ពេលរដូវក្តៅមកដល់ តើប្រជាជនជប៉ុននិយមសកម្មភាពអ្វីខ្លះដើម្បីកាត់បន្ថយកម្តៅ?
នៅរដូវនេះ ជប៉ុនឈានចូលរដូវក្តៅហើយ រីឯអាកាសធាតុក៏ក្តៅណាស់ដែរ។ ថ្វីត្បិតតែប៉ុន្មានថ្ងៃទៀតអាកាសធាតុក្តៅខ្លាំង យ៉ាងណាមិញ ចូរយើងក្រឡេកមើលប្រជាជនជប៉ុនធ្វើអ្វីខ្លះពេលរដូវក្តៅមកដល់។
អ្នកធ្លាប់ឆ្ងល់ដែរទេថា នៅពេលដែលមិនទាន់មានម៉ាសុីនត្រជាក់ តើគ្រប់គ្នាចំណាយពេលធ្វើអ្វីនៅរដូវក្តៅ?
ពុះឪឡឹក
ពេលរំលឹកដល់រដូវក្តៅ គ្រប់គ្នាតែងតែគិតដល់សមុទ្រ។ ដូច្នេះហើយ ពុះឪឡឹកត្រូវគេចាត់ទុកជាសកម្មភាពដែលពេញនិយមនៅឆ្នេរសមុទ្រជប៉ុន។ ដាក់ផ្លែឪឡឹកនៅលើដី អ្នកដែលត្រូវបិទភ្នែកកាន់ដំបង និងផ្លាស់ទីទៅកាន់ផ្លែឪឡឹកតាមការណែនាំរបស់អ្នករាល់គ្នា។ បន្ទាប់ពីវាយត្រូវផ្លែឪឡឹកយ៉ាងគួរឲ្យអស់សំណើច គ្រប់គ្នាហូបផ្លែឪឡឹកដើម្បីកាត់បន្ថយកម្តៅ។
មីអណ្តែតតាមបំពង់ឬស្សី
នេះជាមុខម្ហូបពិសេសរបស់ប្រជាជនជប៉ុន អ្នកត្រូវត្រៀមបំពង់ឬស្សីដែលស្អាត ដើម្បីធ្វើកន្លែងបង្ហូរសរសៃមី Somen ឲ្យត្រជាក់។ Somen ជាប្រភេទមីជប៉ុន ដែលមានសរសៃស្តើង និងរលោង ដូច្នេះងាយស្រួលទទួលទាន។ អ្នកអាចរីករាយនឹងចរន្តទឹកហូរតាមរយៈបំពង់ឬស្សី និងទទួលទានមី Somen ស្រស់ដែលសម្បូរទៅដោយជីវជាតិ ដើម្បីជួយឲ្យរាងកាយត្រជាក់។ ដូច្នេះហើយ នេះជាមុខម្ហូបដែលល្អបំផុតសម្រាប់អ្នកដែលបាត់បង់ចំណង់អាហារដោយសាររដូវក្តៅ។
និទានរឿងខ្មោច
នៅពេលយប់នារដូវក្តៅ ប្រជាជនជប៉ុនតែងតែបិទភ្លើង ហើយនិទានរឿងខ្មោចលងក្រោមពន្លឺភ្លើងទៀន។ បរិយាកាសដ៏គួរឲ្យភ័យខ្លាចជួយឲ្យពួកគេបំភ្លេចអាកាសធាតុក្តៅនៅពេលយប់។ ប៉ុន្តែសម្រាប់អ្នកដែលខ្លាចខ្មោច រឿងនេះហាក់ដូចជាគួរឲ្យខ្លាចជាជាងរដូវក្តៅទៅទៀត។
ហូបទឹកកកឈូស
នេះគឺជាបង្អែមដែលប្រជាជនជប៉ុននិយមចូលចិត្តនារដូវក្តៅ។ គេឈូសទឹកកករួចចាក់ទឹកឃ្មុំផ្អែមពីលើ បន្ទាប់មកបន្ថែមពណ៌ដែលទាក់ទាញភ្នែកដោយទឹកស៊ីរ៉ូដូចជា រស់ជាតិផ្លែស្ត្របឺរីក្រហម ឪឡឹកពណ៌បៃតង និងពណ៌ទឹកសមុទ្រ Hawaii ដែលជួយឲ្យអ្នកមានអារម្មណ៍ចង់ភ្លក់គ្រប់រសជាតិទាំងអស់។
បាយអន្ទង់ Unaju
Unaju គឺជាបាយអន្ទង់ដែលឈ្ងុយឆ្ងាញ់ សាច់អន្ទង់ត្រូវបានគេអាំង បន្ទាប់មកលាបទឹកជ្រលក់ពីលើ។ នេះជាមុខម្ហូបដែលមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយ ដោយជួយបន្ថែមថាមពលដែលអ្នកបានបាត់បង់នៅរដូវក្តៅ។ ទោះជាយ៉ាងណា តម្លៃអន្ទង់នៅជប៉ុនកាន់តែឡើងថ្លៃ ដែលធ្វើឲ្យមនុស្សជាច្រើនមិនហ៊ានទទួលទាន។
សកម្មភាពពិធីបុណ្យ
នៅជប៉ុនរដូវក្តៅត្រូវគេចាត់ជារដូវកាលនៃពិធីបុណ្យ ដោយសារតែនៅរដូវក្តៅ ថ្វីត្បិតតែសីតុណ្ហភាពពេលយប់ធ្លាក់ចុះ ប៉ុន្តែអាកាសធាតុក្នុងផ្ទះនៅតែក្តៅស្អុះ។ ដូច្នេះហើយ ពិធីបុណ្យជាច្រើនត្រូវបានប្រារព្ធឡើងនៅខាងក្រៅ ជាឱកាសសម្រាប់អ្នករាល់គ្នាចេញទៅក្រៅលំហែកាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ពួកគេតែងតែស្លៀក yukata ដែលជាសម្លៀកបំពាក់ប្រពៃណីនារដូវក្តៅរបស់ជប៉ុន ងាយស្រួលធ្វើដំណើរទៅចូលរួមពិធីបុណ្យផ្សេងៗ។
ព្យួរកណ្ដឹងខ្យល់ Furin
ភាគច្រើនកណ្ដឹងខ្យល់ទាំងនេះធ្វើពីកញ្ចក់ ប្រសិនបើអ្នកព្យួរកណ្ដឹងខ្យល់លើបង្អួច វានឹងបក់មកតាមខ្យល់ និងបង្កើតជាសំឡេងពីរោះ។ នៅពេលដែលស្តាប់ឮសំឡេងទាំងនោះ អ្នកក៏នឹងមានអារម្មណ៍ត្រជាក់ដោយសារខ្យល់បក់ចូលក្នុងបន្ទប់។
ផឹកស្រាបៀរ
នេះជាសកម្មភាពសម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ ព្រោះច្បាប់នៅជប៉ុនហាមប្រាមការពិសាគ្រឿងស្រវឹងចំពោះអ្នកអាយុក្រោម ២០ ឆ្នាំ។
ម្យ៉ាងវិញទៀត សួនស្រាបៀរបើកដំណើរការតែក្នុងរដូវក្តៅនៅជាន់ខាងលើផ្សារទំនើប។ គ្រប់គ្នាអាចស្រូបយកបរិយាកាសផង ផឹកស្រាបៀ និងជជែកកម្សាន្តជាមួយគ្នា ដើម្បីបំភ្លេចភាពនឿយហាត់ពេលចេញពីធ្វើការ។
តើអ្នកនឹងជ្រើសយកសកម្មភាពមួយណាសម្រាប់រដូវក្តៅនៅប្រទេសជប៉ុន? បើមិនពឹងលើម៉ាសុីនត្រជាក់។
Abe Kengo