នៅជប៉ុនបញ្ហាមនុស្សចាស់បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍កំពុងតែច្រើនឡើង
ជប៉ុនជាប្រទេសដែលមានប្រជាជនវ័យចំណាស់កាន់តែច្រើនឡើង ដូច្នេះហើយ អត្រាមនុស្សចាស់បើកបររថយន្តក៏កើនឡើងផងដែរ។ ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយមនុស្សចាស់កំពុងតែកើនឡើងគួរឲ្យព្រួយបារម្ភ។ តើករណីគ្រោះថ្នាក់ទាំងនោះមានអ្វីខុសនឹងយុវជន?
ត្រឡំឈ្នាន់ហ្វ្រាំងទៅជាបង្កើនល្បឿន
អ្នកដែលធ្លាប់បើករថយន្តប្រហែលជាដឹង ចំពោះរថយន្តដែលមានប្រអប់លេខស្វ័យប្រវត្តិ ហ្វ្រាំង និងឈ្នាន់បង្កើនល្បឿនដំណើរការដោយជើងស្តាំ។ នេះជាមូលហេតុដែលចំនួនគ្រោះថ្នាក់ដោយសារជាន់ច្រឡំឈ្នាន់បង្កើនល្បឿនកាន់តែច្រើនឡើង។
ព្រោះនៅពេលដែលមនុស្សចាស់ជាន់ហ្រ្វាំងឈប់ឡាន ប៉ុន្តែពួកគាត់បែរជាជាន់ឈ្នាន់ខុស ទើបធ្វើឲ្យរថយន្តបង្កើនល្បឿន។ ដោយសារតែមិនអាចគ្រប់គ្រងល្បឿន បានបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់។
មានទំនុកចិត្តពេក ហើយការវិនិច្ឆ័យមិនល្អ
មនុស្សចាស់ច្រើនតែមានទំនុកចិត្តលើជំនាញបើកបរយូរឆ្នាំរបស់ខ្លួន ប៉ុន្តែនៅពេលដែលមនុស្សកាន់តែចាស់ទៅ សមត្ថភាពវិនិច្ឆ័យនឹងយឺត។ ដូច្នេះបើសិនពួកគាត់បើកលឿនពេក ហើយមិនប្រុងប្រយ័ត្នមើលផ្លូវប្រសព្វ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
មិនព្រមប្រគល់សងប័ណ្ណបើកបរ
រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានកំពុងជម្រុញឲ្យមនុស្សចាស់ប្រគល់សងប័ណ្ណបើកបររបស់ពួកគាត់។ ទោះជាយ៉ាងណា ហាក់ដូចជាគ្មាននរណាម្នាក់ចាប់អារម្មណ៍ និងសហការនោះទេ។ អ្នកដឹងទេថា តើមកពីមូលហេតុអ្វី?
មូលហេតុបណ្តាលមកពីបញ្ហានៃបណ្តាញដឹកជញ្ជូន នៅប្រទេសជប៉ុន តំបន់ទីក្រុងមានបណ្តាញដឹកជញ្ជូនអភិវឌ្ឍជឿនលឿន ហើយក៏មានតំបន់ជាច្រើនប្រជាជនត្រូវការយានជំនិះសម្រាប់ធ្វើដំណើរផងដែរ។
ជាកន្លែងដែលប្រជាជនរស់នៅដាច់ឆ្ងាយពីតំបន់ទីក្រុង គ្មានរថយន្តអគ្គីសនី រីឯឡានក្រុងមានតែប៉ុន្មានគ្រឿងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ថ្លៃជិះតាក់ស៊ីនៅជប៉ុនក៏ច្រើនណាស់ដែរ។ ដូច្នេះហើយ ប្រជាជននៅទីនេះគ្មានជម្រើសអ្វីក្រៅពីបើកបរដោយខ្លួនឯងឡើយ នៅពេលដែលពួកគាត់មានតម្រូវការទិញទំនិញ។
អ្នកអាចនឹងជៀសពីរថយន្តដែលកំពុងឆ្ពោះមកពីចម្ងាយ ប៉ុន្តែពិតជាពិបាកជៀសផុតគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយមនុស្សចាស់ណាស់ ព្រោះជាទូទៅ គ្រោះថ្នាក់ដែលពួកគាត់បង្កឡើងដោយសារមិនដឹងខ្លួន និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។
ម្យ៉ាងវិញទៀត ស្រដៀងនឹងរឿងដែលអ្នកមិនអាចជៀសផុតរថយន្តបុកពេលកំពុងទិញទឹកក្នុងហាងលក់ទំនិញអញ្ចឹងដែរ។ ជប៉ុនជាប្រទេសដែលគេចាត់ទុកថាមានសុវត្ថិភាព បែរជាកំពុងប្រឈមនឹងកំណើនគ្រោះថ្នាក់ដែលបង្កឡើងដោយអ្នកបើកបរវ័យចំណាស់។
ថ្វីត្បិតតែប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន ខ្ញុំគិតថា នៅពេលណាមួយមនុស្សគ្រប់គ្នានឹងកាន់តែចាស់។ ដូច្នេះហើយ ប្រសិនបើយើងអាចរកដំណោះស្រាយសម្រាប់បញ្ហានេះ នៅថ្ងៃអនាគត យើងប្រហែលជាមិនជួបរឿងដូចជាជប៉ុនសព្វថ្ងៃនោះទេ។
Abe Kengo