Junko Tabei ស្រ្តីជនជាតិជប៉ុនដំបូងគេដែលឡើងដល់កំពូលភ្នំ Everest
នៅពេលដែលអ្នកស្រី Junko Tabei ឡើងកំពូលភ្នំ Everest កាលពីឆ្នាំ ១៩៧៥ មនុស្សជាច្រើនបានប្រាប់គាត់ថា “ស្រ្តីគួរតែនៅផ្ទះមើលកូន ជាជាងទៅឡើងភ្នំ” ។
អ្នកស្រី Junko Tabei កើតថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៣៩ នៅទីក្រុង Miharu ខេត្ត Fukushima ប្រទេសជប៉ុន អ្នកស្រីជាកូនស្រីទីប្រាំក្នុងគ្រួសារដែលមានបងប្អូនប្រាំពីរនាក់។ ដើម្បីបង្ហាញថាខ្លួនមិនទន់ខ្សោយ អ្នកស្រីចូលរួមឡើងភ្នំជាមួយមិត្តរួមថ្នាក់កាលអាយុ ១០ ឆ្នាំ។
អ្នកស្រី Tabei បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ និងអក្សរសាស្រ្តអង់គ្លេស។ អ្នកស្រីធ្លាប់ចូលរួមក្លឹបឡើងភ្នំ និងបន្តហ្វឹកហាត់ជំនាញឡើងភ្នំរបស់ខ្លួន ក្នុងចំណោមនោះមានភ្នំហ្វូជី ដែលជាភ្នំខ្ពស់ជាងគេនៅប្រទេសជប៉ុន។
អ្នកស្រីធ្លាប់ធ្វើការនៅសមាគមរូបវិទ្យាជប៉ុន និងកែសម្រួលទស្សនាវដ្តីរូបវិទ្យាអឺរ៉ុប។ បន្ទាប់ពីបានរៀបការជាមួយមិត្តអ្នកឡើងភ្នំលោក Masanobu អ្នកស្រីបង្កើតក្លឹបស្រ្តីឡើងភ្នំ (LCC) សម្រាប់ស្រ្តី។
កំពូលអ្នកឡើងភ្នំជប៉ុន Junko Tabei ។ រូបភាព៖ International News
នៅឆ្នាំ ១៩៧០ ក្លឹប LCC បង្កើតក្រុមឡើងភ្នំ Annapurna III ដែលមានកម្ពស់ជាង ៧៥០០ ម៉ែត្រ នៅលើភ្នំ Himalaya ។ ក្នុងចំណោមមនុស្ស ៨ នាក់ អ្នកស្រី Tabei ជាអ្នកឡើងដល់កំពូលភ្នំ។
បន្ទាប់មកក្លឹប LCC បានសម្រេចចិត្តបង្កើតក្រុមដែលមានសមាជិកចំនួន ១៥ នាក់ហៅថា “ដំណើរផ្សងព្រេង Everest របស់ស្ត្រីជប៉ុន” ដោយកំណត់គោលដៅឡើងកំពូលភ្នំដែលខ្ពស់ជាងគេលើពិភពលោក។ ពួកគេរៀបចំគម្រោងដើរតាមផ្លូវដែលអ្នកឡើងភ្នំពីរនាក់ Edmund Hillary និង Tenzing Norgay បានធ្វើកាលឆ្នាំ ១៩៥៣ ។ ពួកគេដាក់ពាក្យសុំឡើងភ្នំ Everest នៅឆ្នាំ ១៩៧១ ប៉ុន្តែត្រូវរង់ចាំរយៈពេល ៤ ឆ្នាំទើបមានលិខិតអនុញ្ញាត។
នៅពេលដែលពួកគេស្វែងរកឧបត្ថម្ភពីសហគមន៍អាជីវកម្មជប៉ុន មនុស្សមួយចំនួនបានប្រាប់ Tabei ថា ដំណើរផ្សងព្រេងនេះគ្រោះថ្នាក់ខ្លាំងណាស់។ ដោយសារភ្នំដែលខ្ពស់ជាងគេលើពិភពលោកតែងតែទទួលរងព្យុះ ហើយនោះជាការប្រណាំងនឹងពេលវេលា ព្រោះថាខ្យល់មូសុងជិតមកដល់។
“ពួកគេប្រាប់ខ្ញុំត្រង់ៗថា បំភ្លេចរឿងឡើងភ្នំទៅ ផ្ទុយទៅវិញ ហេតុអ្វីអ្នកមិននៅផ្ទះមើលកូន?” អ្នកស្រី Tabei និយាយថា កាលនោះកូនស្រីទើបតែអាយុ ៣ ឆ្នាំប៉ុណ្ណោះ។
នៅទីបំផុត អ្នកស្រី Tabei ទទួលបានការឧបត្ថម្ភពីកាសែត Yomiuri Shimbun និងប៉ុស្តិ៍ទូរទស្សន៍ Nippon ប៉ុន្តែសមាជិកម្នាក់ៗត្រូវបង់ប្រាក់ចំនួន ១,៥ លានយ៉េន (៥០០០ ដុល្លារ)។ អ្នកស្រី Tabei ត្រូវបង្រៀនព្យាណូដើម្បីរកប្រាក់បន្ថែម ដើម្បីសន្សំប្រាក់ គាត់ត្រូវច្នៃឧបករណ៍ជាច្រើនដោយខ្លួនឯង ដូចជាស្រោមដៃមិនជ្រាបទឹកធ្វើពីរបាំងរថយន្ត និងខោដេរពីវាំងននចាស់។
ក្រោយរយៈពេលហ្វឹកហាត់យ៉ាងយូរ ក្រុមចាប់ផ្តើមដំណើរផ្សងព្រេងនៅខែឧសភា ឆ្នាំ ១៩៧៥ ជាមួយនឹងអ្នកនាំផ្លូវ Sherpa ចំនួន ៦ នាក់ ក្រុមអ្នកស្រុកទទួលបន្ទុកនាំផ្លូវ និងលើកអីវ៉ាន់ជំនួសអ្នកឡើងភ្នំ។ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ១៩៧៥ ខណៈដែលសមាជិកក្រុមកំពុងបោះជំរុំនៅរយៈកម្ពស់ ៦៣០០ ម៉ែត្រ ស្រាប់តែស្រុតធ្លាក់ផ្ទាំងទឹកកក។ អ្នកស្រី Tabei ត្រូវកប់ក្រោមព្រិល សន្លប់ និងរងរបួស។ គាត់ត្រូវបានក្រុមអ្នកនាំផ្លូវទាញចេញ យ៉ាងណាមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិតឡើយ។
បន្ទាប់ពីសម្រាកបាន ២ ថ្ងៃ អ្នកស្រី Tabei និងក្រុមរបស់ខ្លួនបន្តដំណើរ។ អ្នកស្រី Tabei រំលឹកអារម្មណ៍ពេលនោះថា “នៅពេលដែលដឹងថា ខ្លួននៅមានជីវិត ខ្ញុំកាន់តែតាំងចិត្តបន្តទៅមុខទៀត” ។
ដើមឡើយ ក្រុមគ្រោងទុកឲ្យសមាជិក ២ នាក់ឡើងកំពូលភ្នំ Everest ជាមួយអ្នកនាំផ្លូវ Sherpa ម្នាក់ ប៉ុន្តែក្រុម Sherpa មិនបានយកអុកស៊ីហ្សែនតាមគ្រប់សម្រាប់មនុស្សពីរនាក់។ នៅទីបំផុត Tabei ត្រូវបានជ្រើសរើសឲ្យបន្តដំណើរនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៧៥ ជាមួយអ្នកនាំផ្លូវ Ang Tsering ។
នៅពេលដែលឡើងជិតដល់កំពូលភ្នំ អ្នកស្រី Tabei ស្រាប់តែភ្ញាក់ផ្អើលពេលដឹងថា ខ្លួនត្រូវឆ្លងកាត់ផ្ទាំងទឹកកកស្តើង គ្រោះថ្នាក់ដែលអ្នកធ្វើដំណើរផ្សងព្រេងមិនធ្លាប់ប្រាប់ គាត់លូនតាម ហើយនិយាយថានេះជាបទពិសោធដែលតានតឹងបំផុតក្នុងជីវិត។ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៧៥ អ្នកស្រី Tabei បានក្លាយជាស្ត្រីដំបូងគេដែលបានឡើងភ្នំ Everest ។ គាត់លើកទង់ជាតិជប៉ុន ហើយឈរនៅលើកំពូលភ្នំប្រហែល ៥០ នាទី គាត់រៀបរាប់ពេលចុះក៏ពិបាកណាស់ដែរ។
អ្នកស្រី Junko Tabei លើកំពូលភ្នំ Everest ឆ្នាំ ១៩៧៥ ។ រូបភាព៖ LCC
