ព្រះតេជគុណ Kanho Yakushiji ច្រៀងបទចម្រៀងពុទ្ធសាសនាតាមតន្រ្តីរ៉ុក
ព្រះតេជគុណជនជាតិជប៉ុន លោកបង Kanho Yakushiji ធ្លាប់បង្កការភ្ញាក់លើបណ្តាញសង្គមជាមួយនឹងបទចម្រៀងដែលរួមបញ្ចូលចម្រៀងព្រះពុទ្ធសាសនា និងតន្ត្រីរ៉ុក។
ព្រះតេជគុណ Kanho Yakushiji ។ រូបភាព៖ Tricycle
កាលពីជិត ៥ ឆ្នាំមុន វីដេអូសម្តែងបទ Heart Sutra, Nīlakaṇṭha Dhāraṇī ។ល។ បានទាក់ទាញអ្នកមើលជាច្រើនលាននាក់នៅលើ YouTube ។ រហូតមកដល់ពេលនេះ ព្រះតេជគុណ Yakushiji បានថតអាល់ប៊ុមចំនួនបី ធ្វើដំណើរទៅសម្តែងនៅប្រទេសជប៉ុន ចិន តៃវ៉ាន់ និងទទួលបានការគាំទ្រជាច្រើន។
ព្រះតេជគុណ Yakushiji កើតនៅឆ្នាំ ១៩៧៩ នៅ Imabari ទីក្រុងមួយក្នុងខេត្ត Ehime ប្រទេសជប៉ុន ដោយមានឪពុកជាចៅអធិការវត្ត Kaizenji ។ យោងតាមគេហទំព័រ Tricycle ភាគច្រើនព្រះពុទ្ធសាសនានៅជប៉ុន ឪពុកបន្តទៅអោយកូន ដូច្នេះលោកបងត្រូវបានណែនាំអោយក្លាយទៅជាព្រះសង្ឃមួយរូប។
ព្រះតេជគុណ Kanho Yakushiji បង្ហាញបទ Heart Sutra ដែលមានអ្នកមើលជាង ៤ លាននាក់។ Video: YouTube Japanese Zen Music – Kanho Yakushiji.
ទោះជាយ៉ាងណា លោកបង Yakushiji ស្រលាញ់តន្រ្តីតាំងពីក្មេង កាលអាយុ ២០ ឆ្នាំធ្លាប់បង្កើតក្រុមតន្ត្រីដើម្បីដើរតាមក្តីស្រមៃសិល្បៈរបស់ខ្លួន។ លោកបងនិយាយថា “តន្រ្តីជាផ្លូវរបស់ខ្ញុំ” ។
បើតាមសារព័ត៌មាន AP បទចម្រៀងដំបូងរបស់លោកបងជាបទប៉ុប ឬបទប្រជាប្រិយ ដែលភាគច្រើនសរសេរអំពីគ្រួសារ មិត្តភក្តិ និងស្រុកកំណើត។
នៅប្រទេសជប៉ុន ព្រះសង្ឃត្រូវបានអនុញ្ញាតអោយរៀបការ មានកូន បរិភោគសាច់ និងពិសាស្រាដូចមនុស្សធម្មតា។ រូបភាព៖ Tricycle
កាលអាយុ ២៧ ឆ្នាំ ក្រុមតន្រ្តីបានចុះហត្ថលេខាជាមួយនឹងកន្លែងថតសំឡេងធំមួយនៅជប៉ុន។ “នៅពេលនោះ យើងចាប់ផ្តើមជួបបញ្ហាដំបូង ពេលទើបតែចាប់ផ្តើម យើងប្រឹងប្រែង និងធ្វើគ្រប់យ៉ាងដោយខ្លួនឯង ប៉ុន្តែបរិយាកាសស្រាប់តែផ្លាស់ប្តូរបានធ្វើឱ្យយើងត្រូវសហការជាមួយមនុស្សជាច្រើន ដើម្បីផលិតតន្រ្តី… ខ្ញុំលែងដឹងថាខ្លួនចង់បង្ហាញពីអ្វីទៀតហើយ រហូតបាត់បង់អារម្មណ៍លែងចង់ច្រៀង។ នៅពេលដែលខ្ញុំសម្រេចចិត្តផ្អាក ខ្ញុំបានអានសៀវភៅព្រះពុទ្ធសាសនា” នេះបើតាមអ្វីដែលលោកបងបានចែករំលែកប្រាប់ Tricycle ។
ក្នុងការប្ររគុំតន្ត្រីរបស់ក្រុមចម្រៀងនៅលើកោះ Kyushu ទស្សនិកជនវ័យចំណាស់ម្នាក់បានយំ និងនិយាយយ៉ាងរំជួលចិត្តពេលឮពួកគេច្រៀង ព្រោះបទចម្រៀងរំលឹកពីវ័យកុមារភាព និងមនុស្សជាទីស្រលាញ់របស់គាត់។ “ស្រាប់តែនៅពេលនោះ ទើបខ្ញុំដឹងថា ព្រះពុទ្ធសាសនាក៏ដូចជាតន្រ្តី។ ផ្លូវឆ្ពោះទៅរកព្រះសង្ឃ និងតន្ត្រីករមួយរូបមិនឆ្ងាយប៉ុន្មានឡើយ” លោកបងបាននិយាយ។
ក្រោយមក លោកបងនិពន្ធបទ I am និយាយពីដំណើរស្វែងរកខ្លួនឯង ក៏ដូចជាពិចារណាទៅលើការបួស។ រហូតដល់អាយុ ៣៦ ឆ្នាំ លោកបងត្រឡប់ទៅរកការបួសវិញ ចំណាយពេលរាប់សិបម៉ោងដើម្បីអង្គុយសមាធិ សម្អាត ដាំបន្លែ ដើរបិណ្ឌបាត។
នៅឆ្នាំ ២០១៦ ពេលដែលលោកបងនិពន្ធទំនុកចម្រៀង Heart Sutra លោកបង Yakushiji គិតចង់បង្ហាញពីព្រះពុទ្ធសាសនាតាមលក្ខណៈផ្ទាល់ខ្លួន។ “ខ្ញុំបានដឹងថា ខ្លួនមិនចាំបាច់បែងចែកតន្រ្តី និងព្រះពុទ្ធសាសនាទៀតទេ។ ខ្ញុំគ្រាន់តែជាខ្លួនឯង និងចង់បង្ហាញពីអត្តន័យរបស់ខ្លួន” លោកបងបាននិយាយ។
ប្រភព៖ Tricycle