ហេតុ​ផល​ដែល​​ប្រជាជន​ជប៉ុន​លែង​​ចង់​​ដោះ​​ម៉ាស់​

ចំពោះការពាក់ម៉ាស់បានក្លាយជាទម្លាប់សំខាន់នៅលើពិភពលោកដោយសារជំងឺរាតត្បាតកូវីដ ១៩ ។ សព្វថ្ងៃនេះ ប្រទេសភាគច្រើនលែងប្រើម៉ាស់ជាប្រចាំទៀតហើយ។

យ៉ាងណាមិញ ភាគច្រើនប្រជាជនជប៉ុននៅតែពាក់ម៉ាស់ជាប្រចាំ។ តើដោយសារពួកគេខ្លាចវីរុសកូរ៉ូណាឬ?

ទម្លាប់ពាក់ម៉ាស់

តាមពិតទៅ ជប៉ុនមានទម្លាប់ពាក់ម៉ាស់មុនកើតជំងឺកូវីដ ១៩ ទៅទៀត។ មូលហេតុ​ព្រោះនោះជាវិធានការ​ទប់​ស្កាត់​​នឹង​​ជំងឺ​​​ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសជប៉ុន។ ជាពិសេសជំងឺគ្រុនផ្តាសាយ ជាជំងឺដែលប៉ះពាល់ដល់​មនុស្ស​ជា​ច្រើន​នៅ​រដូវ​រងា។

ក្រៅពីនេះ នៅនិទាឃរដូវមានជំងឺមួយកើតឡើងនៅជប៉ុន ដែលគេហៅថាអាឡែស៊ីលំអងផ្កា។ នោះជារដូវដែល​លំអងផ្ការីកសាយ មាន​ដូច​ជា​ដើម​តា​ត្រៅ ឬ​ដើម​ស្រល់​ជប៉ុន ប្រសិនបើស្រូបចូលច្រើនពេក ងាយនឹងអាឡែសុី កណ្តាស់ ឈឺបំពង់​ក ឈឺ​ក្បាល។ល។

គេនិយាយថា ក្នុងចំណោមមនុស្ស ២ នាក់ នោះនឹងមានម្នាក់អាឡែសុី ដូច្នេះវាបានក្លាយជាជំងឺប្រចាំរដូវ។ ដូច្នេះហើយ គ្រប់​គ្នា​មាន​​ទម្លាប់​​ពាក់​ម៉ាស់​ការ​ពារ​អាឡែសុី គឺជារឿងធម្មតានៅជប៉ុន។

ពាក់ម៉ាសដើម្បីបិទបាំងមុខដែលមិនទាន់ផាត់ឬ?

ម៉ាស់អាចបិទបាំងមុខរបស់អ្នកមួយផ្នែកធំ មនុស្សជាច្រើននិយាយថា ពួកគេមិនចង់ដោះម៉ាស់ចេញនោះទេ ព្រោះ​ពួក​គេ​មិន​ចាំ​បាច់​ផាត់​មុខ​ពេលចេញទៅក្រៅ។ ម្យ៉ាងវិញទៀត ម៉ាស់ក៏មានមុខងារធ្វើអោយយើងមានអារម្មណ៍​ថា​ស្អាត នៅ​ពេល​ដែល​បាំងពាក់កណ្តាលផ្ទៃមុខ។

នៅប្រទេសជប៉ុនម៉ាស់មិនត្រឹម​តែការពារជំងឺរាតត្បាតកូវីដ ១៩ ម៉ាស់ក៏បានក្លាយទៅជាម៉ូដពេញនិយមពេលចេញ​​ទៅ​​ក្រៅ​​ផង​​ដែរ។

មិនដឹង​ថា​ដល់​ពេលណា​ទើប​យើង​អាចមើលឃើញមុខមាត់របស់ប្រជាជនជប៉ុនពេលចេញទៅក្រៅឡើយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: