អង្គការ NASA បានបង្ហាញពីរូបភាពដែលប្រហែលជាបំណែក Hakuto-R របស់ជប៉ុន
យានរុករកតាមច័ន្ទគតិ – Lunar Reconnaissance Orbiter (LRO) របស់អង្គការ NASA បានរកឃើញបំណែកយានជំនិះឯកជនរបស់ជប៉ុន ដែលមិនអាចចុះចតនៅលើឋានព្រះច័ន្ទកាលពីខែមេសា។
កាលពីថ្ងៃទី ២៦ ខែមេសា LRO បានថតរូបចំនួន ១០ សន្លឹកជុំវិញកន្លែងចុះចតរបស់ Hakuto-R ដោយកាមេរ៉ា (NAC) ចំណែកឯអ្នកវិទ្យាសាស្ត្រដែលទទួលបន្ទុកគម្រោងបានសម្រេចចិត្តស្វែងរកយានដែលបាត់។ រូបថតដែលក្រុមកាមេរ៉ា (LROC) បានចែករំលែកកាលពីថ្ងៃទី ២៣ ខែឧសភា បង្ហាញអោយឃើញថា យ៉ាងហោចណាស់មានបំណែកធំចំនួន ៤ និងការផ្លាស់ប្តូរបន្តិចបន្តួចលើផ្ទៃព្រះច័ន្ទនៅរយៈទទឹង ៤៧,៥៨១ ខាងជើង និងរយៈបណ្តោយ ៤៤,០៩៤ ខាងកើត។
រូបភាព៖ កន្លែងធ្លាក់របស់ Hakuto-R នៅលើព្រះច័ន្ទ។ រូបភាព៖ NASA
ក្រុមស្រាវជ្រាវបានអោយដឹង “ក្នុងរូបភាពមានចំណុចសនៅលើជ្រុងខាងឆ្វេង និងចំណុចពណ៌ខ្មៅនៅក្រោមជ្រុងខាងស្តាំ។ វានៅទល់មុខផ្ទាំងថ្មក្បែរនោះ បង្ហាញថាមានរណ្ដៅតូចមួយ ឬផ្នែកផ្សេងៗនៅត្រង់យានចុះចត។ តំបន់នេះនឹងត្រូវបានវិភាគបន្ថែមនាពេលប៉ុន្មានខែខាងមុខ នៅពេលដែលកាមេរ៉ា (LROC) មានឳកាសថតរូបឡើងវិញក្រោមលក្ខខណ្ឌពន្លឺ និងចំណុចដែលមើលឃើញ” ។
យាន Hakuto-R នាំយកមនុស្សយន្តខ្នាតតូចនៃអារ៉ាប់រួម រកវិធីសាស្រ្តចុះចតកាលពីថ្ងៃទី ២៥ ខែមេសាឆ្ពោះទៅកាន់រណ្ដៅ Atlas ។ ទោះជាយ៉ាងណា ក្រុមហ៊ុន iSpace បានបាត់ទំនាក់ទំនងនឹងយានចុះចតត្រឹមប៉ុន្មាននាទី មុនពេលចុះចតតាមការកំណត់។ ក្រោយមកក្រុមហ៊ុនបានបញ្ជាក់ថា យាន Hakuto-R មិនអាចចុះចតដោយសុវត្ថិភាព។
មុននោះ LRO ធ្លាប់ថតរូបកន្លែងដែលចុះចតមិនបានសម្រេច រួមទាំងយានអវកាស Beresheet របស់អុីស្រាអែលផងដែរ។ ប្រសិនបើជោគជ័យ យាន Hakuto-R នៃក្រុមហ៊ុន iSpace នៅ Tokyo នឹងក្លាយជាយានអវកាសឯកជនដំបូងគេ ដែលបានចុះចតយ៉ាងស្រាលនៅលើឋានព្រះច័ន្ទ។ ថ្វីត្បិតតែមិនជោគជ័យ ពួកគេកំពុងព្យាយាមត្រឡប់ទៅកាន់ឋានព្រះច័ន្ទ។ ក្រុមហ៊ុនកំពុងអភិវឌ្ឍបេសកកម្មទីពីរ និងទីបីនៅឆ្នាំ ២០២៤ និង ២០២៥ ។
ប្រភព៖ Space