បន្តក្តីស្រមៃដើរ​ឆ្ពោះ​ទៅ​មុខ​​តាម​រយៈ​រឿង​របស់​លោក Honda Soichiro

ប្រហែលជាគ្រប់គ្នាដឹងហើយថា Honda Soichiro ជាស្ថាបនិក HONDA Group ។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ក្រោយពេល​ដែល​លោក​ទទួល​មរណ​ភាព បុគ្គលិកនៅតែបន្តក្តីស្រមៃរបស់លោក និង​ធ្វើ​ឱ្យ​វា​ក្លាយទៅជាការពិតដែរទេ?

HONDA ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៨ ជាមួយនឹងចំនួនដើមទុន ១ លានយ៉េន។ ទន្ទឹម​នឹង​នោះ​ គឺជាគោល​ដៅ​ក្លាយ​​ជា​​ក្រុម​ហ៊ុន​​លេខ​មួយលើពិភពលោក។

HONDA ល្បីខាងផ្នែកម៉ូតូ និងរថយន្ត ប៉ុន្តែក្តីស្រមៃរបស់លោក Soichiro បែរជាងាកទៅលើមេឃ។ កាលនៅក្មេង លោក​ Soichiro កោតសរសើរអ្នកបើកយន្តហោះជនជាតិអាមេរិកម្នាក់យ៉ាងខ្លាំង ដែលបានសម្តែងការជិះយន្ត​ហោះ​ពេល​មក​ដល់​ប្រទេស​ជប៉ុន។ នៅពេលធំដឹងក្តី អោយ​តែ​មាន​ពេល​ទំនេរ លោក Soichiro តែងតែជិះកង់ទៅព្រលាន​​យន្ត​ហោះ ហើយសម្លឹងមើលយន្តហោះដូចជាក្មេងម្នាក់។

២៣ ឆ្នាំក្រោយពេលលោក Soichiro ទទួលមរណភាព យន្តហោះដែលដាក់ឈ្មោះ HONDA JET ត្រូវបានផលិត។ ថ្វីត្បិតតែ លោក Soichiro បានទទួលមរណៈភាពហើយក៏ដោយ ប៉ុន្តែបុគ្គលិករបស់លោកនៅតែបន្តបំពេញក្តីស្រមៃដែល​គាត់​បាន​បន្សល់​ទុក ជាមួយនឹងទឹកចិត្តដ៏ក្តៅគគុក។

ក្នុងអំឡុងពេល ៥ ឆ្នាំជាប់ៗគ្នាបន្ទាប់ពីផលិតដំបូង វាត្រូវបានគេកត់សម្គាល់ថាជាយន្តហោះឯកជនដែលលក់ដាច់​ជាង​គេ​នៅ​លើ​ពិភព​លោក។ ក្តីស្រមៃដែលលោក Soichiro ចង់សម្រេច នៅទីបំផុតបានក្លាយជាការពិត។

គ្រប់គ្នាតែងតែឆ្ងល់ថា តើលោក Soichiro ធ្វើយ៉ាងណាអាចបំផុសគំនិតទាំងនេះទៅដល់បុគ្គលិករបស់ខ្លួន?

“ប្រសិនបើអ្នកកំណត់គោលដៅ ១០០% អ្នកអាចនឹងធ្វើអោយមានកំហុសយ៉ាងហោចណាស់ ១% ព្រោះនោះជារឿងធម្មតាសម្រាប់មនុស្ស។ ដូច្នេះ​ហើយ បាន​ជា​យើង​ត្រូវ​កំណត់​គោល​ដៅ ១២០% ដើម្បី​លុប​បំបាត់​​កំហុសទាំងអស់” ។

នេះជាអ្វីដែល Soichiro តែងតែអនុវត្តនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយសារតែលោកយល់ថា រាល់កំហុសរបស់រថយន្ត និង​ម៉ូតូ​សុទ្ធ​តែ​ទាក់​ទងនឹងអាយុជីវិតរបស់អតិថិជន។

លោកតែងតែរំលឹកយ៉ាងម៉ឺងម៉ាត់ថា៖ “ចំណុចនោះមិនដូចជាយើងកំពុងព្យាយាមសម្លាប់អតិថិជន ដែលជាអ្នកបានផ្តល់ប្រាក់​ខែ​សម្រាប់​កំហុស​ទាំង​នោះ​ឬ?”

មូលហេតុដែលគាត់ចូលនិវត្តន៍

ក្នុង HONDA ធ្លាប់មានការពិភាក្សាលើកឡើងថា ម៉ាសុីនគួរតែធ្វើអោយត្រជាក់ដោយទឹក ឬខ្យល់។ គំនិតរបស់លោក Soichiro នាពេលនោះគឺ “ប្រសិន​បើ​រលត់ម៉ាសុីននៅវាលខ្សាច់ ធ្វើយ៉ាងណាមានទឹក ដូច្នេះមានតែខ្យល់ប៉ុណ្ណោះ” ។

យ៉ាងណាមិញ លោក Soichiro បានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីទទួលបានលទ្ធផលពិសោធ ព្រោះតែលោកផ្ទាល់​ក៏​មាន​អារម្មណ៍​ថា ដំណើរការរបស់ម៉ាស៊ីនត្រូវបានធ្វើអោយត្រជាក់ដោយទឹកខ្ពស់ជាង។

សកម្មភាពបន្ទាប់ពីលោកចូលនិវត្តន៍

លោក Honda Soichiro ចូលនិវត្តន៍កាលគាត់អាយុ ៦៥ ឆ្នាំ បន្ទាប់មកគាត់បានទៅកាន់រោងចក្រនីមួយៗ និងភ្នាក់​ងារ​ទូទាំង​ប្រទេស​ជប៉ុន ដើម្បីអរគុណបុគ្គលិកម្នាក់ៗចំពោះការខិតខំប្រឹងប្រែង។

គេនិយាយថា ជួនកាលលោកបានធ្វើដំណើរជាង ៤០០ គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។ ថ្ងៃមួយនៅពេលដែលគាត់កំពុងចាប់​ដៃ​គ្រប់​គ្នា បែរជាមានបុគ្គលិកម្នាក់ដកដៃវិញ ព្រោះខ្លាចប្រឡាក់ប្រេង។

“ទេ មិនអីទេ។ ខ្ញុំចូលចិត្តម្រាមដៃប្រឡាក់ប្រេងទាំងនោះ” លោកនិយាយទាំងរីករាយ បន្ទាប់មកចាប់ដៃយ៉ាង​ណែន ហើយ​ធុំ​ក្លិន​ប្រេង​ម៉ាស៊ីននៅលើដៃរបស់បុគ្គលិក។

ចំណុចដែលគួរអោយកោតសរសើរចំពោះលោក Soichiro ទោះបីជាគាត់ទើបតែរៀនចប់បឋមសិក្សាក៏ដោយ ប៉ុន្តែគាត់អាចធ្វើអោយ HONDA ក្លាយទៅជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ហើយតែងតែដឹងពីរបៀបទំនាក់​ទំនង​ជា​មួយ​បុគ្គលិក។

នៅពេលដែលគាត់មើលឃើញពីដែនកំណត់របស់ខ្លួន គាត់បានសម្រេចចិត្តចូលនិវត្តន៍ ហើយប្រគល់ទៅអោយមនុស្ស​ជំនាន់​ក្រោយ។ បុគ្គលិកទាំងអស់គោរពគាត់ដូចជាឪពុក ហើយហៅគាត់ថា “Oyassan” ។ HONDA បានទទួល​ស្នង​គំនិត និង​ក្តី​ស្រមៃ​ធ្វើ​អោយ​វា​ក្លាយ​ទៅ​ជា​ការពិត។

តើពួកគេនឹងបន្តផលិតអ្វីបន្ទាប់ពី HONDA JET ? ចាប់ពីពេលនេះ អ្នកទាំងអស់គ្នា​អាច​បន្ត​មើល​ការ​អភិវឌ្ឍរបស់ HONDA ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: