កុមារា​អាយុ ៧ ឆ្នាំ​ត្រូវ​ឡាន​បុក​ស្លាប់​ពេល​កំពុង​ឆ្លង​ផ្លូវ អ្នក​បើក​បរ​ត្រូវ​ចាប់​ខ្លួន

កាលពីថ្ងៃទី ១៦ ខែឧសភា កុមារាអាយុ ៧ ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវឡានដឹកទំនិញបុក ដែលស្ថិតនៅ​សង្កាត់ Adachi ប្រទេស​ជប៉ុន។

ស្ថានីយ៍ប៉ូលិស Nishiarai នៃនាយកដ្ឋានប៉ូលិសនៅសង្កាត់ Adachi ទីក្រុងតូក្យូ។ រូបភាព៖ Mainichi/Takuya Suzuki

កុមារាថ្នាក់ទី ២ ម្នាក់ឈ្មោះ Takeru Itaya រងរបួសក្បាលជាទម្ងន់ បន្ទាប់ពីត្រូវឡានដឹកទំនិញបុកតាមផ្លូវក្បែរផ្ទះនៅ Shimane វេលាម៉ោងប្រហែល ៤ៈ១៥ ល្ងាច។ ក្រោយមក ប្រហែលមួយម៉ោងកន្លះកុមារាបានស្លាប់នៅមន្ទីរពេទ្យ។ យោង​តាម​ស្ថានីយ៍​ប៉ូលិស Nishiarai បាន​អោយ​ដឹង កុមារា​ត្រូវឡានបុកពេលកំពុងឆ្លងផ្លូវ។

ប៉ូលិសបានចាប់ខ្លួនអ្នកបើកបរ Hiroshi Furukawa អាយុ ៣៨ ឆ្នាំ ជាបុគ្គលិកហាងស្រាដែលមិនច្បាស់អាស័យដ្ឋាន នៅកន្លែងកើតហេតុ ស្របតាមច្បាប់របស់ជប៉ុននឹងផ្តន្ទាទោសដែលបណ្តាលឱ្យស្លាប់ ឬរងរបួសដោយ​សារ​រថយន្ត។ អ្នកបើកបរបានប្រាប់ប៉ូលិសថា “ខ្ញុំ​មិន​ដឹង​ថា​ក្មេង​ប្រុស​នៅទីនោះទេ” ក្រោយ​មក​ប៉ូលិស​បានដំឡើងការ​ចោទ​​ប្រកាន់​​ទៅ​​ជា​​ការ​​ធ្វេស​​ប្រហែស​​បណ្តាល​ឱ្យ​ស្លាប់ និង​កំពុងស៊ើប​អង្កេត​បន្ថែម​ទៀត។

នៅកន្លែងកើតហេតុ​ជា​ផ្លូវ​ត្រង់ស្រប និងមិន​មាន​គំនូស​ផ្លូវ​សម្រាប់អ្នកថ្មើរ​ជើងនោះទេ។

ប្រភព៖ Mainichi

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: