ទម្រង់ការងារលួចលាក់តែទទួលបានប្រាក់ចំណូលខ្ពស់នៅជប៉ុន
មិនដូចជាការងារធម្មតាទេ ការងារក្រៅម៉ោងគឺជាការងារបណ្តោះអាសន្ន។ ដូច្នេះហើយ មនុស្សគ្រប់គ្នាច្រើនតែរើសយកការងារតាមម៉ោងដែលទទួលបានប្រាក់ខែខ្ពស់។
បច្ចុប្បន្ននេះ ប្រាក់ខែតាមម៉ោងជាអប្បបរមានៅទីក្រុងតូក្យូគឺ ១.០៧២ យ៉េនក្នុងមួយម៉ោង។ ស្តាប់ទៅដូចជាខ្ពស់ ប៉ុន្តែបើប្រៀបនឹងការចំណាយខ្ពស់នៅទីក្រុងតូក្យូ ប្រាក់ខែនេះមិនគ្រប់សម្រាប់ការចំណាយនោះទេ។
ក្រោមស្ថានភាពដូចនេះ បានលេចឡើងទម្រង់ “ការងារលួចលាក់” ជាមួយនឹងប្រាក់ចំណូលខ្ពស់នៅប្រទេសជប៉ុន។ ឥឡូវនេះ ចូរយើងស្វែងយល់អំពីការងារលួចលាក់មានប៉ុន្មានប្រភេទ? ប្រាក់ចំណូលប៉ុន្មាន? ហើយចាប់ផ្តើមលេចឡើងតាំងពីពេលណា?
លក់ឈាម
(黄色い血 អាចប្រែថា “ជំនាញលក់ឈាម” ដែលសំដៅលើមនុស្សម្នាក់លក់ឈាមច្រើនដង ចាត់ទុកជាប្រាក់ចំណូលចម្បងសម្រាប់ផ្គត់ផ្គង់ជីវភាព) ។
ប្រភពឯកសារយោងការបកប្រែ៖ Google Scholar
https://www.jstage.jst.go.jp/article/faruawpsj/45/1/45_KJ00009581040/_article/-char/ja/
ដោយសារមានមនុស្សជាច្រើនទាញយកប្រយោជន៍ពីការងារនេះ ដូច្នេះបញ្ហាជួញដូរឈាមត្រូវរដ្ឋាភិបាលជប៉ុនហាមឃាត់។ សព្វថ្ងៃមានតែអ្នកស្ម័គ្រចិត្តប៉ុណ្ណោះ ទើបអាចបរិច្ចាគឈាមបាន។
រដ្ឋាភិបាលក៏បានកំណត់បរិមាណឈាមដែលអាចបរិច្ចាគ និងរយៈពេលដែលអាចបរិច្ចាកឈាមបន្ទាប់ ដូច្នេះបញ្ហានេះហាក់ដូចជាកាត់បន្ថយបន្តិចម្តងៗ។
ថ្វីត្បិតតែនិយាយបែបនេះ ប៉ុន្តែតើបរិមាណឈាមដែលត្រូវការ ពិតជាត្រូវបានផ្តល់ដោយឈាមរបស់អ្នកបរិច្ចាកស្ម័គ្រចិត្តឬ? ដូច្នេះជាក់ស្តែង ទម្រង់លក់ឈមលួចលាក់ ប្រហែលជានៅតែមានក្នុងប្រទេសជប៉ុន។
គ្រាន់តែរើចូលផ្ទះមួយ ហើយរស់នៅទីនោះ អ្នកនឹងទទួលបានប្រាក់ ៣០០.០០០ យ៉េន (ប្រហែល ២១៤៦ ដុល្លារ)
គ្រាន់តែចូលទៅរស់នៅក្នុងផ្ទះដែលបានកំណត់ បន្ទាប់មកអ្នកនឹងទទួលបានប្រាក់ចំនួន ៣០ ម៉ឺនយ៉េន។ ប្រាក់ខែបែបនេះគួរឲ្យទាក់ទាញណាស់មែនទេ? ជាក់ស្តែងការងារនេះ អ្នកត្រូវរើចូលនៅផ្ទះដែលធ្លាប់កើតមានអំពើឃាតកម្ម។
ប្រសិនបើផ្ទះធ្លាប់មានមនុស្សស្លាប់ គ្រប់គ្នាប្រាកដជាមិនចង់រើចូលនៅនោះទេ។
ប្រសិនបើគ្រួសារមានសាច់ញាតិទទួលមរណភាពក្នុងផ្ទះមិនជាបញ្ហាឡើយ ប៉ុន្តែបើដឹងថា ផ្ទះនោះមានមនុស្សស្លាប់ ហើយជាមនុស្សដែលយើងមិនស្គាល់ ជាពិសេសផ្ទះដែលធ្លាប់កើតមានករណីឃាតកម្ម គ្រប់គ្នានឹងគិតថា ផ្ទះបែបនោះមាន “វិញ្ញាណអាក្រក់” មិនហ៊ានរើចូលនៅ។
ទោះបីជាច្បាប់មិនបានកំណត់ក៏ដោយ ប៉ុន្តែតាមទម្លាប់ យើងត្រូវជូនដំណឹងដល់អ្នកដែលទើបតែរើចូលថ្មីដូចជា “ផ្ទះនេះធ្លាប់មានករណីឃាតកម្ម” អំឡុងពេល ៣ ឆ្នាំបន្ទាប់ពីហេតុការណ៍កើតឡើង។
ពិតជាពិបាកណាស់ចំពោះម្ចាស់ផ្ទះ ដែលមិនទទួលបានប្រាក់ឈ្នួលរយៈពេល ៣ ឆ្នាំ។ ដូច្នេះទើបបង្កើតជាទម្រង់ការងារនេះ។ ម្យ៉ាងវិញទៀត ការងារបែបនេះមិនអាចជ្រើសរើសអ្នកធ្វើដោយបើកចំហនោះទេ បានជាគេចាត់ទុកក្នុងទម្រង់ការងារលួចលាក់។
ក្រោយករណីឃាតកម្ម ប្រសិនបើមាននរណាម្នាក់រស់នៅក្នុងផ្ទះមួយរយៈពេល ហើយបញ្ជាក់ថាគ្មានបញ្ហាអ្វីនោះ ដូច្នេះម្ចាស់ផ្ទះមិនចាំបាច់ជូនដំណឹងដល់អ្នកជួលបន្ទាប់ឡើយ។
និយាយអញ្ចឹង ប្រសិនបើផ្ទះធ្លាប់កើតមានអំពើឃាតកម្មសម្លាប់មួយគ្រួសារ តើអ្នកហ៊ានរើចូលនៅដែរទេ?
គ្រាន់តែសម្អាត “របស់នោះ” អ្នកនឹងទទួលបានប្រាក់ ៥ ម៉ឺនយ៉េនក្នុងមួយថ្ងៃ
ការងារលាងសម្អាតក្រៅម៉ោងមានច្រើនប្រភេទដូចជាលាងចាន បោសសម្អាតអគារ ប៉ុន្តែមិនងាយនឹងទទួលបានប្រាក់ខែដូចខាងលើនោះទេ។
ជាការពិតណាស់ សម្អាត “របស់នោះ” ចង់សំដៅលើការសម្អាត “សាកសព” ។
ចំពោះជំនាញវេជ្ជសាស្ត្រ និងពេទ្យធ្មេញ វះកាត់សាកសពជាកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ។ ជាទូទៅមួយក្រុមមាន ៤ នាក់ នឹងទទួលបានសាកសពមួយ បន្ទាប់មកគេបែងចែករាងកាយជាច្រើនផ្នែក ដើម្បីស្រាវជ្រាវ និងស្វែងយល់។ នេះជាមុខវិជ្ជាសំខាន់ណាស់សម្រាប់អ្នករៀនផ្នែកពេទ្យ។
មុខវិជ្ជាវះកាត់សាកសពសំខាន់ណាស់ សូម្បីតែសាលាដែលបណ្តុះបណ្តាលពេទ្យធ្មេញ ក៏ដាក់បញ្ចូលក្នុងកម្មវិធីសិក្សា នៅពេលដែលសិស្សអនុវត្តអនាម័យមាត់ធ្មេញ។
ប្រសិនបើអ្នកចង់បរិច្ចាគរាងកាយសម្រាប់បម្រើដល់ការស្រាវជ្រាវ អ្នកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រោយពេលស្លាប់ អ្នកនឹងបរិច្ចាគរាងកាយរបស់ខ្លួនទៅឱ្យនិស្សិតស្រាវជ្រាវ។
ថ្វីត្បិតតែទទួលបានសាកសព ភ្នាក់ងារទទួលយកត្រូវការអ្នកសម្អាតសាកសពទាំងនោះ។ ដូច្នេះ អ្នកប្រាកដជាយល់ហើយហេតុអ្វីបានជាមានទម្រង់ការងារនេះ។
ជាទូទៅការងារនេះមានមនុស្ស ២ នាក់ធ្វើជាមួយគ្នា លាងសម្អាតរាងកាយសាកសព កោររោមទាំងអស់លើរាងកាយ ញាត់សំឡីតាមរន្ធដែលនៅលើរាងកាយ ដើម្បីជៀសវាងសារធាតុហូរចេញពីរាងកាយ។
តាមពិតទៅ ទម្រង់ការងារលួចលាក់ទាំងនេះគ្មានអ្វីអាក្រក់នោះទេ គ្រាន់តែវាផ្តល់ឱ្យអ្នកប្រាក់ចំណូលបណ្តោះអាសន្នប៉ុណ្ណោះ ផ្ទុយទៅវិញ អ្នកត្រូវរងផលប៉ះពាល់ផ្លូវកាយ ឬផ្លូវចិត្តនៅពេលក្រោយ។
ខ្ញុំគិតថា មានតែការខិតខំប្រឹងប្រែង បណ្តុះជំនាញ និងបង្កើនតម្លៃខ្លួនឯង ដើម្បីទទួលបានប្រាក់ខែខ្ពស់ ទើបជាមធ្យោបាយដែលល្អបំផុត។
Abe Kengo