ផ្តើមដោយបុរសម្នាក់ដែលងើបឡើងពីបាតសង្គមក្លាយជាអ្នកដឹកនាំព្រះពុទ្ធសាសនាឥណ្ឌា
បច្ចុប្បន្នមានបុរសជនជាតិជប៉ុនម្នាក់កំពុងកាន់តំណែងខ្ពស់ជាងគេនៃព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា ដែលគេចាត់ទុកជាដើមកំណើតនៃព្រះពុទ្ធសាសនា។ បុរសនោះមានឈ្មោះថា Sasaki Shurei អាយុ ៨៧ ឆ្នាំ។ យ៉ាងណាមិញ មនុស្សជាច្រើនមានអារម្មណ៍ភ្ញាក់ផ្អើលពេលដឹងពីអតីតកាលមិនល្អរបស់លោក។
ចូរយើងស្វែងយល់អំពីដំណាក់កាលដែលបានធ្វើឲ្យលោក Sasaki ស្ថិតនៅក្នុងបាតសង្គម ក្លាយជាបុគ្គលដែលមានអំណាចខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនាឥណ្ឌា។
កាលគាត់នៅរៀនថ្នាក់ទី ៨ លោកធ្លាប់ធ្លាក់ពីលើកំពូលភ្នំព្រិលហើយរងរបួសធ្ងន់។ ចាប់តាំងពីពេលនោះមក គាត់ចាប់ផ្ដើមបាត់បង់ជំនឿចិត្ត និងតែងតែញញើតគ្រប់រឿងទាំងអស់។ សូម្បីតែពេលហាត់កីឡានៅសាលា ក៏គាត់មិនអាចចូលរួមជាមួយមិត្តភ័ក្ដិបានដែរ។ ជាច្រើនដងមកហើយ គាត់ឆ្ងល់ថាហេតុអ្វីបានជាខ្លួនឯងមិនអាចដូចអ្នកដទៃ ហើយយំជាខ្លាំង។
បន្ទាប់ពីបញ្ចប់អនុវិទ្យាល័យ លោកមិនបានទៅរកការងារធ្វើនោះទេ ប៉ុន្តែចាប់ផ្តើមជីវិតដូចជាមនុស្សដែលវង្វេងស្មារតី។ ជាងនេះទៅទៀត លោកធ្លាប់ព្យាយាមធ្វើអត្តឃាតចំនួន ៣ ដង ប៉ុន្តែមិនបានសម្រេច ដោយសារតែចង់បញ្ចប់ជីវិតដែលគាត់ចាត់ទុកថាគ្មានន័យ។ គាត់តែងតែមានអារម្មណ៍ឯកា ដោយសង្ឃឹមថា មាននរណាម្នាក់មកស្រោចស្រង់ជីវិតរបស់លោក ប៉ុន្តែនៅទីបំផុតគ្រាន់តែជាអារម្មណ៍អស់សង្ឃឹមប៉ុណ្ណោះ។
កាលអាយុ ២៥ ឆ្នាំ គាត់សម្រេចចិត្តទៅកាន់វត្តមួយនៅប្រទេសថៃ ដើម្បីស្វែងរកការជួយសង្គ្រោះ។ ថ្វីត្បិតតែគាត់បានតាំងចិត្តសាងជីវិតថ្មី ប៉ុន្តែគាត់ហាក់ដូចជាមិនកែប្រែខ្លួនឯងនោះទេ នៅពេលនោះ លោកមានទំនាក់ទំនងមិនល្អជាមួយស្រ្តីពីរនាក់ក្នុងពេលតែមួយ។ ក្រោយមកស្ត្រីទាំងពីរនាក់បានដឹងថាខ្លួនត្រូវចាញ់បោក ហើយភ្ជង់កាំភ្លើងគំរាមយកជីវិតលោក។
សំណាងល្អគ្រប់យ៉ាងត្រូវបានដោះស្រាយដោយសន្តិវិធី។ គាត់បានសម្រេចចិត្តចាកចេញពីប្រទេសថៃ ហើយផ្លាស់ទៅប្រទេសឥណ្ឌាកាលវ័យ ៣២ ឆ្នាំ ដើម្បីបន្តដំណើរកសាងជីវិតថ្មីម្តងទៀត។
នៅពេលដែលទៅដល់ប្រទេសឥណ្ឌា គាត់សម្រេចចិត្តកាន់សាសនាហិណ្ឌូ ដែលជាសាសនាដ៏មានឥទ្ធិពលបំផុត ដោយមានប្រមាណ ៨០% ប្រជាជនកាន់សាសនានេះ។ ក្រៅពីនេះ គ្រប់គ្នាដែលកើតមកក្នុងប្រទេសនេះ គឺមានឋានៈជាក់លាក់មួយក្នុងសង្គមទៅហើយ អាស្រ័យលើស្ថានភាពដើមកំណើតរបស់មនុស្សម្នាក់ៗ អ្នកដែលស្ថិតក្នុងវណ្ណៈទាបជាងគេនឹងទទួលការរើសអើងយ៉ាងខ្លាំង ទោះពួកគេមិនបានធ្វើអ្វីខុសក៏ដោយ។
នៅពេលដែលមើលឃើញប្រជាជនក្នុងប្រទេសនេះត្រូវគេចាត់ទុកដូចជាសត្វ លោក Sasaki ខឹងយ៉ាងខ្លាំង ហើយនិយាយថា៖ “តើព្រះមិនប្រទានពរ និងជួយសង្គ្រោះមនុស្សទេឬ?” ក្រោយមកគាត់បានបោះបង់សាសនាហិណ្ឌូទៅកាន់ព្រះពុទ្ធសាសនា។
លទ្ធផលក្រោយរយៈពេល ៥០ ឆ្នាំដំណើរការយ៉ាងណាសកម្មក្នុងព្រះពុទ្ធសាសនា លោក Sasaki បានបង្កើនចំនួនពុទ្ធសាសនិកក្នុងប្រទេសពីប៉ុន្មានពាន់នាក់ កើនឡើងជាង ១៥០ លាននាក់។ ចំណុចនេះក៏បានធ្វើឲ្យលោកក្លាយជាមនុស្សដែលមានកេរ្តិ៍ឈ្មោះបំផុតក្នុងសាសនា។
“ជំនះលើដែនកំណត់របស់ខ្លួន ហើយក្រោកឈរដោយក្លាហាន” ។
នេះជាការអំពាវនាវដែលមហាជនជាច្រើនបានគាំទ្រលោក Sasaki ព្រោះលោកផ្ទាល់ក៏ជាមនុស្សដែលងើបឡើងពីបាតសង្គមដែរ។
លោក Ono Ryuko អាយុ ៤៨ ឆ្នាំ ដែលបច្ចុប្បន្នជាសិស្សរបស់លោក Sasaki បានចែករំលែកថា៖
“កាលពីមុន ខ្ញុំធ្លាប់ជាសហគ្រិន IT មួយរូប ដែលបានបង្កើតកម្មវិធីដ៏ពេញនិយមមួយ ហើយមានប្រាក់ចំណូលប្រចាំឆ្នាំ ១០ ពាន់លានយ៉េន។ ប៉ុន្តែជីវិតរបស់ខ្ញុំផ្លាស់ប្តូរចាប់តាំងពីពេលដែលខ្ញុំបានជួបនឹងលោក Sasaki” ។
រាល់ពាក្យសម្ដី និងទង្វើរបស់លោក Sasaki សុទ្ធតែដើម្បីអ្នកដទៃ ខ្ញុំពិតជារំភើបចិត្តចំពោះទង្វើរបស់លោកដែលតែងតែជួយមនុស្សគ្រប់គ្នា ដោយមិនខ្វល់ថាខ្លួនត្រូវចាញ់បោកដែរអត់ទេ។ លោក Sasaki ជួយឲ្យខ្ញុំយល់រឿងជាច្រើន ហើយខ្ញុំបានសម្រេចចិត្តលះបង់គ្រប់យ៉ាងដើម្បីដើរតាមលោក។
លោក Sasaki និងលោក Ono តែងតែចង់ជួយមនុស្សឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ យ៉ាងណាមិញ អ្វីដែលគាត់សង្ឃឹមគឺចង់បង្ហាញដល់អ្នករាល់គ្នាថា យើងត្រូវតែយកឈ្នះខ្លួនឯងជាមុនសិន។
ដែនកំណត់របស់ខ្លួនគ្រាន់តែជាអ្វីដែលយើងយល់ឃើញប៉ុណ្ណោះ វាអាចនឹងរលាយបាត់ ប្រសិនបើយើងខំប្រឹងឈានទៅមុខមួយជំហានទៀត។ ដូច្នេះហើយ ចំណុចល្អបំផុតដែលយើងអាចធ្វើបាន គឺប្រយុទ្ធរហូតដល់យើងយកឈ្នះដែនកំណត់របស់ខ្លួន។
Abe Kengo