តើអ្នកដឹងទេថា នៅជប៉ុនកន្លែងណាអាចនិយាយជាមួយអ្នកស្លាប់បាន?
តើអ្នកដឹងទេ នៅប្រទេសជប៉ុនមានកន្លែងមួយដែលអ្នកអាចហៅព្រលឹង ហើយនិយាយជាមួយព្រលឹងអ្នកស្លាប់ដែរទេ?
នៅខេត្ត Aomori នៃប្រទេសជប៉ុន មានស្រ្តីពិការភ្នែកដែលគេហៅថា Itako ដោយគេចាត់ទុកស្រ្តីទាំងនោះអាចហៅព្រលឹងអ្នកស្លាប់ ហើយជួយឲ្យវិញ្ញាណអាចនិយាយជាមួយសាច់ញាតិរបស់ខ្លួន។
តើអ្នកជឿថានេះជារឿងពិតដែរទេ? យ៉ាងណាមិញ ជាដំបូង ខ្ញុំសូមពន្យល់អំពីវប្បធម៌ Itako ដ៏ចម្លែករបស់ជនជាតិជប៉ុន។
ទស្សនៈរបស់ជនជាតិជប៉ុនចំពោះសាសនា
ក្រៅពីព្រះពុទ្ធសាសនា ជប៉ុននៅមានសាសនាមួយផ្សេងទៀត ដែលគេហៅថា Shinto ។ ប្រជាជនជប៉ុនជាច្រើនគិតថា ពួកគេមិនកាន់តាមសាសនាណាមួយឡើយ ព្រោះពួកគេមិនគិតថា ខ្លួនកំពុងគោរពតាមសាសនា។
ប៉ុន្តែជាក់ស្តែង ជប៉ុនជាប្រទេសដែលមានជំនឿរឹងមាំ។ ពួកគេជឿថា ទេវតាមាននៅគ្រប់ទីកន្លែង និងកំពុងតាមមើលពួកគេ។ ដូច្នេះហើយ នៅជប៉ុនការអប់រំសីលធម៌មិនអនុញ្ញាតឲ្យប្រព្រឹត្តអំពើអាក្រក់ដោយផ្អែកលើការបង្រៀនរបស់ព្រះពុទ្ធសាសនា និង Shinto ។
នៅពេលដែលប្រជាជនជប៉ុនទទួលទានអាហារ ពួកគេតែងតែនិយាយថា “itadakimasu” ចំណុចនេះមកពីវិប្បដិសារីរបស់ខ្លួនចំពោះការសម្លាប់ និងបរិភោគសត្វមានជីវិត។ វប្បធម៌ និងភាសាជប៉ុនក៏ត្រូវបានបង្កើតឡើងដោយផ្អែកលើការបង្រៀនមូលដ្ឋានរបស់សាសនាផងដែរ។
គោរពដូនតា និងនិយាយជាមួយជីដូនជីតា
ជប៉ុនជាប្រទេសដែលមានវប្បធម៌ឲ្យតម្លៃគ្រួសារ ពួកគេក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបុព្វបុរស ដែលជាអ្នកបង្កើតគ្រួសាររបស់ពួកគេផងដែរ។ ដូច្នេះហើយ ពួកគេតែងតែដាក់ថ្នូររបស់សមាជិកគ្រួសារនៅកន្លែងតែមួយ ដើម្បីងាយស្រួលមកបោសសម្អាត និងជជែកជាមួយដូនតាឲ្យបានញឹកញាប់។
ចំពោះ Itako ដែលហៅព្រលឹងរបស់អ្នកស្លាប់
ខេត្ត Aomori ស្ថិតនៅភាគខាងជើង ខាងក្រោមកោះហុកកៃដូមានភ្នំមួយឈ្មោះថា Osorezan ។ នៅទីនេះ Itako មានកម្លាំងវិញ្ញាណខុសៗគ្នា តួនាទីរបស់ពួកគេដូចជាអ្នកប្រឹក្សានៅសម័យសព្វថ្ងៃ ប៉ុន្តែបញ្ហាដែលពួកគេប្រឹក្សាមនុស្សធម្មតាបែរជាមិនអាចដឹង។
ក្នុងចំណោមនោះមានដូចជា “Kuchiyose” ហៅវិញ្ញាណរបស់អ្នកស្លាប់ ដើម្បីឲ្យពួកគេអាចនិយាយជាមួយសាច់ញាតិរបស់ខ្លួន។ អ្នកអាចប្រដូចទៅនឹងអ្នករបាំស្រីនៅប្រាសាទជប៉ុនអាចប្រាស្រ័យទាក់ទងជាមួយទេវតាបាន។
ជាទូទៅ Itako ជាស្រ្តីដែលពិការភ្នែក ម្យ៉ាងវិញទៀត Itako បន្តពីជំនាន់មួយទៅជំនាន់មួយទៀត។ ប៉ុន្តែសព្វថ្ងៃនេះ Itako កាន់តែតិចទៅៗ ព្រោះតែគ្មានអ្នកស្នងតំណែង។ អ្នកដែលចង់ក្លាយទៅជា Itako កំពុងថយចុះ និងចំនួនកុមារពិការភ្នែកក៏ថយចុះច្រើនណាស់ដែរ។ នៅសម័យដែលមានច្រើនបំផុត ជប៉ុនមានប្រហែល ៣០០ Itako ប៉ុន្តែសព្វថ្ងៃនៅសល់តែ ៦ នាក់ប៉ុណ្ណោះ។
ពិធីហៅព្រលឹង
កាលនៅរៀនវិទ្យាល័យ ខ្ញុំបាននិយាយថា ខ្លួនមិនចង់បន្តគ្រប់គ្រងអាជីវកម្មកសិកម្មរបស់គ្រួសារនោះទេ។ ចាប់តាំងពីពេលនោះមក ឪពុករបស់ខ្ញុំមិនសូវនិយាយស្តីទេ សូម្បីតែក្រោយពេលដែលខ្ញុំរៀបការ មានកូន ហើយត្រឡប់មកផ្ទះវិញ គាត់នៅតែមិននិយាយអ្វីទាល់តែសោះ។
ដោយសារតែចរិតរឹងរូសរបស់ខ្លួន ខ្ញុំបានធ្វើឲ្យឪពុកកូនឃ្លាតឆ្ងាយគ្នា ហើយនៅទីបំផុតគាត់ក៏ទទួលមរណភាព។ ក្នុងចិត្តខ្ញុំតែងតែសោកស្តាយ ព្រោះទោះបីជាយ៉ាងណា គាត់នៅតែជាឪពុករបស់ខ្ញុំ ដូច្នេះខ្ញុំគួរតែអង្គុយចុះនិយាយជាមួយគាត់ឲ្យបានច្បាស់លាស់។ លើកនេះ ខ្ញុំបានពឹងអ្នកស្រី Niwata ធ្វើពិធីហៅព្រលឹង។
អ្នកស្រី Niwata ចាប់ផ្តើមសូត្រមន្តក្នុងបន្ទប់ដែលស្ងប់ស្ងាត់ នោះប្រហែលជាភាសារបស់ Itako ដូច្នេះហើយ មិនថាខ្ញុំប្រឹងស្តាប់យ៉ាងណា ក៏មិនយល់អ្វីដែលគាត់កំពុងសូត្រដែរ។
ប្រហែល ១៥ នាទីកន្លងផុតទៅ អ្នកស្រីងាកមក ហើយបន្លឺសំឡេងនិយាយ “ចា ឪពុកដែលស្លាប់ទៅរបស់នាងបានត្រឡប់មកវិញហើយ” ។
“មានរឿងអ្វីសប្បាយឬ ហេតុអ្វីបានជាគ្រប់គ្នាប្រមូលផ្តុំបែបនេះ?” ព្រលឹងរបស់លោកឪពុកចូលសន្ធិត ហើយចាប់ផ្តើមនិយាយតាមរយៈអ្នកស្រី Niwata ។ ការសន្ទនានាពេលនោះមានរយៈពេលប្រហែល ២០ នាទី។
ខ្ញុំស្រាប់តែយំពេលឮគាត់និយាយថា គាត់មិនដែលគិតថា ចៅប្រុសរបស់ខ្លួនមិនគួរឲ្យស្រឡាញ់ ហើយរើសអើងវានោះទេ។
តើមានពិភពក្រោយពេលស្លាប់ដែរទេ?
Itako សន្លប់ និងមិនចាំអ្វីទាំងអស់នៅពេលដែលព្រលឹងរបស់អ្នកស្លាប់សន្ធិតចូលរាងកាយរបស់ខ្លួន។ នៅពេលដែល Itako ដឹងខ្លួនវិញ ខ្ញុំសួរគាត់ថា តើមានពិភពបន្ទាប់ពីស្លាប់ដែរទេ? (ថ្វីត្បិតតែកាលពីមុនខ្ញុំមិនដែលគិតដល់រឿងនេះក៏ដោយ) ។
គាត់ឆ្លើយថា “ខ្ញុំគិតថាមាន…”
ការហ្វឹកហាត់ក្នុងកម្រិតខ្ពស់
អ្នកស្រី Niwata ពិការភ្នែកកាលអាយុ ៣ ឆ្នាំ ហើយតាម Itako រៀនវិជ្ជាកាលអាយុ ១៣ ឆ្នាំ។ គាត់រស់នៅក្នុងផ្ទះរបស់ Itako និងត្រូវបានបណ្តុះបណ្តាលអស់រយៈពេល ១០ ឆ្នាំ។
ក្នុងអំឡុងពេលនោះ គាត់ត្រូវធ្វើរឿងមួយចំនួន ដើម្បីលុបលាងបាប ដូចជាហូបបួស និងងូតទឹកក្រោមអាកាសធាតុត្រជាក់។ ក្រៅពីនេះ គាត់ត្រូវរៀនសូត្រធម៌ប្រហែល ១០០ ប្រភេទ ដោយស្តាប់តាមត្រចៀក។
Itako ចុងក្រោយ
បច្ចុប្បន្ននេះ នៅជប៉ុនសល់ Itako ៦ រូបទៀតប៉ុណ្ណោះ។ ក្នុងនោះ Itako ដែលក្មេងជាងគេឈ្មោះ Matsuda (អាយុ ៤៤ ឆ្នាំ) ។ កាលនៅជាសិស្សវិទ្យាល័យ អ្នកស្រី Matsuda ធ្លាប់រំភើបចិត្ត ព្រោះតែ Itako បានព្យាបាលជំងឺ ដែលសូម្បីតែគ្រូពេទ្យក៏មិនអាចព្យាបាលបាន។ ចាប់ពីពេលនោះមក គាត់ក៏សម្រេចចិត្តតាមរៀនដើម្បីក្លាយទៅជា Itako មួយរូប។
ទោះជាយ៉ាងណា Itako ដែលជាផ្នែកមួយនៃវប្បធម៌ជប៉ុនកំពុងបាត់បន្តិចម្តងៗ។ ដោយសារមនុស្សកាន់តែច្រើនឡើងៗ មិនជឿលើអ្វីដែលមើលមិនឃើញ ឬអ្វីដែលវិទ្យាសាស្ត្រមិនអាចបញ្ជាក់បាន Itako កំពុងក្លាយជាអាជីពមួយដែលមនុស្សជាច្រើនសង្ស័យ។
មិនថាពិតឬយ៉ាងណា ខ្ញុំអាចរំដោះខ្លួនចេញពីភាពសោកស្តាយ និងអារម្មណ៍ឈឺចាប់បន្ទាប់ពីបាននិយាយជាមួយឳពុករបស់ខ្លួន។ អ្វីដែលសំខាន់គឺថា អ្នកអាចពឹងលើ Itako បន្ធូរអរម្មណ៍របស់ខ្លួន។
ម្យ៉ាងវិញទៀត តើអ្នកធ្លាប់ឆ្ងល់ទេ បើនោះជាព្រលឹងរបស់ជនបរទេស តើគេប្រើភាសាអ្វី?
ធ្លាប់មានរឿងព្រេងនិយាយពីការចាប់ជាតិឡើងវិញ ក្នុងចំណោមនោះគេចាត់ទុកថា ក្រោយពេលមនុស្សស្លាប់នឹងបំភ្លេចភាសាពីមុនរបស់ខ្លួន។ ដូច្នេះគេសន្មត់ថា ព្រលឹងប្រាស្រ័យទាក់ទងដោយប្រើចិត្ត។
ការដែលអោយព្រលឹងខ្ចីរាងកាយដើម្បីនិយាយភាសាជប៉ុន ក៏ជាផ្នែកមួយនៃកម្លាំងរបស់ Itako ផងដែរ។ ក្រៅពីនេះ Itako ត្រឹមតែអាចហៅព្រលឹងរបស់អ្នកដែលស្គាល់គ្នាប៉ុណ្ណោះ ដូច្នេះហើយ ចំពោះការហៅព្រលឹងតួអង្គក្នុងប្រវត្តិសាស្រ្តមិនអាចទៅរួចនោះទេ។
Abe Kengo