អត្ថន័យនៃពាក្យ “Itadakimasu” និង “Gochisousama” នៅលើតុអាហាររបស់ប្រជាជនជប៉ុន
នៅពេលដែលប្រជាជនជប៉ុនទទួលទានបាយ ពួកគេតែងតែនិយាយថា ITADAKIMASU ។ តើអ្នកដឹងពីអត្តន័យពិតនៃពាក្យនេះដែរទេ?
ហេតុអ្វីបានជាប្រជាជនជប៉ុនត្រូវបានបង្រៀនឲ្យនិយាយពាក្យនេះពេលបរិភោគអាហារ? ចំណុចនេះមានប្រភពមកពីអត្តន័យនៃពាក្យ ITADAKU គឺទូលលើក្បាល។
បើតាមច្បាប់ទម្លាប់របស់ប្រជាជនជប៉ុន នៅពេលដែលទទួលបានរបស់អ្វីម្យ៉ាងពីអ្នកដែលមានឋានៈខ្ពស់ ពួកគេនឹងបង្ហាញការគោរពដោយលើកវាលើក្បាល។ គេលើករបស់នោះផង ហើយបន្ទាបក្បាលចុះផង។
ចាប់តាំងពីពេលនោះមក ពាក្យ ITADAKU ប្រើសម្រាប់និយាយសំដៅលើការទូលអ្វីមួយលើក្បាល។ ចំណុចនឹងក៏មានក្នុងភាសាសម័យនេះផងដែរ។ ឧទាហរណ៍បើមានព្រិលធ្លាក់គ្របដណ្តប់លើកំពូលភ្នំ គេនិយាយថា “Yuki wo itadaita yama” (កំពូលភ្នំគ្របដណ្តប់ទៅដោយព្រិល) ។
ដូច្នេះហើយ នៅពេលដែលអ្នកចង់បង្ហាញការគោរពចំពោះនរណាម្នាក់ របៀបនិយាយនេះដូចជាបង្កប់ន័យចាត់ទុកភាគីខ្ពស់ជាងខ្លួន។ តើពាក្យនេះគេប្រើសម្រាប់និយាយជាមួយម្តាយ ឬចុងភៅ ជាអ្នកដែលចម្អិនម្ហូបសម្រាប់យើងឬ? មិនមែនដូច្នេះនោះទេ។
គ្រប់យ៉ាងដែលយើងបរិភោគសុទ្ធតែមានជីវិត មិនត្រឹមតែសាច់ ត្រី ស៊ុតប៉ុណ្ណោះទេ សូម្បីតែបន្លែ មើម ផ្លែឈើ អង្ករសុទ្ធតែមានជីវិត។ យើងនៅរស់ដោយសារការបរិភោគអាហារទាំងនោះ ដូច្នេះចូរដឹងគុណ និងបង្ហាញការគោរពចំពោះរបស់គ្រប់យ៉ាងដែលយើងបរិភោគ។
ម្យ៉ាងវិញទៀត នៅជប៉ុនបោះចោលអាហារជាទង្វើអាក្រក់។ ចំណុចនេះមានន័យថា អ្នកកំពុងតែខ្ជះខ្ជាយជីវិតដ៏មានតម្លៃរបស់សត្វដទៃទៀត។
មានពាក្យមួយទៀតដែលអ្នកគួរតែចងចាំផងដែរ គឺពាក្យ GOCHISOUSAMA ។ ពាក្យនេះប្រជាជនជប៉ុនប្រើបន្ទាប់ពីបរិភោគអាហាររួច ប៉ុន្តែប្រហែលជាមនុស្សមិនច្រើនទេ ដែលស្គាល់អត្ថន័យនៃពាក្យនេះមែនទេ?
បើសរសេរជាអក្សរ Han អ្នកប្រហែលជាយល់ខ្លះ។ គេសរសេរថា “ご馳走様” ។
សម្រាប់អ្នកដែលចេះអក្សរ Han គេប្រាកដជាយល់ខ្លះអត្តន័យរបស់វា។ យ៉ាងណាមិញ ប្រសិនបើបកប្រែមានន័យថា ចូរទុកឲ្យសេះរត់ទៅប្រមូលគ្រឿងផ្សំឆ្ងាញ់ៗ។
ជាក់ស្តែងគឺអត់មានសេះទាល់តែសោះ ប៉ុន្តែនោះជាការប្រៀបប្រដូច ចំពោះការដឹងគុណអ្នកដែលបានខិតខំប្រឹងប្រែង ដើម្បីចម្អិនម្ហូបឆ្ងាញ់ៗ។
ពាក្យ “GO” ដំបូងគឺជាពាក្យគួរសម រីឯ “SAMA” ជារបៀបនិយាយបង្ហាញការគោរព ហើយក៏ស្រដៀងនឹងរបៀបប្រើបន្ថែមពីក្រោយឈ្មោះរបស់នរណាម្នាក់ដែរ។
មុនពេលទទួលទាន គ្រប់គ្នាបង្ហាញពីការដឹងគុណចំពោះអាហារទាំងអស់ និងចាប់ផ្តើមបរិភោគ។ ពេលទទួលទានរួច អ្នកទាំងអស់គ្នាអរគុណអ្នកដែលបានធ្វើម្ហូប ហើយបញ្ចប់ការទទួលទាន នេះជាច្បាប់ទម្លាប់លើតុអាហាររបស់ប្រជាជនជប៉ុន។
ហេតុអ្វីបានជាប្រជាជនជប៉ុនតែងតែនិយាយបែបនេះពេលទទួលទាន ទាំងសព្វថ្ងៃពួកគេអាចនឹងភ្លេចអត្តន័យទាំងនោះ?
ព្រោះពេលដែលធ្វើបែបនេះ ដូចជាពួកគេមានអារម្មណ៍កក់ក្តៅនៅលើតុអាហារអញ្ចឹង។
នេះជាពាក្យដែលពិបាកនឹងបកស្រាយអត្តន័យច្បាស់លាស់។ ប៉ុន្តែការដឹងគុណចំពោះរបស់គ្រប់យ៉ាង អ្នកគ្រាន់តែនិយាយតាមភាសាជប៉ុនដូចនេះគឺបានហើយ។
Abe Kengo