យ័ន្ត​ដែល​សុំ​នៅ​វត្ត និង​ទីសក្ការ​បូជា តើ​ប្រជា​ជន​ជប៉ុន​​ធ្វើ​​យ៉ាង​​ណា​​ពេល​​ដែល​​លែង​ប្រើ?

តើអ្នកធ្លាប់បានឮអំពីវប្បធម៌យ័ន្តរបស់ជប៉ុនដែរទេ?

យ័ន្តមានលក់នៅតាមវត្ត និងទីសក្ការបូជាក្នុងប្រទេសជប៉ុន ជាទូទៅមានរូបរាងដូចនេះ។

យ័ន្តមួយចំនួនត្រូវបានរចនាតាមបែបជប៉ុន ខ្លះទៀតមើលទៅគួរឲ្យស្រលាញ់ណាស់។ ដូច្នេះហើយ មនុស្សជាច្រើនតែង​​តែ​​ទិញ​វា​ទុកជាវត្ថុអនុស្សាវរីយ៍ សម្រាប់ជូនសាច់ញាតិ ឬមិត្តភ័ក្តិ។

អ្នកដឹងទេ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណាបើសិនជាចង់បោះចោលយ័ន្ត? តាមពិតទៅ យ័ន្តនៅជប៉ុនក៏មានកាលបរិច្ឆេទ​ផុត​កំណត់​ដែរ។

ថ្ងៃនេះ ខ្ញុំនឹងបង្ហាញអ្នកពីរបៀបធ្វើយ៉ាងចំពោះយ័ន្តដែលលែងប្រើទៀត។

កាលបរិច្ឆេទផុតកំណត់

ជាទូទៅថង់​យ័ន្ត​នីមួយៗមានកាលបរិច្ឆេទផុតកំណត់រយៈពេល ១ ឆ្នាំបន្ទាប់ពីសុំ។ គេមានជំនឿថា ទេវតាមិនតាមការពារយើងដោយផ្អែកលើយ័ន្តចាស់នោះទេ ដូច្នេះហើយ ជារៀងរាល់ឆ្នាំអ្នកគួរតែប្តូរយ័ន្តថ្មីមួយ។

តើយើងគួរធ្វើយ៉ាងណាចំពោះសន្លឹកយ័ន្តចាស់? ខ្ញុំនឹងបង្ហាញអ្នកពីវិធីចាត់ចែងខាងក្រោមនេះ។

១/ ប្រគល់ទៅឲ្យវត្ត ឬទីសក្ការបូជាដែលអ្នកបានទិញ

នេះជាវិធីទូទៅបំផុត មិនថាបំណងប្រាថ្នារបស់អ្នកបានសម្រេចឬអត់ទេ ចូរបង្ហាញការដឹងគុណ ហើយប្រគល់ទៅឲ្យកន្លែងដែលអ្នកបានទិញថង់យ័ន្តនោះ។ ម្យ៉ាងវិញទៀត អ្នកក៏មិនគួរភ្លេចដាក់ប្រាក់ចូលប្រអប់​បរិច្ចាគ ជា​មួយនឹង​ការបួងសួងអរគុណរបស់ខ្លួនផងដែរ។

២/ យកទៅកាន់វត្ត ឬ​ទីសក្ការៈដែលនៅក្បែរអ្នក

ក្នុងករណីបើអ្នកទិញយ័ន្តនៅឆ្ងាយពីកន្លែងដែលអ្នករស់នៅ អ្នកក៏អាចយកវាទៅឲ្យវត្ត ឬទីសក្ការបូជានៅក្បែរនោះ។

យ៉ាងណាមិញ អ្នកគួរតែប្រគល់ថង់យ័ន្តឲ្យស្របតាមសាសនាដែលសរសេរនៅលើនោះ។ ឈ្មោះវត្ត ឬ​​ទីសក្ការៈ​ត្រូវបានគេសរសេរនៅខាងក្រោយយ័ន្ត។ នៅជប៉ុនឈ្មោះទីកន្លែងគោរពបូជាតែងតែមានពាក្យ ១ ក្នុងចំណោម​ពាក្យ ៣ គឺ “វត្ត” “ទីសក្ការៈបូជា” និង “អាទិទេព” នៅខាងក្នុង។

៣/ ប្រគល់សងតាមប្រៃសណីយ៍

ថ្វីត្បិតតែអាចអនុវត្តវិធីនេះនៅតាមវត្តអារាម និងទីសក្ការបូជាមួយចំនួន ប៉ុន្តែមិនមែនកន្លែងទាំងអស់សុទ្ធតែទទួលយកការផ្ញើតាមប្រៃសណីយ៍នោះទេ។ ដូច្នេះហើយ អ្នកគួរតែពិនិត្យមើលជាមុនសិន តើកន្លែងនោះយល់ព្រមទទួល​យក​យ័ន្ត​តាម​ប្រៃសណីយ៍​ដែរទេ។

ប្រសិនបើវត្ត និងទីសក្ការបូជាទទួលយក អ្នកគួរតែដាក់យ័ន្តជាមួយនឹងប្រាក់ប្រមាណ ១០០០ យ៉េនខាងក្នុងរួច​ផ្ញើតាម​​ប្រៃសណីយ៍។ ផ្ទុយ​ទៅ​វិញ អ្នកអាចនឹងត្រូវគេចាត់ទុកថាមិនសមរម្យ ប្រសិនបើផ្ញើយ័ន្តទៅដោយ​គ្មានការអនុញ្ញាត​​របស់​​ពួក​គេ។

៤/ ដុតនៅផ្ទះ

ប្រហែលជាបងប្អូនប្រជាជនខ្មែរអាចនឹងនិយាយថា៖ “ខ្ញុំមិនទំនេរទៅជប៉ុនធ្វើរឿងទាំងនេះទេ” ។ ជា​ការ​ពិត​ណាស់ យើង​មិន​ចាំបាច់ចំណាយកម្លាំងដល់ថ្នាក់នឹងឡើយ ខ្ញុំនឹងបង្ហាញពីវិធីដែលយើងអាចអនុវត្តនៅកម្ពុជាបាន។

យើងអាចដុតនៅផ្ទះបាន ប៉ុន្តែអ្នកមិនគួរដុតទាំងមូលនោះទេ យើងគួរតែដោះចេញជាចំណែកខាងក្រៅ ឬបំណែក​​ដែល​​ធ្វើ​ពី​​ផ្លាស្ទិច​នៅ​លើ​ថង់​យ័ន្ត។ បន្ទាប់មកដាក់យ័ន្តក្នុងក្រដាសស្អាត ដាក់អំបិលចូលបន្តិច ហើយរុំក្រដាស​ដោយ​ចិត្ត​ដឹង​គុណ​ទើប​យក​ទៅ​ដុត។

មិនថាអ្នកអនុវត្តតាមវិធីណានោះទេ អ្វីដែលសំខាន់ផ្តោតលើការដឹងគុណចំពោះអាទិទេព​ដែល​បាន​ប្រទានពរដល់អ្នក។ ដូច្នេះ​ហើយ យើង​គួរ​តែ​ឲ្យ​តម្លៃ​យ័ន្ត​ដែល​ខ្លួន​ទទួល​បាន ដោយវាអាចនាំមកនូវរឿងល្អៗដល់អ្នក។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: