មក​ស្គាល់​ពាក្យ Wabi និង Sabi តាម​ទស្សនៈ​សោភ័ណ​ភាព​របស់​ជប៉ុន

តើអ្នកធ្លាប់ចាប់អារម្មណ៍ពីភាពខុសគ្នា នៅពេលដែលក្រឡេកមើលរូបគំនូរ សួន​ច្បារ ឬ​អក្សរសិល្ប៍​ជប៉ុន​ដែរ​ទេ?

ចំណុចខុសគ្នាខាងផ្នែកសិល្បៈត្រូវបានបង្កើតឡើងដោយវត្តមានរបស់ Wabi និង Sabi ដែលជាស្នូលនៃសោភ័ណភាព​បែប​ប្រពៃណី​ជប៉ុន។ អ្នក​ប្រហែល​ជា​ពិបាកយល់បន្តិច យ៉ាងណាមិញ ខ្ញុំនឹងពន្យល់អំពីចំណុចទាំងពីរ ដែលគេចាត់​ទុក​មូល​ដ្ឋាន​គ្រឹះ​នៃ​វប្បធម៌ជប៉ុន។

តើ Wabi ជាអ្វី?

និយាយឲ្យខ្លីទៅគឺភាពស្ងប់ស្ងាត់ ប៉ុន្តែមនុស្សបែរជាយល់ពីភាពស្រស់ស្អាតដែលមាននៅក្នុងភាពស្ងប់ស្ងាត់នោះ។ លើក​លែង​តែស្នាដៃមួយចំនួន ភាគច្រើនសួនច្បារ និងគំនូរជប៉ុនមិនប្រើពណ៌ឆើតឆាយពេកទេ ប៉ុន្តែពណ៌របស់វាផ្អែកលើពណ៌សាមញ្ញពីធម្មជាតិ។ ដូចជាប្រាសាទ Kinkakuji នៅ Kyoto ថ្វីត្បិតតែស្អាត ប៉ុន្តែបែរជាមិនមាន Wabi ។

ម្យ៉ាងវិញទៀត មនុស្សជាច្រើនតែងតែគិតថា ភាពងងឹតគ្មានអ្វីក្រៅពីពណ៌ខ្មៅសោះកក្រោះនោះទេ។ ប៉ុន្តែសម្រាប់ខ្ញុំ នោះគឺជា​អារម្មណ៍​ដ៏​ល្អ​មួយ​ដែល​បានស្តាប់ឮសំឡេងកង្កែបយំពេលយប់ ដោយយល់ពីអារម្មណ៍ស្ងប់ស្ងាត់នាពេលរាត្រី។ នៅ​ពេល​ដែល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មក​ដល់ ស្តាប់សំឡេងសត្វល្អិតយំ ដើម្បីដឹងថាជារដូវណាគេហៅថា Wabi ។

តើ Sabi ជាអ្វី?

ដោយស្គាល់អំពីការប្រែប្រួលតាម​រយៈ​ពេល​វេលា​ដូច​ជា​សិល្បៈ​មួយ​។ ចំពោះសួនច្បារជប៉ុន ស្លែដុះលើថ្ម និងដើមឈើ ដែលធ្វើឲ្យអ្នកទស្សនាទទួលបានអារម្មណ៍ពីភាពស្រស់ស្អាត គេហៅថា Sabi ។

ផ្ទាំងគំនូរចាស់នឹងប្រែប្រួលពណ៌របស់វាបន្តិចម្តងៗតាមរយៈពេលវេលា។ ជាការពិតណាស់ បើទុកដូចដើមនឹងកាន់​តែ​កខ្វក់ ដូច្នេះធ្វើយ៉ាងណាឲ្យការប្រែប្រួលទៅតាមពេលវេលានោះកាន់តែស្អាតទើបជាសិល្បៈ។ ពេលវេលាជះឥទ្ធិ​ពល​​លើ​​របស់​គ្រប់​យ៉ាង​ដែលហៅថាសិល្បៈ ដូច្នេះតាមរយៈសិល្បៈយើងនឹងស្គាល់ពីអារម្មណ៍ចរន្តពេលវេលា។

ការជ្រើសយក Wabi និង Sabi ដើម្បីបង្កើតសិល្បៈក្នុងគោលបំណងបង្កើតភាពមិនល្អឥតខ្ចោះ

Sabi តំណាងឲ្យលំហូរនៃពេលវេលា ដូច្នេះវាមិនមានទម្រង់ណាមួយជាក់លាក់ឡើយ។ ពេលវេលានឹងបន្តទៅមុខ ចំណែក​ឯ Sabi នឹង​ក្លាយ​ជា​សិល្បៈដែលគ្មានទម្រង់ចុងក្រោយ ឬគ្មានទីបញ្ចប់។

ស្រដៀងនឹង Wabi ដែរ សួនច្បារនៅអង់គ្លេស គេតុបតែងមានតុល្យភាព និងមានសណ្តាប់ធ្នាប់សងខាង។ ប៉ុន្តែផ្ទុយទៅវិញ សួនច្បារនៅជប៉ុនពិបាកនឹងរកឃើញតុល្យភាពណាស់ ដូច្នេះយើង​អាចមើល​ឃើញ​ពី​ភាព​ស្រស់​ស្អាត​នៅក្នុង​​ភាព​​មិនល្អឥតខ្ចោះនោះ។

ឧទាហរណ៍ដូចជាពេលដាំដើមឈើនៅក្នុងសួនច្បារ ជាទូទៅគ្រប់គ្នានឹងដាក់ទីតាំងដើមឈើរាងត្រីកោណ។ ប៉ុន្តែខ្ញុំគិតថា យើងគួរតែរៀបយ៉ាងណាឲ្យឃើញពីជ្រុងនីមួយៗ។

នៅជប៉ុនស្ថាបត្យកម្មក៏អនុវត្តទ្រឹស្តីនេះដែរ ដូចជាទីសក្ការបូជា Toshogu​ នៅទីក្រុង Nikko ខេត្ត Tochigi ។ នៅទីនោះមាន​ខ្លោង​ទ្វារ​ដែល​ឆ្លាក់​យ៉ាងល្អិតល្អន់​មួយ​ហៅថា Yomeimon ប៉ុន្តែសសរមួយក្នុងចំណោមនោះបែរជាត្រូវគេ​ដាក់​បញ្រ្ចាស​មក​វិញ។

ចំណុចនោះមិនមែនជាកំហុសនោះទេ ប៉ុន្តែដោយសារគេមានចេតនាដាក់បញ្ច្រាស។ គេជឿថា គ្រប់​យ៉ាងដែលបានធ្វើគង់នឹងត្រូវបំផ្លាញ។ នោះជាមូលហេតុដែលគេធ្វើឲ្យខុសចំណុចមួយ ហើយបួងសួងឲ្យភាព​ស្រស់​ស្អាត​របស់​វា​នៅ​តែ​បន្ត​ទៅ​មុខ។

ជប៉ុនជាប្រទេសដែលមានសោភ័ណភាពស្មុគ្រស្មាញ មិនងាយនឹងរកឃើញនៅកន្លែងផ្សេងទៀតទេ។ ដូច្នេះតាម​រយៈ​​អត្ថបទ​នេះ ខ្ញុំ​សង្ឃឹម​ថា អ្នក​អាច​យល់​កាន់​តែ​ច្រើន​ចំពោះ​សោភ័ណភាពនៃប្រទេសជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: