តើអ្នកដឹងទេថារាជធានីរបស់ជប៉ុនស្ថិតនៅឯណា?
នេះជាសំណួរដែលពិបាក តើអ្នកស្គាល់ទេថា រាជធានីជប៉ុនស្ថិតនៅឯណា?
នោះគឺទីក្រុង Tokyo គ្មានអ្វីពិបាកឡើយ។
មនុស្សភាគច្រើនប្រហែលជាឆ្លើយបែបនេះ ប៉ុន្តែចម្លើយមិនត្រឹមត្រូវនោះទេ។ Tokyo មិនមែនជារាជធានីរបស់ជប៉ុនឡើយ អ្នកប្រហែលជាឆ្ងល់ពេលដែលឮខ្ញុំនិយាយបែបនេះ យ៉ាងណាមិញ នេះជាការពិត ដែលសូម្បីតែប្រជាជនជប៉ុនក៏មិនដឹងដែរ។
កាលពីមុន ជប៉ុនធ្លាប់ផ្លាស់រាជធានីទៅកាន់ខេត្ត Nara និង Kyoto សព្វថ្ងៃ។ ជប៉ុនជាប្រទេសដែលបង្កើតឡើងដោយមានព្រះចៅអធិរាជជាប្រមុខ ដូច្នេះមានច្បាប់ទម្លាប់មួយចែងថា រាជធានីជាកន្លែងដែលព្រះចៅអធិរាជគង់នៅ។
Tokyo ត្រូវបានគេហៅថា Edo ក្នុងសម័យសាមូរ៉ៃ នៅទីនេះជាស្រុកកំណើតរបស់ត្រកូល Tokugawa ដែលជាអ្នកកាន់អំណាចប្រទេសនាពេលនោះ។ ប៉ុន្តែអំណាចរបស់ពួកគេត្រូវបានអនុញ្ញាតដោយអធិរាជ ដូច្នេះហើយ ទីនេះមិនមែនជារាជធានីរបស់ប្រទេសនោះទេ។
នៅពេលដែលយុគសម័យសាមូរ៉ៃបានបញ្ចប់ និងដំណើរការទំនើបកម្មនៃសម័យ Meiji ចាប់ផ្តើម។ គ្រួសារ Tokugawa បានចាកចេញ ចំណែកឯអធិរាជយាងចូលមកកាន់ Edo ។
ក្រោយមក នៅទីនេះបានប្តូរឈ្មោះទៅជាទីក្រុង Tokyo ហើយបានក្លាយជារាជធានីរបស់ជប៉ុន។ យ៉ាងណាមិញ ស្ថានភាពនៅក្នុងប្រទេសជប៉ុនបានផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីសង្គ្រាម។
និយាយពីរដ្ឋធម្មនុញ្ញ ក្រោយពេលជប៉ុនចាញ់សង្រ្គាម កម្លាំងកាន់កាប់បានផ្លាស់ប្តូរចំណុចជាច្រើនក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។ ចំណុចដែលផ្លាស់ប្តូរធំបំផុតគឺ វត្តមានរបស់អធិរាជ។
ព្រះចៅអធិរាជបន្តចាត់ទុកដូចជា “និមិត្តរូប” មិនមែនជាអ្នកនាំមុខប្រទេសជប៉ុនទៀតទេ។ ព្រោះតែមិនមែនជាប្រមុខ គំនិតពីមុនដែលថា កន្លែងដែលអធិរាជគង់នៅជារាជធានីលែងត្រូវហើយ។
ចុះនៅប្រទេសផ្សេងវិញ? មានប្រទេសជាច្រើនបញ្ជាក់យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យច្បាស់រាជធានីរបស់ពួកគេនៅកន្លែងណា។
ក្នុងរដ្ឋធម្មនុញ្ញជប៉ុនក៏បានកំណត់អំពីនិយមន័យ “តំបន់រាជធានី” ផងដែរ។ តំបន់រាជធានីត្រូវគេកំណត់ថា “ជាតំបន់នៅ Tokyo និងតំបន់ជុំវិញ” ចំណុចនេះមានន័យថា រួមទាំងខេត្ត Saitama, Chiba និង Kanagawa ។
ជាងនេះទៅទៀត មិនមាននិយមន័យច្បាស់លាស់ចំពោះពាក្យ “តំបន់ជិតខាង” នោះទេ ដូច្នេះវាក៏អាចគ្របដណ្តប់ទៅដោយតំបន់ធំទូលាយផងដែរ។ ហេតុនេះ Tokyo មិនអាចហៅថា រាជធានីបានទេ ព្រោះក្នុងរដ្ឋធម្មនុញ្ញជប៉ុនមិនបានកំណត់ច្បាស់រាជធានីឡើយ។
ដោយសារទីក្រុង Tokyo កំពុងតែដើរតួដូចជារាជធានី ដូច្នេះចម្លើយត្រឹមត្រូវគឺ “ទីក្រុង Tokyo ជារាជធានីមិនផ្លូវការរបស់ជប៉ុន” ។
ទោះជាយ៉ាងណា មនុស្សជាច្រើនគិតថា គ្រប់យ៉ាងនៅ Tokyo ។ Tokyo មិនត្រឹមតែមានមុខងារជាក្បាលម៉ាសុីនរបស់រដ្ឋាភិបាលក្នុងនាមជារាជធានី រួមទាំងមុខងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ក្រៅពីនេះ ក៏មានមតិលើកឡើថា ហានិភ័យនៃគ្រោះមហន្តរាយដែលបណ្តាលមកពីរញ្ជួយដីនៅទីក្រុង Tokyo ខ្ពស់ ដូច្នេះប្រសិនបើបង្កើតរាជធានីដែលរឹងមាំ ប្រហែលជប៉ុនគួរតែជ្រើសរើសកន្លែងដែលល្អជាង។
យើងតែងតែនិយាយពីប្រទេសជប៉ុនដែលស្រពេចស្រពិល សូម្បីតែជនជាតិជប៉ុនដូចជាខ្ញុំ ក៏មិនដឹងថា រាជធានីរបស់ប្រទេសខ្លួនមានភាពស្រពេចស្រពិលយ៉ាងនេះដែរ។
Abe Kengo