ករណី​ខ្លា​ឃ្មុំ​វាយ​ប្រហារ​អ្នក​ស្ទូច​ត្រី​បន្ទាប់​ពី​រក​ឃើញ​ក្បាល​មនុស្ស​នៅ​មាត់​បឹង

នៅ Hokkaido ប្រទេសជប៉ុនបានប្រកាសពី​ស្ថាន​ភាព​អាសន្ន បន្ទាប់ពីអ្នកទៅស្ទូចត្រីម្នាក់ត្រូវវាយប្រហារ និង​បាត់​បង់​ជីវិត។

ខ្លាឃ្មុំនៅ Hokkaido ។ រូបភាព៖ Getty

កាលពីថ្ងៃទី ១៥ ខែឧសភាព ប៉ូលិសបានរកឃើញក្បាលរបស់លោក Toshihiro Nishikawa អាយុ ៥៤ ឆ្នាំ នៅមាត់​បឹង​ឧទ្យាន Shumarinai Prefectural Natural Park ។

មុននោះ លោកត្រូវបានអ្នកមគ្គុទ្ទេសក៍នាំទៅដល់បឹង និងនៅទីនោះម្នាក់ឯងនាវេលាម៉ោង ៥ ព្រឹក​ថ្ងៃ​ទី​ ១៤ ខែឧសភា។

ប្រហែល ៤ ម៉ោងក្រោយមកពេលត្រឡប់មកកន្លែងដើមវិញ អ្នកមគ្គុទ្ទេសក៍​បាននិយាយថា ឃើញខ្លាឃ្មុំពណ៌ត្នោតធំមួយក្បាល​ពាំ​សន្ទូច​ក្នុង​មាត់។ បន្ទាប់មកបុគ្គលម្នាក់នេះបាន​ព្យាយាម​ទាក់​ទង​ទៅ​លោក Nishikawa តាម​ទូរស័ព្ទ ប៉ុន្តែ​​មិន​​មាន​​ការ​​ឆ្លើយ​​តប​​ឡើយ។

បន្ទាប់ពីទទួលបានដំណឹងពីអ្នកមគ្គុទ្ទេសក៍ ការិយាល័យ​ក្រុង និង​ប៉ូលិស​មូលដ្ឋាន​បាន​បង្កើតក្រុមតាមស្វែងរក ដែលពេលនោះប្រទះឃើញក្បាលរបស់លោក Nishikawa ។ អ្នកប្រមាញ់បានបាញ់សម្លាប់ខ្លាឃ្មុំនៅទីតាំងក្បែរនោះ។

ករណីអ្នកជួបខ្លាឃ្មុំ និងត្រូវវាយប្រហារនៅប្រទេសជប៉ុន​កាន់​តែ​ច្រើន​ឡើង​ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែល​​ភាគ​​ច្រើន​​នៅ​​តំបន់​​ជន​​បទ Hokkaido ។

ក្រៅពីត្រូវវាយប្រហារ ករណីមើលឃើញខ្លាឃ្មុំជាបន្តបន្ទាប់ត្រូវបានកត់សម្គាល់នៅជិតទីក្រុង Muroran កាលពីចុងសប្តាហ៍មុន ដែលជម្រុញឱ្យអាជ្ញាធរចេញសេចក្តីប្រកាសជាលើកទី ២ ចំពោះខ្លាឃ្មុំ។

អាធជ្ញាធរ Muroran បានប្រកាសប្រាប់អ្នកស្រុកអាចនឹងជួបគ្រោះថ្នាក់ ទន្ទឹមនឹងនេះ ក៏និយាយដែរថា សេចក្តីប្រកាសមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី ១២ ខែមិថុនា។ អ្នកខ្លះថែមទាំងមើលឃើញខ្លាឃ្មុំនៅ Sapporo ដែលជាទីក្រុងធំនៅ Hokkaido ផង​ដែរ។

កាល​ពី​ខែ​មុន ស្ត្រី​ម្នាក់​ត្រូវ​ខ្លាឃ្មុំ​វាយប្រហារ​ពេលកំពុងបណ្តើរឆ្កែដើរលេងនៅតាមជាយក្រុង Kushiro ខេត្ត Hokkaido ។ នាង​រង​របួស​ក្បាល និង​ជើង​ធ្ងន់​ធ្ងរ។

អ្នកជំនាញធម្មជាតិ និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យស្រាវជ្រាវព័ត៌មានតូក្យូ លោក Kevin Short បានអោយដឹងថា “ករណីមនុស្សជួបខ្លាឃ្មុំកាន់តែច្រើនឡើងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំណុចនេះអាចបណ្តាលមកពីមូលហេតុ​មួយចំនួន” ។

លោកបាននិយាយថា “មូលហេតុប្រហែលមកពីខ្លាឃ្មុំនៅ Hokkaido ច្រើនឡើងវិញ ដែលពីមុនត្រូវបរបាញ់ហួសកម្រិត ហើយ​សព្វ​ថ្ងៃ​អ្នក​ប្រមាញ់​មិន​សូវ​ច្រើន” ។

លោកបន្តទៀតថា “ចំនួនសត្វក្តាន់ក៏ច្រើនឡើងដែរ នេះជាប្រភពអាហារសំខាន់ ក្រៅពីនេះ មានការខិតខំប្រឹងប្រែងទូទាំងខេត្ត ដើម្បីស្តារជម្រកធម្មជាតិនៅក្នុងព្រៃ និងតាមដងទន្លេ ចំណុចទាំងនេះពង្រីកបរិវេណរបស់ខ្លាឃ្មុំ” ។

បើតាមលោក ការបរបាញ់កាត់បន្ថយជួយឱ្យខ្លាឃ្មុំលូតលាស់ធំ។ ចំណុចនេះមានន័យថា “ពួកវាលែងខ្លាចមនុស្ស និង​មិន​ខ្វល់​ពី​គ្រោះ​ថ្នាក់​ទៅ​​ជិត​តំបន់​ដែល​មាន​ប្រជាជន​ច្រើន” ។

លោកនិយាយថា “អាចនិយាយបានថា Hokkaido កាន់តែមានភាពទាក់ទាញចំពោះខ្លាឃ្មុំ ជាពិសេសនៅតំបន់ជុំវិញ Sapporo ។ ចំណុច​នេះ​មាន​ន័យ​ថា ខ្លាឃ្មុំនឹងចូលទៅជិតតំបន់ទីប្រជុំជន ហើយប្រាកដណាស់ពួកវានឹងប្រឈមមុខ​​ជា​មួយ​​មនុស្ស” ។

នាពេលថ្មីៗនេះ ខ្លាឃ្មុំបានក្លាយជាកង្វល់មួយនៅទូទាំងប្រទេសជប៉ុន ដែលជម្រុញឱ្យក្រសួងបរិស្ថានជប៉ុនចាប់ផ្តើម​កម្មវិធី​សាក​ល្បង​កាលពីខែមករា ដើម្បី​ពង្រឹង​ទំនាក់​ទំនងរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងប៉ូលិស និងក្រុមបរ​បាញ់។

អាស្រ័យហេតុនេះ អាជ្ញាធរអាចធ្វើសកម្មភាពបានយ៉ាងឆាប់រហ័ស នៅពេលមើលឃើញខ្លាឃ្មុំ សម្លាប់ ឬចាប់សត្វដែល​ពុង​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាជន។

ករណីជួបប្រទះខ្លាឃ្មុំនៅជប៉ុនកើនឡើងជាង ២ ម៉ឺនករណីក្នុងឆ្នាំ ២០២០ ដែលនៅឆ្នាំ ២០០៩ ត្រឹម ៤៨០០ ករណីប៉ុណ្ណោះ។ មនុស្ស ២ នាក់បាត់បង់ជីវិត និង ១៤៣ នាក់រងរបួសដោយសារខ្លាឃ្មុំនៅឆ្នាំ ២០២០ ។ ប្រហែល ៤០% ករណី​នេះ​កើត​ឡើង​ក្នុង ឬ​ជុំវិញ​កន្លែង​ដែល​ប្រជាជន​រស់​នៅ។

ប្រភព​៖ Zing News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: