ឆ្កែ Koume មួយក្បាលមិនត្រឹមតែឆ្លាត ថែម​ទាំង​បាន​ជួយ​សង្រ្គោះ​បុរស​មាន​ជំងឺ​គាំង​បេះ​ដូង​ម្នាក់

ជប៉ុន – ឆ្កែមួយក្បាលដែលមានឈ្មោះថា Koume នៅទីក្រុង Chiba ទទួលបានការសរសើរ បន្ទាប់ពីបាន​ជួយ​សង្គ្រោះ​​ជីវិត​​របស់​​បុរស​​ម្នាក់​​ដែល​​មាន​ជំងឺ​គាំង​បេះ​ដូង ដោយព្រុសខ្លាំងៗប្រាប់ដល់អ្នកគ្រប់គ្នា។

ក្លឹបជិះសេះនៅសង្កាត់ Wakaba ទីក្រុង Chiba ភាគខាងកើតប្រទេសជប៉ុន បានអោយដឹង បុរសអាយុជាង ៥០ ឆ្នាំម្នាក់ដួលសន្លប់នៅកន្លែងជិះសេះ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ បើតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ៩ ខែឧសភា។ ឆ្កែ Koume អាយុ ៥ ឆ្នាំ​បាន​ព្រុស​យ៉ាង​ខ្លាំងដើម្បីបន្លឺ​សំឡេង​គ្រោះ​ថ្នាក់។

គ្រប់គ្នាឮសំឡេងព្រុស ក៏រត់មកជួយបុរសម្នាក់នោះ។ បើតាមក្លឹបបានអោយដឹង សំឡេងព្រុសរបស់ Koume ជួយអោយ​បុគ្គលិក​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ រីឯបុគ្គលិកពេទ្យបានប្រើឧបករណ៍រំញោចបេះដូងខាងក្រៅដោយស្វ័យ​ប្រវត្តិ​​ដល់​​បុរស​នោះ។

“Koume តែងតែនៅស្ងៀម និងកម្រព្រុសណាស់” គ្រូ​បង្វឹក​ជិះសេះ​ឈ្មោះ Yuna Maruo អាយុ ២៣ ឆ្នាំ ដែលជាអ្នក​​បាន​​ជួយ​​បុរស​​រូប​​នោះ​​និយាយ​​ថា “ប៉ុន្តែនៅពេលដែលមានស្ថានភាពអាសន្ន Koume នឹងព្រុស” ។

ឆ្កែ Koume ត្រូវបានមន្ត្រីពន្លត់អគ្គីភ័យនៅសង្កាត់ Wakaba ទីក្រុង Chiba ប្រគល់​លិខិត​សរសើរ​កាល​ពី​ខែ​មុន។ រូបភាព៖ Chiba Riding Park

នាយកដ្ឋានពន្លត់អគ្គីភ័យ Wakaba បាននិយាយថា ជនរងគ្រោះដែលមានជំងឺគាំងបេះដូងអាចជួយសង្គ្រោះទាន់ពេល ប្រសិន​បើ​គ្រប់​គ្នា​យក​ចិត្ត​ទុក​ដាក់​ចំពោះ “អាការតូចបំផុត” ។

មន្ត្រីពន្លត់អគ្គីភ័យបានអោយដឹង “សំឡេងព្រុសរបស់ Koume និងសកម្មភាពរបស់បុគ្គលិកក្លឹបជិះសេះពិតជាល្អណាស់” ។

បុរសរូបនោះបានជាសះស្បើយ និង​ត្រឡប់ទៅក្លឹបជិះសេះវិញ។ កាលពីខែមុន Koume ត្រូវបានមន្ត្រីពន្លត់អគ្គីភ័យមូលដ្ឋានប្រគល់លិខិតអរគុណក្នុងកម្មវិធីពិសេសមួយ។

ក្លឹបជិះសេះបានអោយដឹងថា ពួកគេចិញ្ចឹម​ឆ្កែសម្រាប់ទទួលស្វាគមន៍សមាជិកច្រើនជំនាន់។ បើតាមគ្រូបង្វឹក Maruo ឆ្កែ Koume ធ្លាប់​ព្រុស​ប្រាប់​ពេល​ឃើញ​សេះ​មួយក្បាលព្យាយាមរត់ផ្លោះរបង ឬនៅពេលដែលសេះ​​ចាស់​​មិន​អាច​ឈរ​ដោយ​ខ្លួន​ឯង​បាន។

ប្រភព៖ CNN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: