ព្រឹត្តិការណ៍អូឡាំពិកត្រូវ “ដាក់ទំនាយ” មិនត្រឹមតែកើតឡើងក្នុងឆ្នាំ ២០២០ ប៉ុណ្ណោះទេ
នៅឆ្នាំ ២០២០ ជប៉ុនបានខិតខំប្រឹងប្រែងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ។ ក្រោមស្ថានភាពវិបត្តិសេដ្ឋកិច្ច ជប៉ុនបានរំពឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងស្តារប្រទេសឡើងវិញ។ យ៉ាងណាមិញ ដោយសារផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូត្រូវផ្អាក។
ថ្វីត្បិតតែ ក្រោយមកត្រូវបានប្រារព្ធឡើងវិញ ប៉ុន្តែព្រឹត្តិការណ៍កីឡាអូឡាំពិកស្ថិតក្រោមការរឹតបន្តឹង និងគោលបំណងស្តារសេដ្ឋកិច្ចឡើងវិញក៏ពិបាកដែរ។ តើរឿងនេះអាចនឹងត្រូវដាក់ទំនាយដែរទេ?
ទោះជាយ៉ាងណា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ មិនមែនជាករណីតែមួយគត់ដែលត្រូវដាក់ទំនាយនោះទេ។ តើអ្នកដឹងទេថា ធ្លាប់មានគម្រោងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ១៩៤០ ត្រូវលុបចោល។
ជប៉ុនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកដំបូង
កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៣៦ ប្រជាជនជប៉ុនទូទាំងប្រទេសរំភើបយ៉ាងខ្លាំងពេលដឹងថា ប្រទេសជប៉ុនត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ១៩៤០ ។
ក្រោយពេលបញ្ចប់សម័យសាមូរ៉ៃក្នុងឆ្នាំ ១៨៦៨ ជប៉ុនបានអភិវឌ្ឍយ៉ាងខ្លាំង។ យ៉ាងណាមិញ នៅតែមានគម្លាតសេដ្ឋកិច្ច និងយោធារវាងជប៉ុន និងប្រទេសលោកខាងលិច។ នៅពេលនោះ ការដែលក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកក្រោមស្ថានភាពលំបាកបាននាំមកនូវក្តីសង្ឃឹមដល់ប្រជាជនជប៉ុន។
នៅឆ្នាំ ១៩៤០ ជាពេលដែលទីក្រុងតូក្យូប្រារព្ធខួប ២៦០០ ឆ្នាំ ចាប់តាំងពីពេលដែលព្រះចៅអធិរាជដំបូងឡើងសោយរាជ្យ។ នោះជាព្រឹត្តិការណ៍ដ៏សំខាន់ និងបំណងរបស់អភិបាល (បច្ចុប្បន្នជាអភិបាលក្រុងតូក្យូ) ដើម្បីធ្វើឲ្យទីក្រុងតូក្យូក្លាយជាមជ្ឈមណ្ឌលដ៏មមាញឹក និងអ៊ូអរ។
អត្តពលិកនៅជុំវិញពិភពលោកមកកាន់ទីក្រុងតូក្យូ ហើយគ្រប់គ្នាអាចមើលឃើញកីឡាដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននៅលើពិភពលោក។ នៅក្នុងទីក្រុង មានមនុស្សជាច្រើនទន្ទឹងរង់ចាំទស្សនាការប្រកួត និងអបអរសាទរ ព្រោះជប៉ុនបានក្លាយជាប្រទេសដែលស្មើនឹងពិភពលោក។
វិស័យកីឡាហាក់ដូចជាឆ្លើយតបយឺតបើប្រៀបនឹងការរំពឹងទុក
យ៉ាងណាមិញ នៅពេលនោះវិស័យកីឡារបស់ជប៉ុនមានចំណុចមិនល្អត្រង់ថា ចំនួនអ្នកចេះភាសាបរទេសតិចបំផុត ដែលធ្វើឲ្យមានការលំបាកក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក។ ក្រៅពីនេះ នៅមានបញ្ហាជាច្រើនទៀតដូចជាការចំណាយ គុណភាពកីឡដ្ឋាន ដែលបង្កើតបានជាខ្សែសង្វាក់ឧបសគ្គសម្រាប់រដ្ឋាភិបាលជប៉ុន។ យូរៗទៅលេចឡើងនូវមតិជាច្រើនថា “ជប៉ុនមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ” ។
អូឡាំពិកគឺជានយោបាយអន្តរជាតិ
Olympic គឺជាព្រឹត្តិការណ៍កីឡាដ៏ធំ ប៉ុន្តែអ្នកនយោបាយបែរជាមានទស្សនៈផ្ទុយទៅវិញ។ Olympic ជាឆាកនយោបាយអន្តរជាតិ ដូច្នេះ នេះជាលើកទីមួយហើយដែលជប៉ុនអាចចូលរួមក្នុងតំបន់អាសុី។
នៅពេលដែលពិចារណាចំពោះគោលដៅរបស់ព្រឹត្តិការណ៍អូឡាំពិក ២០២០ យើងអាចមើលឃើញថា វាដូចជាគោលដៅស្តារសេដ្ឋកិច្ចជាជាងព្រឹត្តិការណ៍កីឡា។ ទស្សនៈនេះបានបណ្តាលឲ្យមានភាពខុសគ្នារវាងអ្នកនយោបាយ និងគណៈកម្មាធិការរៀបចំអូឡាំពិក ដែលនាំឲ្យមានការជជែកគ្នាយ៉ាងក្តៅគគុក។
ពិធីដង្ហែភ្លើងគប់តាមប្រវត្តិសាស្ត្រជប៉ុន
ដើម្បីរៀបចំសម្រាប់ថ្ងៃប្រារព្ធព្រឹត្តិការណ៍អូឡាំពិក នឹងប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយហៅថា “ពិធីដង្ហែភ្លើងគប់” ដោយភ្លើងគប់ត្រូវបានបញ្ជូនដោយដៃពីចំណុចចាប់ផ្តើមរហូតដល់ទីបញ្ចប់ឆាក។
ព្រឹត្តិការណ៍នេះក៏ត្រូវបានធ្វើឡើងក្នុងគោលបំណងនយោបាយផងដែរ។ មនុស្សដំបូងដែលបង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្រជប៉ុនកាលពី ២៦០០ ឆ្នាំមុន គឺអធិរាជដំបូងដែលប្រសូត្រនៅ Miyazaki, Kyushu ។ ទ្រង់យាងទៅដល់ភាគបូព៌ា ដោយដណ្តើមយក និងបង្រួបបង្រួមជប៉ុន។
ពិធីដង្ហែភ្លើងគប់ក៏ចេញដំណើរពី Miyazaki និងឆ្ពោះទៅទិសខាងកើតទីក្រុងតូក្យូ។ សរុបចម្ងាយប្រហែល ១៥០០ គីឡូម៉ែត្រ សមាជិកយោធាក៏បានចូលរួម និងជួយដល់ព្រឹត្តិការណ៍ផងដែរ។
សម្ពាធដើមទុនច្រើន
សរុបប្រាក់ចំនួន ២៣០០ លានយ៉េនត្រូវបានចំណាយលើការសាងសង់ផ្លូវថ្នល់ មជ្ឈមណ្ឌលកីឡា និងកន្លែងស្នាក់នៅសម្រាប់អត្តពលិក។ ប្រសិនបើគិតតាមការចំណាយបច្ចុប្បន្ន ចំនួននេះឡើងដល់ ៤៥៨ ពាន់លាន ៣០០ លានយ៉េន។ ថវិកាដំបូងគិតត្រឹម ២/៣ បើប្រៀបនឹងចំនួនទឹកប្រាក់ជ្រើសរើសព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែក្រោយមកវាកើនឡើងគួរឲ្យកត់សម្គាល់ដូចនៅឆ្នាំ ២០២០ ។
ជប៉ុនមិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់បំពេញថវិកានោះឡើយ និងកំពុងប្រឈមនឹងហានិភ័យត្រូវដកសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក។ ក្រោយមក កើតមានព្រឹត្តិការណ៍សង្គ្រាមរវាងជប៉ុន និងចិន។
រៀបចំកីឡាអូឡាំពិក ឬផលិតនាវាចម្បាំង?
ក្នុងបរិបទកម្រិតតានតឹងនឹងចិនកើនឡើង ការជជែកដេញដោលគ្នាក្នុងយោធាបានកើតឡើង ប្រសិនបើមានថវិកាគ្រប់គ្រាន់សម្រាប់ប្រារព្ធព្រឹត្តិការណ៍អូឡាំពិក ហេតុអ្វីបានជាយើងមិនយកប្រាក់នោះទៅផលិតនាវាចម្បាំង?
នៅទីបំផុត សិទ្ធិរៀបចំត្រូវបានដកហូត និងបន្ទាប់មកទៀតគឺការចាប់ខ្លួន
ចុងក្រោយ សិទ្ធិរៀបចំត្រូវបានដកហូត មានន័យថាសម្រេចចិត្តលុបចោល។ ថ្វីត្បិតតែរំភើបយ៉ាងខ្លាំង យ៉ាងណាជប៉ុនមិនអាចប្រារព្ធព្រឹត្តិការណ៍អូឡាំពិកបាន។ ទន្ទឹមនឹងនោះ សង្គ្រាមរវាងជប៉ុន និងចិនក៏កាន់តែខ្លាំងឡើងៗ ស្របពេលជាមួយគ្នានេះ ជប៉ុនក៏បានបង្កជម្លោះនឹងប្រទេសជាច្រើនទៀត ហើយបរាជ័យ។
មនុស្សមួយចំនួនដែលបានខិតខំប្រឹងប្រែងដើម្បីព្រឹត្តិការណ៍អូឡាំពិក បានក្លាយជាអ្នកទោសសង្គ្រាម និងត្រូវចាប់ខ្លួន។ នៅឆ្នាំ ២០២០ ក៏ក្លាយជាព្រឹត្តិការណ៍អូឡាំពិកដែលពោរពេញដោយអំពើពុករលួយ ហើយមនុស្សជាច្រើនត្រូវចាប់ខ្លួន។
នៅឆ្នាំ ១៩៦៤ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូត្រូវបានប្រារព្ធឡើងដោយជោគជ័យ ដែលបានក្លាយជាព្រឹត្តិការណ៍ដំបូងរបស់អាសុី និងជាព្រឹត្តិការណ៍ដំបូងដែលរៀបចំដោយ “ប្រទេសជនជាតិស្បែកខ្មៅ” ។ ជាមួយនឹងការរៀបចំយ៉ាងល្អឥតខ្ចោះ ព្រឹត្តិការណ៍ទីពីរបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ សរុបចំនួនមេដាយដែលជប៉ុនសម្រេចបានជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពសូវៀត។
លើកទី ១ បរាជ័យ លើកទី ២ ជោគជ័យ និងនៅឆ្នាំ ២០២០ បរាជ័យម្តងទៀត។ ដូច្នេះ យើងសង្ឃឹមថា លើកក្រោយនឹងក្លាយជាព្រឹត្តិការណ៍អូឡាំពិកដែលជោគជ័យសម្រាប់ជប៉ុនមែនទេ?
Abe Kengo