បច្ចេកវិទ្យាដែលជួយឲ្យ Tokyo Skytree មិនរលំមានអាយុកាល ១៣០០ ឆ្នាំមកហើយ
នៅ Tokyo មានប៉មផ្សាយធំមួយដែលមានកម្ពស់ ៦៣៤ ម៉ែត្រនោះគឺ Skytree ។ នេះជាប៉មផ្សាយដែលខ្ពស់ជាងគេនៅលើពិភពលោក។
អ្នកដឹងទេថា នៅក្នុងប្រទេសដែលតែងតែកើតមានរញ្ជួយដីដូចជាប្រទេសជប៉ុន ចំពោះការសាងសង់សំណង់ធំៗបែបនេះត្រូវផ្អែកលើបច្ចេកវិទ្យាធន់នឹងរញ្ជួយដី ដែលមានអាយុកាលជាង ១៣០០ ឆ្នាំមកហើយ។
សព្វថ្ងៃនេះ សំណង់អាគារឈើដែលមានអាយុកាលចំណាស់ជាងគេនៅលើពិភពលោកស្ថិតនៅខេត្ត Nara ។ នោះគឺប្រាសាទ Horyuji មានប្រាំជាន់ ដែលត្រូវបានសាងសង់ជាង ១៣០០ ឆ្នាំមុន ដោយធ្លាប់ឆ្លងកាត់រញ្ជួយដីជាច្រើនដង យ៉ាងណាមិញ នៅតែមិនអី។
ក្នុងរូបភាពប្រាសាទស្ថិតនៅខាងស្តាំ។
នេះជាប្រាសាទដ៏ធំ ដែលមានទម្ងន់សរុប ១២០០ តោន និងកម្ពស់ ៣២,៦៧ ម៉ែត្រ។ យោងទៅតាមស្ថិតិបានអោយដឹង មិនថារញ្ជួយដីខ្លាំងប៉ុនណាក៏មិនអាចធ្វើឲ្យប្រាសាទរលំបានដែរ។
មិនត្រឹមតែប្រាសាទនេះ នៅជប៉ុនមានប្រមាណ ៥០០ ប្រាសាទឈើដែលត្រូវបានសាងសង់ជាយូរមកហើយ និងនៅតែបន្តរហូតមកដល់សព្វថ្ងៃ។ ភាគច្រើនប្រាសាទទាំងនេះមិនរលំដោយសាររញ្ជួយដីនោះទេ។
ប្រាសាទ ១ ក្នុងចំណោមប្រាសាទទាំង ១៥ នៅតំបន់កើតមានរញ្ជួយដីខ្លាំង បានរលំដោយរញ្ជួយដីខ្លាំង Hanshin-Awaji ក្នុងឆ្នាំ ១៩៩៥ ។
រចនាសម្ព័ន្ធ “ទន់”
ដើម្បីឲ្យប្រាសាទទាំងនេះមិនរលំ ចំណុចសំខាន់ត្រូវធ្វើយ៉ាងណាឲ្យវាទន់ មិនមែនខំប្រឹងសាងសង់ឲ្យរឹងមាំនោះទេ។ អ្នកប្រហែលជាគិតថា ប្រសិនបើសាងសង់ប្រាសាទរឹងមាំអាចទប់ទល់នឹងរញ្ជួយដី។ ប៉ុន្តែរញ្ជួយដីនៅជប៉ុនខ្លាំង អគាររឹងមាំនឹងខូចខាតដោយសាររញ្ជួយដី។
ដូច្នេះហើយ ក្នុងការរចនារបស់ប្រាសាទ Horyuji មានចន្លោះប្រហោងជាច្រើន។ ក្រៅពីនេះ មានសសរធំមួយនៅចំកណ្តាលប្រាសាទ។ ដោយសារប្រាសាទមិនជាប់នឹងតំបន់ជុំវិញ ដូច្នេះវាអាចស្រូបយកកម្លាំងរញ្ជួយដីបានយ៉ាងងាយ។
បច្ចេកវិទ្យានេះក៏ត្រូវបានគេប្រើសម្រាប់ប៉ម Skytree ផងដែរ ដោយជួយឲ្យរចនាសម្ព័ន្ធធន់នឹងរញ្ជួយដីខ្លាំង។ មិនតតាំងនឹងកម្លាំងរញ្ជួយដី ប្រជាជនជប៉ុនជ្រើសយកការសម្របខ្លួន។
ថ្វីត្បិតតែប្រាសាទមិនរលំ ប៉ុន្តែ តើអ្នកធ្លាប់គិតទេថាឈើអាចនឹងខូច? ដោយសារប្រទេសជប៉ុនរដូវខ្លះមានសំណើមខ្ពស់ ដូច្នេះងាយនឹងធ្វើឲ្យឈើពុកខ្លាំងណាស់។
ប្រាសទ Horyuji ប្រាំជាន់ធ្លាប់ត្រូវបានជួសជុល ដោយរុះរើសម្ភារៈសំណង់ចាស់ទាំងអស់។ ពួកគេជំនួសសម្ភារៈសំណង់ដែលខូចគុណភាពដោយសម្ភារៈសំណង់ថ្មី។ ប៉ុន្តែនៅពេលដែលគេរុះរើផ្នែកនីមួយៗ ហើយប៉ូលាឈើ គេពិតជាភ្ញាក់ផ្អើលណាស់ពេលដែលឃើញឈើនៅថ្មី ហើយថែមទាំងមានក្លិនក្រអូបរបស់ឈើទៀត។
ផ្នែកខាងក្រៅដោយសាររងកម្លាំងអាកាសធាតុទើបទ្រុឌទ្រោម និងត្រូវបានប្តូរថ្មី។ កន្លែងផ្សេងទៀតភាគច្រើនមានអាយុកាលជាង ១៣០០ ឆ្នាំមកហើយ និងបន្តប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។
ប្រភេទឈើដែលត្រូវបានគេប្រើហៅថា Hinoki ដែលគេចាត់ទុកជាឈើមានភាពធន់ និងអាចរក្សាបានយូរ។ គេនិយាយថា ប្រភេទឈើនេះបន្ទាប់ពីកាប់នឹងកាន់តែធន់ក្រោយរយៈពេល ២០០ ឆ្នាំ បន្ទាប់មកនឹងចុះខ្សោយបន្តិចម្តងៗក្រោយពេល ១០០០ ឆ្នាំ។
ម្យ៉ាងវិញទៀត គេនិយាយថា ដើមឈើកាន់តែចាស់ ពេលកាប់កាន់តែធន់។ ដូច្នេះហើយ បានជាដើម Hinoki ត្រូវបានគេប្រើសម្រាប់សាងសង់ប្រាសាទ Horyuji មុននោះមានអាយុកាលជាង ១០០០ ឆ្នាំទៅហើយ។
ព្រោះតែជាប្រភេទឈើដែលមានគុណភាពខ្ពស់ ដូច្នេះមិនថាឆ្លងកាត់រយៈពេល ១៣០០ ឆ្នាំក៏មិនខូចបានដែរ។ ហេតុនេះហើយ គេមិនអាចទាយដឹងពីអាយុកាលពិតប្រាកដរបស់វាឡើយ។ ចំណុចខ្សោយនៅពេលដែលប្រើឈើគឺភ្លើង ដូច្នេះប្រសិនបើយើងអាចការពារភ្លើងបាន យើងអាចថែរក្សាអគារដែលមានអាយុកាលចំណាស់បែបនេះ។
គេបានឲ្យដឹងថា អគារដែលធ្វើពីបេតុងមានអាយុកាលចាប់ពី ៤៧ ដល់ ១២០ ឆ្នាំ។ អំឡុងពេលពី ៣៥ ឆ្នាំទៅ ៥០ ឆ្នាំត្រូវជួសជុលឡើងវិញ ប្រសិនបើក្រឡេកលើការជួសជុលឡើងវិញ អ្នកនឹងមើលឃើញពីតម្លៃសំណង់អាគារឈើ។
ជប៉ុនប្រើបច្ចេកវិទ្យាសំណង់នេះតាំងពីជាង ១៣០០ ឆ្នាំមុន។ ដូច្នេះបើទោះបីជាយើងក្រឡេកមើលប្រទេសជប៉ុនសព្វថ្ងៃ ក៏មិននឹកស្មានថា ជប៉ុនធ្លាប់ជាប្រទេសឈានមុខខាងបច្ចេកវិទ្យាជាងមួយសហស្សវត្សរ៍មកហើយ។
Abe Kengo