សុជីវធម៌ក្នុងការទទួលទានអាហាររបស់ប្រជាជនជប៉ុន

អាកប្បកិរិយា​គួរសមពេលទទួលទាននឹងធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញជាងមុនដល់ទៅ ១០០ ដង។ ដូច្នេះហើយ ចូរ​យើង​ប្រកាន់​​យកភាព​គួរ​សម ដើម្បីកុំឲ្យបាក់មុខមិនថាអ្នកទៅដល់ប្រទេសណាលើពិភពលោកក៏​ដោយ។

តើអ្នកដឹងទេ មិនត្រឹម​តែជប៉ុន សូម្បីតែបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក មនុស្សដែលនៅជុំវិញអ្នកប្រាកដ​ជា​សង្កេតមើលអាកប្បកិរិយាគួរ​សម​​ពេល​បរិភោគ​អាហារ​របស់អ្នក។ មិនថាមនុស្សម្នាក់ស្អាតប៉ុណ្ណា ប្រសិន​បើ​របៀប​ទទួល​​ទាន​​​មិន​​ល្អ ប្រាកដជាបន្សល់ទុកអារម្មណ៍មិនល្អក្នុងក្រសែមនុស្សគ្រប់គ្នា។

ដូច្នេះហើយ អាកប្បកិរិយាគួរសមក្នុងការទទួលទានអាហារមិនត្រឹមតែប៉ះពាល់ដល់ស្នេហារបស់អ្នក រួមទាំងការងាររបស់​អ្នក​ផង​ដែរ។ ប្រសិនបើអ្នកមិនដឹងពីសុជីវធម៌គួរតែមាន អ្នកងាយនឹងបរាជ័យក្នុងជីវិតណាស់។

១. ប្រើទូរស័ព្ទស្មាតហ្វូនពេលកំពុងទទួលទាន

នៅពេលយើងទទួលទានអាហារ ជាពេលដែលអាចរីករាយនឹងការសន្ទនាជាមួយមនុស្សនៅជុំវិញ។ ពេលយើងបរិភោគ​អាហារក្នុងមាត់ យើងអាចក្រេបយករសជាតិត្រឹមតែ ៣០%​ ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្វីដែលអ្នកមើលឃើញ ឬបរិយាកាសការសន្ទនានៅពេលនោះទើបអាចនាំមកនូវរស់ជាតិឆ្ងាញ់ ១០០%។

ប្រសិនបើមនុស្សដែលសំខាន់ចំពោះអ្នកកំពុងអង្គុយទល់មុខអ្នក ហើយទទួលទានអាហារទាំងក្នុងដៃកាន់ស្មាត​ហ្វូន តើ​អ្នក​អាច​នឹង​រីក​រាយ​បរិភោគ​​អាហារ​ឆ្ងាញ់ៗ​ដែរទេ?

២. កុំឲ្យ​គ្រប់គ្នាមើលឃើញប្រហោងមាត់របស់អ្នក

នៅពេលដែលហូបបាយ និងជជែកគ្នា យើង​ទាំង​អស់​គ្នា​ត្រូវ​ប្រើ​មាត់។ ប៉ុន្តែបើសិនជាយើងធ្វើសកម្មភាពទាំង ២ នេះក្នុងពេលតែមួយ ពិតជាអាក្រក់មើលណាស់។ ប្រសិនបើអ្នកហាមាត់ធំ ហើយនិយាយខណៈពេលដែលមាត់ពេញទៅដោយអាហារ តើអ្នកដទៃនឹងមានអារម្មណ៍ល្អទេពេលមើលឃើញ?

៣. កុំបង្វិលចង្កឹះផ្តេសផ្តាស

នៅពេលដែលការសន្ទនាឈានដល់ចំណុចកំពូល កាយវិការរាងកាយរបស់យើងកាន់តែច្រើនឡើង។ ប៉ុន្តែនៅពេលនោះ អ្នកគួរតែដាក់ចង្កឹះនៅលើតុ ព្រោះបើបង្វិលចង្កឹះផ្តេសផ្តាសពិតជាគ្រោះណាស់។ ម្យ៉ាងវិញទៀត អាចនឹងធ្វើឲ្យ​ភាគីមានអារម្មណ៍មិនល្អ។

៤. កុំអង្គុយចំហជើងធំពេក

ប្រហែលដោយសារតែជិះម៉ូតូច្រើនពេក មនុស្សជាច្រើនមានទម្លាប់អង្គុយចំហជើងធំ។ ការដែលអង្គុយចំហជើងលើកៅអី ជាពិសេសមនុស្សស្រីអាចនឹងធ្វើឲ្យ​ភាគីម្ខាងទៀតមានអារម្មណ៍មិនល្អ។ អាច​និយាយ​បាន​ថា​ សកម្មភាព​​នេះ​​ជា​ទង្វើ​ខ្វះ​សុជីវធម៌​​ជា​ជាង​​មិន​សមរម្យ។

៥. កុំផឹកច្រើនពេក

នៅពេលដែលផឹកស្រានឹងធ្វើឲ្យ​អ្នកមានអារម្មណ៍ល្អ ប៉ុន្តែបើផឹកជ្រុលអាចបណ្តាលឲ្យ​អ្នកក្អួត។ ចំណុចនេះមើលទៅមិនសមរម្យនោះទេ។

ប្រសិនបើនោះជាពិធីជប់លៀងរវាងសិស្ស និងសិស្សវាអាចទទួលយកបាន ប៉ុន្តែចំពោះមនុស្សពេញវ័យគឺពិតជាអាក្រក់ណាស់។ ជាពិសេសនៅចំពោះមុខមនុស្សដែលសំខាន់សម្រាប់អ្នក អាកប្បកិរិយានេះមិនអាចទទួលយកបាន​ទេ។

ប្រហែលជាអ្នកគិតថា ប្រជាជនកម្ពុជាមិន​ខ្វល់​ពី​រឿង​ទាំង​នេះ​ទេ ប៉ុន្តែខ្ញុំគិតថា មិនមែនដូច្នេះទេ។ ចំនួនជនបរទេស​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។ ផ្ទុយទៅវិញ ចំនួនប្រជាជនកម្ពុជាដែល​មាន​ឱកាស​ចេញ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ក៏​កើន​ឡើង​ដែរ។ ដូច្នេះអ្នកអាចសួរពួកគេថា តើគំនិតនេះត្រូវ ឬខុស។

បើសូម្បីតែខ្លួន​ឯង​ក៏មិនចេះគួរសម ធ្វើយ៉ាងណាអាចបង្រៀនកូនមែនទេ? តើអ្នកធ្លាប់ស្រមៃគិតថា កូនអ្នកអាច​នឹង​ត្រូវ​​គេ​​សើច​​ចំអក​​ដែរ​​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: