នៅជប៉ុនមានជនជាតិភាគតិច ប៉ុន្តែភាគច្រើនប្រជាជនមានដើមកំណើតមកពីជនជាតិ Yamato ។ ឧទាហរណ៍​ដូច​ជា ជនជាតិភាគតិច Ainu រស់នៅកោះហុកកៃដូ មានត្រឹមតែ ០,០០១៨% នៃចំនួនប្រជាជនជប៉ុនសរុប​ប្រហែល ២៣.០០០ នាក់។

បើប្រៀបទៅនឹងប្រជាជនចិនចំនួន ៧៦ ម៉ឺននាក់ និងចំនួនប្រជាជនវៀតណាមចំនួន ៤៩ ម៉ឺននាក់ ដែលកំពុងរស់នៅប្រទេសជប៉ុន យើង​អាច​មើល​ឃើញ​ថា ចំនួន​ជនជាតិភាគតិច​នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​ចំនួន​តិច​តួចណាស់។

ជាមួយនឹងស្មារតីជាតិសាសន៍តែមួយ ប្រជាជនជប៉ុនថែមទាំងទទួលបានការអប់រំដូច​គ្នាផង​ដែរ។ ដូច្នេះ​មានរឿងជាច្រើន ទោះ​មិន​ត្រូវបានពន្យល់ឲ្យបានជាក់លាក់ ក៏ពួកគេនៅតែ​អាច​យល់ ព្រោះរឿងទាំងនោះត្រូវ​គេ​ចាត់​ទុក​ដូច​ជារឿង​ធម្មតា​សម្រាប់​ពួកគេ។ ប៉ុន្តែបញ្ហាត្រង់ថា ចំពោះជនបរទេស បើសិនជាមិនពន្យល់ឲ្យបានច្បាស់លាស់ ប្រហែល​ជា​ពិបាក​យល់​ពី​គំនិត​របស់​ប្រជាជន​ជប៉ុន​ណាស់។

២. ជាប្រទេសដែលហ៊ុំព័ទ្ធទៅដោយសមុទ្រ

ជប៉ុនជាប្រទេសដែលហ៊ុំព័ទ្ធទៅដោយសមុទ្រ ចំណុចនេះក៏ជាមូលហេតុ​ដែលធ្វើឲ្យជប៉ុន​​ក្លាយ​ជា​ប្រទេសបង្រួបបង្រួម​ផង​ដែរ។ 

ថ្វីត្បិតតែ សព្វថ្ងៃនេះ យើងអាចទៅលេងជប៉ុនដោយជិះយន្តហោះបានយ៉ាងងាយ ប៉ុន្តែកាលពីមុន ប្រសិនបើចង់​ទៅ​ជប៉ុន យើងត្រូវធ្វើដំណើរតាមផ្លូវទឹក។ ដូច្នេះហើយ ចំពោះការទំនាក់ទំនងជាមួយជនបរទេសត្រឹម​កន្លែងមួយចំនួន​នៅ​ជប៉ុន​ប៉ុណ្ណោះ។

៣. គោលនយោបាយបិទច្រក

គោលនយោបាយអាណានិគមនៃបណ្តាប្រទេសលោកខាងលិចអមដោយការផ្សព្វផ្សាយគ្រឹស្តសាសនា។ ដូច្នេះ​វិធានការទប់ទល់​របស់​រដ្ឋាភិបាល​ជប៉ុននាពេលនោះ គឺកាត់បន្ថយទំនាក់ទំនងជាមួយបរទេសតាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេសជប៉ុនបានអភិវឌ្ឍ និងបង្កើតវប្បធម៌ដោយឡែកសម្រាប់ខ្លួន។

ចំណុចពិសេសនៃវប្បធម៌ជប៉ុនក៏បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើននៅជុំវិញពិភពលោក។ ប៉ុន្តែទន្ទឹមនឹងនោះ វប្បធម៌នេះបានបង្កើតជារនាំង ដែលធ្វើឲ្យជប៉ុនពិបាកភ្ជាប់ទំនាក់ទំនងវិជ្ជមានជាមួយពិភពខាង​ក្រៅ។

ដើម្បីអាចរស់នៅជប៉ុន តើយើងគួរកត់សម្គាល់ចំណុចអ្វីខ្លះ?

នៅ​ប្រទេស​ជប៉ុន គ្រប់គ្នាផ្តោតសំខាន់ទៅលើបញ្ហាមិនរំខានអ្នកដទៃ។

ជាទូទៅបញ្ហាដែលជនអន្តោប្រវេសន៍ត្រូវប្រឈមច្រើនគឺ ការបែងចែកសំរាម។ អ្នកទាំងអស់គ្នាត្រូវបែងចែកសំរាមនៅពេលដែលចង់ចោលរបស់អ្វីមួយ។ ចំណុចនេះពិបាកចំពោះជនបរទេស បញ្ហាកើតឡើងមិនតិចទេ ព្រោះ​តែ​ចោល​សំរាម​មិន​ត្រឹម​ត្រូវ។ ដូច្នេះហើយ ពេលទៅដល់ជប៉ុន អ្នកអាចសួរបុគ្គលិកនៅសាលាក្រុង បន្ទាប់មកពួកគេនឹង​ចែក​ផ្ទាំង​រូប​ភាព​ណែនាំអ្នកពីរបៀបបែងចែកសំរាម។

បន្ទាប់មកគឺបញ្ហាសំឡេងរំខាន នៅពេលដែលមិត្តរួមជាតិជួបជុំគ្នា ពួកគេតែងតែបរិភោគ និងជជែកគ្នាលេងខ្លាំងរហូតដល់យប់ជ្រៅ។ ទោះជាយ៉ាងណា នៅជប៉ុនបទប្បញ្ញត្តិទាក់ទងនឹងបញ្ហាសំឡេងរំខានតឹងរ៉ឹងខ្លាំងណាស់ ដូច្នេះ​ចូរ​ប្រយ័ត្ន បើ​មិន​ចង់​ឲ្យប៉ូលីសមកសាកសួរ។

ជាចុងក្រោយ គឺរឿងរាក់ទាក់ជំរាបសួរ។ ថ្វីត្បិតតែ ចំនួនប្រជាជនជប៉ុនគ្មានទម្លាប់ជំរាបសួរអ្នកដទៃកាន់តែច្រើន​ឡើង យ៉ាងណាមិញ មិនច្រើនទេ អ្នកដែលមិនចូលចិត្តជំរាបសួររាក់ទាក់ ហេតុ​នេះ សូមកុំភ្លេចជំរាបសួរដោយភាពរីក​រាយ​ដើម្បី​បង្កើត​ទំនាក់ទមង​ល្អ។

ជប៉ុន​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ខុស​ប្លែក​នឹងពិភពលោក ទោះបីជាអ្នកមានអារម្មណ៍ថា វប្បធម៌របស់ពួកគេគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែពិបាករស់នៅជាមួយពួកគេខ្លាំងណាស់។ ដូច្នេះហើយ អ្នកគួរតែយកចិត្តទុកដាក់ និងស្វែងយល់​អំ​ពី​ទំនៀម​ទម្លាប់​របស់​មនុស្ស​នៅ​ជុំវិញ ដើម្បី​កុំ​ឲ្យ​កើត​មាន​ការ​យល់​ច្រលំ​ពេល​ដែល​រស់​នៅ​ជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: