ការអប់រំកុមារឲ្យ “ចេះជួយអ្នកដទៃ” និង “ធ្វើគ្រប់យ៉ាងដោយខ្លួនឯង” នៅជប៉ុន
នៅប្រទេសជប៉ុនការអប់រំឲ្យ “ចេះជួយអ្នកដទៃ” ជាឧបសគ្គមួយសម្រាប់កុមារ ដើម្បីជួយឲ្យកុមារក្លាយជាមនុស្សឯករាជ្យម្នាក់។ ថ្វីត្បិតតែ វប្បធម៌មួយនេះស្ទើរតែបាត់បង់បន្តិចម្តងៗ យ៉ាងណាមិញ វប្បធម៌ចេះ “ជួយអ្នកដទៃ” ធ្លាប់មានច្រើននៅជប៉ុន។
កូនៗជួយម្តាយការងារផ្ទះ ឬទៅទិញអីវ៉ាន់ជំនួសឪពុក។ នៅសាលារៀន ប្អូនៗចេះជួយលោកគ្រូអ្នកគ្រូ ហេតុអ្វីបានជាប្រជាជនជប៉ុនទុកឲ្យកូនៗរបស់ខ្លួនធ្វើរឿងទាំងនេះ?
នោះក៏ព្រោះតែពួកគេចង់ឲ្យកូនៗរបស់ខ្លួន “មានទំនួលខុសត្រូវ” ចំពោះការបោសសម្អាតផ្ទះ ធ្វើម្ហូប ទៅផ្សារជាដើម។ និយាយឲ្យត្រង់ទៅ ប្រសិនបើយើងធ្វើដោយខ្លួនឯង លឿនជាងប្រគល់ឲ្យក្មេងៗ។ ប៉ុន្តែកូនៗនឹងមិនអាចធ្វើដោយខ្លួនឯងបានឡើយ បើឪពុកម្តាយតែងតែធ្វើបែបនេះ។
ក្រៅពីនេះ យើងថែមទាំងអាចបញ្ចូលការអប់រំចំពោះ “ប្រាក់” ក្នុងចំណុចនេះផងដែរ។ កុមារអាចរៀនពីរបៀបបង្វែរកម្លាំងពលកម្មទៅជាប្រាក់។ ឧទាហរណ៍ដូចជាយើងជួយប៉ាម៉ាក់បត់ខោអាវអាចទទួលបានប្រាក់ប៉ុន្មាន ឬជួយចម្អិនម្អូបទទួលបានប្រាក់ប៉ុន្មាន។
គ្មានរឿងដែលថា អ្នកមិនធ្វើអ្វីសោះបែរជាទទួលបានប្រាក់នោះទេ។ ត្រូវពឹងលើការខិតខំប្រឹងប្រែងរបស់ខ្លួនទើបអាចប្តូរទៅជាប្រាក់បាន ដែលត្រូវគេចាត់ទុកជារឿងធម្មតាក្នុងសង្គមរបស់មនុស្សពេញវ័យ។
ដោយសារគោលបំណងរបស់មនុស្សធំគឺចង់ឲ្យកុមារដឹងថា រកប្រាក់ជារឿងដែលពិបាកណាស់ ដូច្នេះប្រសិនបើយើងមិនខំប្រឹង មិនអាចរកប្រាក់បានឡើយ។
នៅសាលាក៏ដូចគ្នាដែរ សិស្សត្រូវសម្អាតថ្នាក់រៀនដោយខ្លួនឯង។ មិនត្រឹមតែសម្អាតតុរបស់ខ្លួន ប្អូនៗត្រូវសម្អាតឧបករណ៍ដែលប្រើប្រាស់រួមក្នុងថ្នាក់រៀន បន្ទប់ហាត់ប្រាណ ច្រកចូលជាដើម។
ចំពោះការរៀបចំអាហារក៏ដូចគ្នាដែរ ចុងភៅជាអ្នកចមម្អិនម្ហូប ប៉ុន្តែតួនាទីរបស់ប្អូនគឺបែងចែកអាហារដល់សិស្សផ្សេងទៀត និងសម្អាតបន្ទាប់ពីបរិភោគ។ សិស្សថែមទាំងជួយលោកគ្រូអ្នកគ្រូក្នុងការបោះពុម្ពឯកសារផងដែរ។
ដូច្នេះពេលធំដឹងក្តី ហើយទៅធ្វើការ ពួកគេនៅតែចាត់ទុកការងារទាំងនោះជាការងារទូទៅ ហើយសម្អាតអនាម័យនៅក្នុងក្រុមហ៊ុន។
ការអប់រំអត្តចរិក “ខ្លួនទីពឹងខ្លួន” សម្រាប់កុមារនៅជប៉ុន ដើម្បីបង្រៀនឲ្យប្អូនៗធ្វើការងារផ្សេងៗដោយខ្លួនឯង។ តើអ្នកយល់ថា គំនិតអប់រំបែបនេះខុសពីប្រទេសដទៃទៀតដែរទេ?
ជប៉ុនជាកន្លែងដែលមានបរិយាកាសពិបាករស់នៅ ធម្មជាតិនៅជប៉ុនស្រស់ស្អាត ប៉ុន្តែរដូវរងាត្រជាក់ខ្លាំងណាស់ ថែមទាំងមានព្រិលទៀត។ ចំណែករដូវក្តៅ គឺក្តៅខ្លាំង។
ប្រទេសជប៉ុនថែមទាំងមានគ្រោះមហន្តរាយធម្មជាតិជាច្រើនដូចជា រញ្ជួយដី រលកយក្សស៊ូណាមិ ភ្លើងឆេះព្រៃ និងបន្ទុះភ្នំភ្លើង។
ខ្ញុំជឿថា ការផ្តួចផ្តើមនៃគំនិតអប់រំនេះមកពីទស្សនៈ “យើងមិនអាចរស់នៅដោយមិនជួយគ្នាទៅវិញទៅមកបានទេ” ហើយ “យើងត្រូវធ្វើគ្រប់យ៉ាងដោយខ្លួនឯង” ។
សម័យកាលផ្លាស់ប្តូរ សព្វថ្ងៃយើងអាចការពារគ្រោះមហន្តរាយបានមួយផ្នែកដែរ។ ហើយយើងក៏មានវិធានការទប់ស្កាត់រដូវរងា និងក្តៅផងដែរ។ យ៉ាងណាមិញ ខ្ញុំគិតថា “ការជួយគ្នាទៅវិញទៅមក” និង “ធ្វើដោយខ្លួនឯង” នៅតែសំខាន់ក្នុងសម័យនេះ។
Abe Kengo