ទំនៀមទម្លាប់​ជូន​អំណោយ​នៅ​រដូវ​ក្តៅ និង​វប្បធម៌ “ពិធី​សែន​ក្បាល​ទឹក” របស់​ប្រជាជន​ជប៉ុន

នៅប្រទេសជប៉ុនរដូវក្តៅស្អុះស្អាប់ខ្លាំងណាស់។ អំឡុងពេលនេះ នៅជប៉ុនមានទំនៀមទម្លាប់ជូនអំណោយដល់អ្នកដែល​​មាន​គុណ​ចំពោះ​​​យើង នោះ​គឺ “ពិធីសែនក្បាលទឹក” ។

សព្វថ្ងៃនេះ យុវជនជប៉ុនស្ទើរតែបំភ្លេចវប្បធម៌នេះទៅហើយ។ យ៉ាងណាមិញ អ្នកគួរតែចងចាំ និងគោរពវប្បធម៌នេះ ប្រសិន​បើ​អ្នក​​ចង់​​ដឹង​​កាន់​តែ​ច្បាស់​ពី​វប្បធម៌​របស់​ប្រជាជន​ជប៉ុន។

តើពិធីសែនក្បាលទឹកជាអ្វី?

ពិធីសែនក្បាលទឹកមានប្រភពមកពីវប្បធម៌ប្រទេសចិន ដែលត្រូវនឹងថ្ងៃទី ១៥ ខែកក្កដាតាមច័ន្ទគតិ។ វប្បធម៌ព្រះ​ពុទ្ធ​សាសនា​ក៏​ជះឥទ្ធិពលមកលើវប្បធម៌នេះផងដែរ ដោយបានក្លាយជាពិធីបុណ្យ Obon ដូចជាឱកាសរំលឹកដល់​វិញ្ញាណ​ក្ខន្ធបុព្វបុរសជនជាតិជប៉ុន។

ពិធីសែនក្បាលទឹកក៏រួមមានទំនៀមទម្លាប់អរគុណចំពោះអ្នកដែលយើងគោរពកំពុងនៅរស់។ នេះជាវប្បធម៌ដ៏​សំខាន់​​មួយ​សម្រាប់​បង្កើតទំនាក់ទំនងនៅជប៉ុន ដែលមានតាំងពីសម័យ Bushido និង Edo មកម្ល៉េះ។

ទំនៀមទម្លាប់ជូនអំណោយនៅពាក់កណ្តាលឆ្នាំ និងចុងឆ្នាំ

ក្រៅពីនេះ មានទំនៀមទម្លាប់ស្រដៀងគ្នាមួយទៀតគឺជូនអំណោយចុងឆ្នាំ។ នេះក៏ជាឱកាសសម្រាប់គ្រប់គ្នាអរគុណ​​​គ្នា​ទៅ​វិញ​ទៅ​មកនៅពេលដែលឆ្នាំចាស់ជិតកន្លងផុត។ យ៉ាងណាមិញ លើកនេះយើងនិយាយពីពិធីសែនក្បាល​​ទឹក​​ប៉ុណ្ណោះ។

តើអ្នកទិញអំណោយជូននរណា ហើយទិញប្រហែលប៉ុន្មាន?

ជាការពិតណាស់ អំណោយអាស្រ័យភាគីជាអ្នកណា។ ជាទូទៅនេះជាតម្លៃនៅជប៉ុន អ្នកអាចពិនិត្យមើលបាន។

・សាច់ញាតិ (ឪពុកម្តាយ បងប្អូនបង្កើត បងប្អូនជីដូនមួយ)

ប្រហែលពី ៣.០០០ ទៅ ៥.០០០ យ៉េន ប្រសិនបើជាទំនាក់ទំនងជិតស្និទ្ធ។

អ្នក​មិន​ចាំ​បាច់​ចំណាយ​ច្រើន​ពេក​ទេ ព្រោះ​ពួក​គេ​សុទ្ធ​តែជាសាច់ញាតិក្នុងគ្រួសារ។

・មិត្តភក្តិ អ្នកស្គាល់គ្នា

ប្រហែល ៣.០០០ យ៉េន។

នោះមិនមែនជាដៃគូអាជីវកម្មរបស់អ្នកទេ ដូច្នេះតម្លៃប៉ុណ្ណឹងសមរម្យហើយ។

・លោកគ្រូ អ្នកគ្រូ

ប្រហែលពី ៣.០០០ ទៅ ៥.០០០ យ៉េន។

ជាមនុស្សដែលអ្នកយល់ថាសំខាន់សម្រាប់អ្នក ប៉ុន្តែប្រសិនបើអ្នកផ្តោតសំខាន់ពេក ហើយទិញរបស់ដែលថ្លៃ ផ្ទុយទៅវិញអាចនឹងធ្វើឲ្យភាគីបារម្ភ​ចំពោះ​អ្នក។ ដូច្នេះ​សូម​ប្រយ័ត្ន​ កុំ​ទិញ​អំណោយ​ដែល​លើស​ពី ១ ម៉ឺនយ៉េន។

តើគួរជូនអំណោយអ្វី?

រដូវក្តៅនៅជប៉ុនស្អុះខ្លាំងណាស់ អារម្មណ៍នឿយហត់ដែលបណ្តាលមកពីកម្តៅព្រះអាទិត្យធ្វើឲ្យមនុស្សជាច្រើនបរិភោគ​អាហារ​មិន​ឆ្ងាញ់។ ដូច្នេះ​​ក្នុង​​ស្ថាន​ភាព​​បែប​​នោះ ពួកគេនឹងរីករាយ ប្រសិនបើមានអ្វីម្យ៉ាងអាចជួយឲ្យទទួល​ទាន​ឆ្ងាញ់។ ឧទាហរណ៍ដូចជាមី somen និងផ្លែឈើ គ្រួសារដែលមានកូនតូចៗ ជាពិសេសចូលចិត្តទឹកផ្លែឈើ និង​ចាហួយ។

របស់ដែលមិនគួរទិញជាអំណោយ

ចំណុចនេះសំខាន់ណាស់ ព្រោះមានរបស់ខ្លះមិនស័ក្តិសមយកធ្វើជាអំណោយជូនប្រជាជនជប៉ុននោះទេ។ 

・កាំបិត

វាមានន័យថា “កាត់ផ្តាច់ទំនាក់ទំនង” ដូច្នេះកាំបិតត្រូវគេចាត់ទុកជាវត្ថុនាំមកនូវសំណាងអាក្រក់។

・ស្បែកជើង និងកម្រាលព្រំ

អត្តន័យរបស់វាមិនល្អនោះទេគឺ “ត្រូវជិះជាន់” ។

・កន្សែងដៃ

ថ្វីត្បិតតែ កន្សែងដៃមានតម្លៃសមរម្យអាចទិញជាអំណោយ ប៉ុន្តែវាមានន័យដូចកាំបិតដែរ គឺ “កាត់ផ្តាច់ទំនាក់ទំនង” ។

・ក្រាសសិតសក់

ពាក្យ “ក្រាស” ក្នុងភាសាជប៉ុនគេអានថា “kushi” អក្សរ “ku” គឺលេខ ៩ (ទុក្ខ) ចំណែកអក្សរ “shi” គឺលេខ ៤ (ស្លាប់) ។ ដូច្នេះ​ហើយ ប្រជាជន​មាន​ជំនឿ​ថា របស់នោះនាំសំណាងអាក្រក់ដល់ពួកគេ។

・ប៊ិច

វាមានន័យដូចជាអ្នកប្រាប់ពួកគេថា៖ “ចូររៀនទៅ” ។

・កាត ឬប័ណ្ណអំណោយ

នេះប្រហែលជាអំណោយដែលងាយស្រួលជាងគេ ប៉ុន្តែគេក៏ចាត់ទុកថាមិនល្អដែរ ព្រោះតម្លៃត្រូវបានកត់ត្រាយ៉ាងច្បាស់។

តើពេលទទួលបានអំណោយអ្នកនឹងធ្វើអ្វី?

អ្នកមិនចាំបាច់ប្រញាប់ទិញអំណោយជូនភាគីវិញនោះទេ ប៉ុន្តែគ្រាន់តែទូរស័ព្ទទៅនិយាយពាក្យអរគុណក៏គួរសមណាស់​ទៅ​ហើយ។ ប្រសិនជាអាច ជាការល្អ នៅឆ្នាំក្រោយអ្នកគួរតែទិញអំណោយ ហើយជូនពួកគេវិញ។

ប្រសិនបើយកអំណោយមកដោយផ្ទាល់ ហើយប្រគល់ទៅឲ្យភាគី នោះអ្នកអាចបង្ហាញពីទឹកចិត្តរបស់ខ្លួន។ ប៉ុន្តែ​បើ​ករណី​នោះ​ជាថ្នាក់លើក្នុងក្រុមហ៊ុន អ្នកគួរតែប្រយ័ត្នក្រសែភ្នែក​មិត្ត​រួម​ការងារ។ ព្រោះពួកគេអាចនឹងគិត​ថា អ្នកកំពុងអែបអបថ្នាក់លើរបស់ខ្លួន ដើម្បីជៀសវាងការយល់ច្រឡំ អ្នកគួរតែផ្ញើអំណោយដល់ផ្ទះរបស់ថ្នាក់​លើ​ដោយ​ស្ងាត់។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: