គ្រូបង្រៀន​​ជប៉ុន​ត្រូវ​បណ្តេញ​ចេញ​ព្រោះ​តែ​ផ្ញើ​សារ​អោយ​សិស្ស​ស្រី​ជាង ៦០០ សារ

បើតាមសារព័ត៌មាន Mainichi បានអោយដឹង គ្រូបង្រៀនប្រុសម្នាក់បានផ្ញើសារជាង ១០០ សារ​ទៅ​អោយសិស្សស្រីក្នុងមួយថ្ងៃ ដោយប្រើពាក្យពេចន៍​ដែល​អាច​ចោទ​ប្រកាន់​ពីបទបៀតបៀនផ្លូវភេទ។

មន្ត្រី​ក្រុមប្រឹក្សា​អប់រំ​ក្រុង Kumamoto ចេញមុខសុំទោស បន្ទាប់ពីបានប្រកាសការដាក់ពិន័យចំពោះគ្រូបង្រៀន។ រូប​ភាព៖ Mainichi

គ្រូបង្រៀនប្រុសម្នាក់ឈ្មោះ Yasuyuki Shiraishi អាយុ ៥៣ ឆ្នាំ នៅអនុវិទ្យាល័យក្នុងទីក្រុង Kumamoto (នៅ Kyushu ប្រទេស​ជប៉ុន) ត្រូវបណ្តេញចេញ ព្រោះ​តែ​បានផ្ញើសារដែលមិនសមរម្យជាច្រើនទៅកាន់សិស្សស្រីតាម​រយៈ​​កម្ម​វិធី Line នេះ​បើ​តាម​ក្រុមប្រឹក្សា​អប់រំ​ក្រុង Kumamoto បានអោយដឹងកាលថ្ងៃ​ទី ១៨ ខែឧសភា។

សារទាំងនោះប្រើពាក្យពេចន៍ដែលអាចចោទប្រកាន់ពីបទបៀតបៀន​ផ្លូវ​ភេទ។

លោក Yasuyuki Shiraishi ដែលជាគ្រូបង្រៀនអនុវិទ្យាល័យ Tobu ទីក្រុង Kumamoto បានទទួលការដាក់ពិន័យកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ។ យ៉ាងណាមិញ ដើម្បីការពារអត្តសញ្ញាណជនរងគ្រោះ ក្រុមប្រឹក្សាអប់រំបានរង់ចាំរហូតដល់​សិស្ស​ស្រី​បញ្ចប់​ការ​សិក្សា ទើបប្រកាសជាផ្លូវការ។

លោក Shiraishi បាន​និយាយ​អំឡុងពេលសួរចម្លើយដោយក្រុមប្រឹក្សាអប់រំថា គាត់គ្រាន់តែចង់បង្កើតទំនាក់ទំនង​ជា​មួយ​​សិស្ស​​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក Shiraishi បានផ្ញើសារទៅកាន់សិស្សស្រីជាច្រើនដង ដែលនៅពេលនោះប្អូនជាសិស្សឆ្នាំទី ២ ចន្លោះ​ពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ ២០២២ ។ ខ្លឹមសារសរសេរថា “គ្រូចង់អោយប្អូនជារបស់លោកគ្រូតែមួយគត់” និង​សារ “នាង​ច្បាស់​ជា L ក្នុងពាក្យ LGBTQ” ដែលសំដៅលើសិស្សម្នាក់ទៀត។

សាលាមានបទប្បញ្ញត្តិហាមគ្រូបង្រៀនផ្ញើសារជាលក្ខណៈបុគ្គលជាមួយសិស្ស។ ប៉ុន្តែមានថ្ងៃខ្លះ លោក Shiraishi បាន​​ផ្ញើ​​សារ​ទៅ​កាន់​សិស្ស​ស្រី​ចំនួន ១១៧ សារ។ សរុប​មក បុគ្គល​រូប​នេះ​បាន​ផ្ញើ​សារចំនួន ៦៣៤ សារអំឡុងពេលប្រហែល ១ ខែ។

ករណី​នេះ​ត្រូវ​លាតត្រដាង​ បន្ទាប់​ពី​ឪពុក​ម្តាយសិស្សបាន​កត់​សម្គាល់ និង​ពិភាក្សាយោបល់​របស់ក្រុមប្រឹក្សា​អប់រំ។

សិស្សស្រីបាននិយាយថា “ខ្ញុំមិនអាចនិយាយថាទេ។ ខ្ញុំខ្លាច និងមិនចង់ទទួលបានសារបែបនេះទេ។ ហើយខ្ញុំក៏មិនហ៊ានប្រាប់នរណាម្នាក់ឡើយ” ។

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១៨ ខែឧសភា ក្រុមប្រឹក្សាអប់រំបានសង្កត់ធ្ងន់ទង្វើរបស់គ្រូបង្រៀនប្រុសគឺ “ខុសឆ្គង” ហើយ​​​បុគ្គល​រូប​នេះ​សម​នឹង​ត្រូវ​បណ្តេញ​ចេញ។

ប្រភព៖ Mainichi

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: