វប្បធម៌ និងលក្ខណៈពិសេសនៃ “ចង្កឹះ” របស់ប្រជាជនជប៉ុន
មិនត្រឹមតែជប៉ុន បណ្តាប្រទេសជាច្រើនផ្សេងទៀតនៅអាសុីក៏ប្រើចង្កឹះដែរ។ ថ្វីត្បិតតែ គេចាត់ទុកថា ចង្កឹះមានប្រភពមកពីប្រទេសចិន។ យ៉ាងណាមិញ នៅប្រទេសជប៉ុនបែរជាមានវប្បធម៌ពិសេសមួយចំពោះចង្កឹះ។
ប្រភពដើមនៃពាក្យ “ចង្កឹះ” ក្នុងភាសាជប៉ុន
បើសិនជាអ្នកកំពុងតែរៀនភាសាជប៉ុន អ្នកប្រហែលជាមិនយល់ ព្រោះតែរបៀបសរសេរអក្សរ hiragana របស់ពាក្យ “ចង្កឹះ” និង “ស្ពាន” សុទ្ធតែសរសេរថា “hashi” ។ ទោះបីជាការបញ្ចេញសំឡេងនៃពាក្យទាំងពីរនេះខុសគ្នា ប៉ុន្តែដោយសារមានប្រភពមកពីពាក្យ “hashi” ដូច្នេះវាមានអត្តន័យប្រហាក់ប្រហែលគ្នា។
ស្ពានតភ្ជាប់ត្រើយទាំងសងខាងគឺ “hashi” (橋) ។ ជណ្ដើរតភ្ជាប់ទីខ្ពស់ និងទាបគឺ “hashiko” ។ ដូច្នេះ “hashi” ដើមឡើយមានន័យថា ភ្ជាប់កន្លែងណាមួយនឹងគ្នា។
ដូច្នេះហើយ ពាក្យ “hashi” (箸) របស់ចង្កឹះក៏ដូចគ្នាដែរ ក្បាលចង្កឹះជាផ្នែករបស់មនុស្ស ចំណែកចុងចង្កឹះជាផ្នែករបស់អាទិទេព។ អាចនិយាយម្យ៉ាងទៀតថា ចង្កឹះមានតួនាទីសំខាន់ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងអាទិទេព។
នៅក្នុងសាសនា Shinto បុរាណរបស់ជប៉ុន ចង្កឹះត្រូវគេចាត់ទុកជាកន្លែងគង់នៅរបស់អាទិទេព ដូច្នេះគ្រប់គ្នាឲ្យតម្លៃខ្លាំងណាស់។ នេះជាមូលហេតុដែលជប៉ុនមានប្រភេទចង្កឹះពិសេសជាច្រើន បើធៀបនឹងចង្កឹះនៅប្រទេសដទៃទៀត។
ហេតុអ្វីក្បាលចង្កឹះជប៉ុនបែរជាស្រួច?
វប្បធម៌នៃការប្រើចង្កឹះពេញនិយមនៅអាសុី ប៉ុន្តែក្បាលចង្កឹះរបស់ជប៉ុនបែរជាមានលក្ខណៈស្រួច។ ចង្កឹះត្រូវបានរចនាឡើងបែបនេះ សម្រាប់ជួយឲ្យអ្នកទទួលទានអាចញែកសាច់ចេញពីឆ្អឹងត្រី។
ចង្កឹះដែលប្រើក្នុងការប្រារព្ធពិធីមានក្បាលដូចនេះ។
ចង្កឹះត្រូវបានរចនាឡើងជួយឲ្យអាទិទេពប្រើបានយ៉ាងងាយស្រួល។
ចង្កឹះ Meotobashi សម្រាប់គូស្វាមីភរិយា
ថ្វីត្បិតែ សព្វថ្ងៃនេះលែងនិយម យ៉ាងណាមិញ នៅជប៉ុនធ្លាប់មានវប្បធម៌ចង្កឹះប្ដីប្រពន្ធ។ ជាឈុតចង្កឹះសម្រាប់គូស្វាមីភរិយា ដែលគេប្រើយកធ្វើជាអំណោយសម្រាប់គូស្វាមីភរិយាថ្មីថ្មោង។
ហេតុអ្វីគេជ្រើសយកចង្កឹះ? ព្រោះវាបង្កប់អត្តន័យពិសេសមួយ។
យើងអាចប្រើចង្កឹះបាននៅពេលដែលវាមានមួយគូ អ្នកដែលជូនអំណោយចង្កឹះសង្ឃឹមថា គូស្វាមីភរិយាអាចនៅជាមួយគ្នា និងប្រើចង្កឹះនេះចម្អិនម្ហូបអាហារឆ្ងាញ់ៗ។
ជាទូទៅចង្កឹះរបស់បុរសវែងជាងចង្កឹះរបស់ស្រ្តី អ្នកអាចប្រៀបធៀបប្រវែងដោយក្រឡេកមើលរូបភាពខាងក្រោមនេះ។
ថ្វីត្បិតតែការរចនាចង្កឹះរបស់គូស្វាមីភរិយាដូចគ្នា ប៉ុន្តែលក្ខណៈពិសេសត្រង់ថា ពណ៌ដែលគេលាបលើចង្កឹះនោះខុសគ្នា។
ចង្កឹះផលិតឡើងដោយប្រើបច្ចេកទេសខុសគ្នា ដូចជាប្រើមាស ឬលាបពណ៌បន្ទាប់ពីខាត់ និងជ្រលក់សំបកខ្យងអាចធ្វើឲ្យវាមានតម្លៃកាន់តែថ្លៃ។ ជាធម្មតា មនុស្សជាច្រើនទិញចង្កឹះជប៉ុន យកធ្វើជាអំណោយវត្ថុអនុស្សាវរីយ៍។
ទោះបីជាប្រទេសជាច្រើនមានវប្បធម៌ប្រើចង្កឹះដូចគ្នា ប៉ុន្តែរូបរាងចង្កឹះនៅក្នុងប្រទេសនីមួយៗខុសគ្នា។ ចង្កឹះនៅប្រទេសកូរ៉េត្រូវបានគេផលិតពីវត្ថុធាតុដូចជាដែកអ៊ីណុកមិនច្រេះ ចំណែកចង្កឹះនៅប្រទេសចិន និងវៀតណាម ក្បាលចង្កឹះមិនស្រួចនោះទេ។
ថ្វីត្បិតតែ ចង្កឹះដែលយើងទម្លាប់ប្រើគឺល្អបំផុត ប៉ុន្តែតើអ្នកធ្លាប់គិតទេថា ចង្កឹះជប៉ុនមិនត្រឹមតែស្រួលប្រើ ថែមទាំងស្អាតទៀតផង ហើយក៏ឈានដល់កម្រិតសិល្បៈមួយផងដែរ។ អ្នកនឹងយល់ថា គួរឲ្យចាប់អារម្មណ៍ពេលដែលប្រៀបធៀបជាមួយចង្កឹះនៅប្រទេសរបស់អ្នក។
Abe Kengo