អ្នក​​​ស្រី Setsuko Thurlow ជា​អ្នក​​​នៅ​​រស់​រាន​មាន​ជីវិត​ក្រោយ​​ករណី​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ទី​ក្រុង Hiroshima ឆ្នាំ ១៩៤៥

អ្នកស្រី Setsuko Thurlow ជាអ្នកនៅរស់រានមានជីវិតក្រោយករណីទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Hiroshima ក្នុង​ឆ្នាំ ១៩៤៥ គាត់​បាន​​អំពាវ​​នាវ​​ដល់​​និស្សិត​សាកល​វិទ្យា​ល័យ​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​ឱ្យ​ធ្វើយុទ្ធនាការ ដើម្បី​ពិភព​លោក​ដែល​គ្មានអាវុធនុយក្លេអ៊ែរ។

កាល​ពី​ថ្ងៃ​ចន្ទ អ្នក​ស្រី Setsuko Thurlow បាន​​និយាយ​​នៅសាលាចាស់របស់គាត់ ដែលជាសាកល​វិទ្យាល័យ Jogakuin នៅ Hiroshima ។ នៅថ្ងៃដដែលនោះ អ្នកស្រីបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ។

ពាក្យ Hibakusha (被爆者) ជាឃ្លាដែលជនជាតិជប៉ុនប្រើសម្រាប់សំដៅលើជនរងគ្រោះដោយសារការទម្លាក់គ្រាប់​បែក​បរមាណូ​នៅ Hiroshima និង Nagasaki ។ ម្យ៉ាងវិញទៀត អាចប្រែថា “អ្នកដែលរងផលប៉ះពាល់ដោយ​សារ​ករណី​ផ្ទុះ” ។

នៅពេលដែលទីក្រុងត្រូវទម្លាក់គ្រាប់បែក អ្នកស្រី Thurlow ទើបតែអាយុ ១៣ ឆ្នាំប៉ុណ្ណោះ។ សព្វថ្ងៃនេះ អ្នកស្រីមានអាយុ ៩១ ឆ្នាំហើយ និងកំពុងរស់នៅប្រទេសកាណាដា។

នៅឆ្នាំ ២០១៧ ក្នុងពិធីប្រគល់រង្វាន់ណូបែលសន្តិភាពនៅទីក្រុង Oslo (ន័រវែស) ជនរងគ្រោះជាច្រើននាក់ដែលនៅរស់រានមានជីវិតក្រោយករណីទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទីក្រុង Hiroshima និង Nagasaki ក្នុងឆ្នាំ ១៩៤៥ បានចូលរួមកម្មវិធី។ អ្នកស្រី Setsuko Thurlow បានតំណាង​អោយ ICAN ដើម្បីទទួលរង្វាន់ណូបែលសន្តិភាព។

អ្នកស្រី Setsuko Thurlow បានចែករំលែកថា “ខ្ញុំនៅចាំច្បាស់ណាស់ ជោគវាសនានៃប្រទេសជប៉ុននៅថ្ងៃនោះ។ ពន្លឺ​ភ្លើង​ពណ៌​ខៀវ​ហោះ​កាត់​ផ្ទៃមេឃ ខ្ញុំពេលនោះប៉ើងលើអាកាស។ នៅពេលដែលភ្ញាក់ដឹកខ្លួន ខ្ញុំជាប់​ក្រោម​គំនរ​បាក់​បែក​អគារ ជាមួយនឹងមនុស្សរាប់​សិប​នាក់​ផ្សេង​ទៀត។ ទីក្រុង Hiroshima ត្រូវបំផ្លាញប្រែជាស្ងៀមស្ងាត់ មិនមាន​សំឡេង​ស្រែក គ្មាន​នរណា​ម្នាក់​រត់​នោះ​ទេ មានត្រឹម​សំឡេងថ្ងូរសុំទឹកប៉ុណ្ណោះ” ។

រៀបរាប់រឿងដ៏ក្រៀមក្រំរបស់ខ្លួន អ្នកស្រី Thurlow សង្ឃឹមថា អាចលើកកម្ពស់ការយល់ដឹងចំពោះសង្គ្រាម​នុយក្លេអ៊ែរ និង​ការ​ទប់​ស្កាត់​អាវុធ​ប្រល័យ​លោក។

អ្នកស្រីបានបន្តទៀតថា “ខ្ញុំតែងតែចែករំលែករឿងដែលឈឺចាប់ទាំងនេះ ដើម្បីអោយអ្នកដែលមិនធ្លាប់ឆ្លងកាត់ការ​បំផ្លិច​បំផ្លាញ​ដ៏​សាហាវ​បែបនេះអាចយល់បាន ដូច្នេះយើងទាំងអស់គ្នាអាចការពារកុំឱ្យវាកើតឡើងម្តងទៀត” ។

យោងតាមការប៉ាន់ប្រមាណ ប្រជាជន Hiroshima ចំនួន ១៤០.០០០ នាក់បានស្លាប់ដោយសារការទម្លាក់គ្រាប់​បែក និង​រង​ផល​ប៉ះ​ពាល់។ ចំនួន​មនុស្ស​ស្លាប់​នៅ Nagasaki គឺ ៧៤.០០០ នាក់។ នៅក្នុងទីក្រុងទាំងពីរ អ្នកស្លាប់​ភាគ​ច្រើន​ជា​ប្រជាជន​ធម្មតា។

អ្នកស្រី Thurlow បានចូលរួមយុទ្ធនាការប្រឆាំងនុយក្លេអ៊ែរអស់រយៈពេលជាងកន្លះសតវត្សមកហើយ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: