បញ្ហា​សង្គម​ដែល​កើត​ឡើង​ចំពោះ​យុវជន​ជប៉ុន​រស់​នៅ​តំបន់ Shinjuku

Shinjuku គឺជាទីក្រុងមួយស្ថិតនៅទីប្រជុំជន Tokyo និងត្រូវបានគេចាត់ទុកជា “ទីក្រុងមិនដេក” ផងដែរ។ មិនដូច​ជា​ទី​ក្រុង​ដទៃ​ទៀត​ទេ ទីក្រុង Shinjuku ជាកន្លែងដែលយុវជន យុវនារីជប៉ុនតែងតែប្រមូលផ្តុំគ្នា។

ទន្ទឹមនឹងនេះ យុវជនដែលរត់ចេញពីផ្ទះក៏ដើរតែលតោលមកកាន់ទីក្រុងនេះដែរ យូរៗទៅបានក្លាយជាបញ្ហាធំមួយក្នុងសង្គមជប៉ុន ដោយគេហៅយុវជនទាំងនោះថា “Toyoko Kids” ។ យុវជនទាំងនោះដេកនៅតាមផ្លូវពេលថ្ងៃ ហើយ​ថែម​ទាំង​ដុត​ផាវ និង​បង្ក​បញ្ហា​ដល់​មនុស្ស​ជុំវិញ។

អាជ្ញាធរនៅទីនេះក៏ធ្លាប់បាញ់ទឹកឲ្យទទឹកផ្លូវដើរ ដើម្បីកុំឲ្យយុវជនទាំងនេះអង្គុយប្រមូលផ្តុំគ្នានៅតាមផ្លូវទៀត។ ប៉ុន្តែមួយសន្ទុះក្រោយមក គ្រប់​យ៉ាង​នៅ​តែ​ដូច​ដើម ព្រោះជារួមគ្មាននរណាម្នាក់អាចប្រើវិធានការបង្ខំឲ្យយុវជនទាំង​នោះ​ទៅ​កន្លែង​ផ្សេង​បាន​ទេ។

ដំបូងឡើយ ដោយសារតែយុវជនរត់ចោលផ្ទះទាំងនេះគ្មានកន្លែងនៅ ទើបពួកគេអង្គុយប្រមូលផ្តុំគ្នា។ យូរៗទៅ ចំនួន​យុវជន​ដូច​នេះ​កាន់​តែច្រើនឡើង ហើយយុវជនទាំងនោះបានក្លាយជាគោលដៅរបស់បុគ្គលអាក្រក់ល្បួងឲ្យធ្វើ​រឿង​ខុស​ច្បាប់។

បុគ្គលដែលល្មើសច្បាប់ចាប់ផ្តើមឲ្យយុវជនប្រើកញ្ឆា និងសារធាតុញៀន។ លទ្ធផលធ្វើឲ្យយុវជនទាំងនោះចង់បានប្រាក់ដើម្បីទិញសារធាតុហាមឃាត់។ ចាប់​តាំង​ពី​ពេល​នោះ​មក យុវជន​កាន់​តែ​ច្រើន​ឡើង​ក្លាយ​ជា​​ស្រ្តី​ពេស្យា ឬ​អ្នក​ដឹកជញ្ជូន​គ្រឿង​ញៀន។ ថែមទាំងរួមដៃជាមួយក្រុមបោកបញ្ឆោត និងបង្កការខូចខាតធ្ងន់ដល់សង្គមទៀតផង។

ចំណុចរួមនៃយុវជនទាំងនេះសុទ្ធតែគ្មានជំនឿចំពោះគ្រួសារ និង​សង្គម។ យុវជនទាំងនោះអស់សង្ឃឹម​ចំពោះ​រឿងគ្រប់យ៉ាង រហូតដល់ថ្នាក់ យុវនារីមួយចំនួនដែលប្រកបការងារជាស្រ្តីពេស្យាថែមទាំង​មាន​មោទនភាព ហើយបង្ហោះ​នៅ​លើ Twitter ថា​ ខ្លួន​មាន​​ជំងឺ​​កាម​រោគ​​ទៀត។

ជនល្មើសតែងតែឆ្លៀតយកឱកាសនេះល្បួងក្មេងៗដែលធ្លាប់ត្រូវឪពុកម្តាយបោះបង់ចោល បន្ទាប់មកយកប្រាក់​បោក​បញ្ឆោត​ដូច​តទៅ៖

“ខ្ញុំនឹងឲ្យប្រាក់ឯង ១០ ម៉ឺនយ៉េន ដោយគ្រាន់តែដើរតាម ហើយជួយដល់ក្រុមរបស់យើងប្លន់ប៉ុណ្ណោះ” ។

ដោយប្រឈមនឹងអត្រាកំណើតទាបគួរឲ្យព្រួយបារម្ភ បញ្ហានេះបានធ្វើឲ្យអនាគតនៃប្រទេសជប៉ុនកាន់តែធ្ងន់​ធ្ងរ​ឡើង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: