ជប៉ុន​បង្កាត់​ពូជ​ត្រី​ឆ្លាម​ដែល​ជិត​ផុត​ពូជ​​ដោយ​ជោគ​ជ័យ

ត្រីឆ្លាមខ្លាខ្សាច់ (Sand tiger shark) ជាប្រភេទត្រីឆ្លាមដែលជិតផុតពូជ កាលពីពេលថ្មីៗនេះ វាបានបង្កើតកូននៅ Aqua World Oarai Aquarium ក្នុងខេត្ត Ibaraki ភាគខាងជើងទីក្រុងតូក្យូ។

Aquarium បានអោយដឹងថា មេត្រីឆ្លាមបានបង្កើតត្រីឆ្លាមញីមួយក្បាលកាលពីថ្ងៃទី ៧ ខែឧសភា។ ត្រីឆ្លាមកូនមានប្រវែងជាង ៩០ សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ៥ គីឡូក្រាម។

ត្រីឆ្លាមដែលពេញវ័យអាចមានប្រវែងរហូតដល់ទៅ ៣ ម៉ែត្រ និងអាចរស់នៅក្នុងតំបន់ផ្សេងៗគ្នា ក្នុងនោះមានតំបន់នៅជិតសមុទ្រជប៉ុនផងដែរ។ ក្រសួងបរិស្ថានជប៉ុនបាននិយាយថា នាពេលអនាគត នៅក្នុងបរិស្ថានធម្ម​ជាតិ ប្រភេទ​ត្រី​ឆ្លាម​នេះ​អាច​ប្រឈម​នឹង​បញ្ហា​ផុត​ពូជ​ខ្ពស់។

Aquarium បានបន្តទៀតថា ប្រភេទត្រីឆ្លាមនេះពិបាកបង្កកំណើត ហើយរហូតមកដល់ពេលនេះអាចបង្កាត់ពូជបាន​ត្រឹម ៥ កន្លែង​នៅ​ជុំវិញ​ពិភព​លោក​ប៉ុណ្ណោះ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល Aqua World Oarai បានបង្កាត់ពូជដោយជោគជ័យសម្រាប់ត្រីឆ្លាមមួយគូនេះ។ លើកមុន​គឺ​នៅ​ឆ្នាំ ២០១២ មេ​ត្រីឆ្លាម​បង្កើតបានត្រីឆ្លាមញីមួយក្បាល។

Aquarium និយាយថា ត្រីឆ្លាមកូនមានសុខភាពល្អ ហើយគ្រោងនឹងដាក់បង្ហាញសាធារណៈជនរួមជាមួយនឹងត្រី​ឆ្លាម​​បង។

លោក Tokunaga Kotaro ដែលជាអ្នកមើលថែត្រីឆ្លាមបាននិយាយថា គាត់ពិតជារីករាយណាស់ដែលត្រីឆ្លាមបានបង្កើតកូន។ លោកក៏និយាយផងដែរថា កម្របានឃើញកូនរបស់ប្រភេទដែលជិតផុតពូជណាស់ ហើយសង្ឃឹមថា ភ្ញៀវ​ទេសចរណ៍​នឹង​មក​មើល។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: