វិធីសាស្ត្រការពារផ្ទះឈើឆាបឆេះរបស់ប្រជាជនជប៉ុននៅសម័យមុន តើគេធ្វើបែបណា?
នៅសម័យនេះ រថយន្តពន្លត់អគ្គិភ័យនឹងមកដល់ភ្លាមៗពេលកើតមានអគ្គីភ័យឆាបឆេះ។ កាលពីមុនអ្នកដឹងទេ តើប្រជាជនជប៉ុនធ្វើយ៉ាងណាពេលមានអគ្គីភ័យ?
ថ្ងៃនេះខ្ញុំនឹងណែនាំឲ្យអ្នកស្គាល់ អ្នកពន្លត់អគ្គីភ័យនៅសម័យសាមូរ៉ៃ។
បញ្ហាលំនៅដ្ឋាននៅជប៉ុន
ជាដំបូង បញ្ហាស្ថិតលើផ្ទះ ដោយសារផ្ទះភាគច្រើនធ្វើពីឈើ ដូច្នេះងាយនឹងឆេះខ្លាំងណាស់។
ក្រៅពីនេះ ដង់ស៊ីតេប្រជាជនច្រើន នៅសម័យនោះ Edo ធ្លាប់ជាទីក្រុងធំជាងគេលើពិភពលោក។ ផ្ទះនៅ Edo ច្រើនរហូតដល់ថ្នាក់ពេលមានអគ្គីភ័យឆាបឆេះ ភ្លើងនឹងរាលដាលទៅកាន់ផ្ទះអ្នកជិតខាងយ៉ាងលឿន។
ម្យ៉ាងវិញទៀត អាកាសធាតុក៏ជាបញ្ហាមួយផងដែរ។ ដូចសព្វថ្ងៃនេះដែរ នៅ Edo រដូវរងាអាកាសធាតុស្ងួតខ្លាំង គ្រាន់តែខ្យល់បក់ពីលើភ្នំ ក៏អាចធ្វើឲ្យឆាបឆេះ និងបង្កអគ្គិភ័យបានដែរ។
អគ្គិភ័យខ្លាំងដែលមិនធ្លាប់មាន
ករណីអគ្គីភ័យនៅឆ្នាំ ១៦៥៧ ដែលស្ទើរតែបំផ្លាញទីក្រុងអេដូទាំងមូល។ គ្រប់គ្នារកផ្លូវចេញមិនឃើញ និងត្រូវអណ្តាតភ្លើងឆាបឆេះ។ លទ្ធផលមនុស្សជាង ១០ ម៉ឺននាក់បានស្លាប់។ ក្រៅពីនេះ មិនត្រឹមតែករណីឆេះមួយនេះ នៅមានករណីឆេះជាច្រើនកើតឡើងនៅ Edo ។
សូមក្រឡេកមកមើលក្រុមពន្លត់អគ្គីភ័យ Hikeshi នៅសម័យ Edo ដែលសម័យនេះគេហៅថា អ្នកពន្លត់អគ្គីភ័យ។
មើលចុះ តើដំបងចម្រុះពណ៌នោះជាអ្វី?
តើធ្វើយ៉ាងណាអាចពន្លត់ភ្លើងដោយប្រើដំបូងទាំងនោះបាន?
ប្រហែលជាមនុស្សជាច្រើនឆ្ងល់ដូចនេះ ដូច្នេះហើយ ខ្ញុំនឹងពន្យល់ពីស្ថានភាពពន្លត់អគ្គីភ័យជាក់ស្តែង ដោយប្រើរូបភាពមួយផ្សេងទៀតឲ្យកាន់តែងាយយល់។
នេះហើយ ប៉ុន្តែមើលទៅដូចជាមិនមែនកំពុងពន្លត់ភ្លើងទាល់តែសោះមែនទេ?
ដោយសារអ្នកពន្លត់អគ្គីភ័យនៅសម័យអេដូមិនពន្លត់ភ្លើងនោះទេ អ្វីដែលពួកគេកំពុងធ្វើ គឺខំប្រឹងបំផ្លាញផ្ទះដែលមិនទាន់ឆេះក្បែរនោះ ដើម្បីកុំឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។
ការបំផ្លាញផ្ទះជិតខាង ជាមធ្យោបាយការពារមិនឲ្យឆេះរាលដាលតទៅទៀត។ ជាការពិតណាស់ គេក៏ប្រើទឹកដែរ ប៉ុន្តែនេះប្រហែលជាដំណោះស្រាយដ៏ល្អបំផុតនៅសម័យដែលមិនមានម៉ាស៊ីនបូមទឹក និងមិនមានទឹកគ្រប់គ្រាន់សម្រាប់ពន្លត់ភ្លើង។
ចុះដំបងចម្រុះពណ៌នោះជាអ្វី? តើគេប្រើសម្រាប់បក់ឲ្យល្ហើយឬ?
តាមពិតទៅ វាគ្រាន់តែជាដំបងប្រើសម្រាប់លើកទឹកចិត្តប៉ុណ្ណោះ។ គេហៅថា Matoi តួនាទីរបស់វាគឺប្រើសម្រាប់លើកកម្ពស់ស្មារតីរបស់មិត្តរួមក្រុម ដែលកំពុងបំពេញភារកិច្ចពន្លត់អគ្គីភ័យ (និយាយតាមត្រង់គឺប្រតិបត្តិការបំផ្លិចបំផ្លាញ) ដោយគ្រវីដំបងហើយស្រែកខ្លាំងៗ ដើម្បីលើកទឹកចិត្តគ្រប់គ្នា។
ក្រុមវីរបុរស Hikeshi
សកម្មភាពលោតចូលអណ្តាតភ្លើងដ៏គ្រោះថ្នាក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លត់អគ្គីភ័យ ដោយធ្វើឲ្យប្រជាជន Edo កោតសរសើរយ៉ាងខ្លាំង ហើយចាត់ទុក Hikeshi ដូចជាជាវីរបុរស។
ទម្រង់អាវក្រៅដែល Hikeshi ប្រើមានច្រើន នោះក៏ជាការសម្គាល់ដែលថា ក្រុមពន្លត់អគ្គិភ័យមួយណាបានពន្លត់ភ្លើង។ នៅពេលដែលមានភ្លើងឆាបឆេះ គ្រប់គ្នាចង់ក្លាយជាមនុស្សដំបូងគេលោតចេញពីភ្នក់ភ្លើង ហើយលើកបង្ហាញអាវក្រៅរបស់ខ្លួន។
ព្រោះនេះជាមោទនភាពរបស់អ្នកពន្លត់អគ្គីភ័យនៅសម័យនោះ ដូច្នេះគ្មានអ្វីចម្លែកឡើយ ដែលពួកគេតែងតែប្រកួតប្រជែងគ្នាដណ្តើមកន្លែង។ ប៉ុន្តែផ្ទុយទៅវិញ ប្រហែលជាប្រជាជនចង់ឲ្យពួកគេផ្តោតលើការពន្លត់អគ្គីភ័យជាង។
ក្រៅពីបង្កើតក្រុម Hikeshi ទីក្រុង Edo ថែមទាំងបន្ថែមទន្លេតូចៗជាច្រើន ក្នុងគោលបំណងការពារការរីករាលដាលភ្លើងឆេះ។ រហូតមកដល់សព្វថ្ងៃនេះ ជប៉ុននៅតែមានការភ័យខ្លាចចំពោះ “អគ្គីភ័យ” ព្រោះអគារភាគច្រើនធ្វើពីឈើ។
យ៉ាងណាមិញ ប្រទេសជប៉ុនក៏កំពុងធ្វើទំនើបកម្មផងដែរ ដើម្បីបង្កើនសុវត្ថិភាពទីក្រុង តាមរយៈការបង្កើតសម្ភារសំណង់ដែលមិនងាយឆាបឆេះ និងបង្កើនការដំឡើងឧបករណ៍ពន្លត់អគ្គីភ័យទំនើបៗ។
Abe Kengo