បន្ទាប់ពីទទួលបានជោគជ័យ អ្នកស្រី Tabei ស្រាប់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅ Kathmandu ក្នុងប្រទេសនេប៉ាល់ ក្បួនដង្ហែមួយត្រូវបានធ្វើឡើងដើម្បីសរសើរអ្នកស្រី។ នៅពេលដែលត្រឡប់ទៅជប៉ុនវិញ មានអ្នកគាំទ្ររាប់ពាន់នាក់ចាំទទួលគាត់នៅអាកាសយានដ្ឋានតូក្យូ។ អ្នកស្រីក៏បានទទួលសារអបអរសាទរពីស្តេចនេប៉ាល់ និងរដ្ឋាភិបាលជប៉ុនផងដែរ។ រឿងនិយាយពីដំណើរផ្សងព្រេងភ្នំ Everest ហើយអ្នកស្រី Tabei បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ទូទាំងប្រទេសជប៉ុន។
អ្នកស្រីទទួលបានសមិទ្ធផលឡើងភ្នំជាច្រើនផ្សេងទៀត ចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩១ អ្នកស្រី Tabei ឡើងភ្នំ Vinson ដែលជាភ្នំខ្ពស់បំផុតនៅអង់តាក់ទិក។ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៩២ គាត់បានឡើងកំពូលភ្នំ Puncak Jaya នៅ Indonesia ហើយបានក្លាយជាស្ត្រីដំបូងគេដែលឡើងកំពូលភ្នំខ្ពស់បំផុតទាំង ៧ នៅទ្វីបនីមួយៗ។
អ្នកស្រី Tabei បាននិយាយកាលពី ២០០៣ ថា “ខ្សល់មិនបក់ស្រាលពេលស្រ្តីឡើងភ្នំនោះទេ លក្ខខណ្ឌធម្មជាតិដូចគ្នា” ។
អ្នកស្រីបានធ្វើការខាងផ្នែកបរិស្ថានវិទ្យានៅឆ្នាំ ២០០០ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Kyushu ដោយស្រាវជ្រាវស្ថានភាពបរិស្ថានភ្នំ Everest ។ អ្នកស្រីបានក្លាយជានាយកមូលនិធិ Himalayan Adventure របស់ជប៉ុន ដែលធ្វើសកម្មភាពទូទាំងពិភពលោកក្នុងគោលបំណងការពារបរិស្ថាន។
គួរអោយសោកស្តាយ គាត់ត្រូវបានគេធ្វើរោគវិច្ឆ័យថាមានជំងឺមហារីកស្រោមពោះនៅឆ្នាំ ២០១២ ប៉ុន្តែគាត់នៅតែបន្តឡើងភ្នំ។ អ្នកស្រី Tabei បានទទួលមរណភាពនៅមន្ទីរពេទ្យក្នុងទីក្រុង Kawagoe ភាគពាយព្យទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦ ។
អ្នកស្រី Tabei ធ្លាប់និយាយថា គាត់បង្កើតក្លឹបឡើងភ្នំសម្រាប់ស្រ្តី ដោយសារបុរសមួយចំនួនកាលនោះមើលងាយសមត្ថភាព និងស្មារតីរបស់ស្រ្តី។ ទោះជាយ៉ាងណា គាត់បានប្រាប់កាសែត Telegraph របស់អង់គ្លេសថា អ្នកស្រីចង់អោយគ្រប់គ្នាចាត់ទុកគាត់ជាអ្នកទី ៣៦ ឡើងភ្នំដែលខ្ពស់ជាងគេលើពិភពលោក មិនមែនជាស្ត្រីដំបូងដែលសម្រេចបានសមិទ្ធិផលនេះទេ។ គាត់និយាយថា “ខ្ញុំមិនចង់ក្លាយជាស្រ្តីដំបូងឡើងកំពូលភ្នំ Everest ឡើយ” ។
នៅឆ្នាំ ២០១៩ ភពភ្លូតុងត្រូវបានគេដាក់តាមឈ្មោះ Tabei Montes ដើម្បីរំលឹកដល់អ្នកស្រី។ នេះជាសកម្មភាពរបស់សហភាពតារាសាស្ត្រអន្តរជាតិ ដើម្បីសរសើរដល់ “អ្នកដែលផ្តួចផ្តើមប្រវត្តិសាស្ត្រ ឆ្លងកាត់ជើងមេឃ រុករកផែនដី មហាសមុទ្រ និងផ្ទៃមេឃ” ។
ប្រភព៖ Britannica, Encyclopedia, Wikipedia