ប៉ូលិស​ជប៉ុន​បានចាប់​​ខ្លួន​​អ្នក​​ដែល​គំរាម​​បំផ្ទុះ​​គ្រាប់​​បែក​​នៅ​​មុខ​​ស្ថាន​​អគ្គ​កុង​ស៊ុល​​អាមេរិក

ហេតុ​ការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ប៉ូលិសបានចាប់ខ្លួនស្រ្តីអាយុ ៤៤ ឆ្នាំម្នាក់ កាលពីថ្ងៃទី ១៥ ខែឧសភា បន្ទាប់​ពី​ស្រ្តី​រូប​នេះ​បានទៅជិតស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំនៅ Okinawa ហើយអះអាងថា បំពង់ដែកដែល​គាត់​យក​តាមមានផ្ទុករំសេវផ្ទុះ។

ទិដ្ឋភាព​នៅ​មុខ​ស្ថាន​អគ្គកុងស៊ុល​អាមេរិក​ប្រចាំ​នៅ Okinawa នៅថ្ងៃទី ១៥ ខែឧសភា។ រូបភាព៖ Kyodo

សារព័ត៌មាន Kyodo បាននាំពាក្យរបស់ប៉ូលិសថា ជនសង្ស័យឈ្មោះ Akino Miyagi ជា​អ្នក​ស្រុក Okinawa ។ ដោយ​សារ​តែ​ហេតុ​​ការណ៍​នេះ ប៉ូលិសត្រូវរឹតបន្តឹងចរាចរណ៍នៅជិតស្ថានអគ្គកុងស៊ុល ដែលស្ថិតនៅទីក្រុង Urasoe ជាប់ព្រំ​ប្រទល់​ខេត្ត Naha ។

ក្នុងហេតុ​ការណ៍នេះមិនមាននរណាម្នាក់រងរបួសនោះទេ អ្នកស្រី Miyagi ត្រូវចាប់ខ្លួនពីបទរារាំងការអនុវត្តច្បាប់។ បើតាមប៉ូលិស អ្នកស្រី Miyagi បានគំរាមបុគ្គលិកសន្តិសុខដែលយាមស្ថានអគ្គកុងស៊ុលថា គាត់នឹងគប់បំពង់ដែក​ទៅ​លើ​ដី។ ទន្ទឹម​នឹង​នោះ អ្នកស្រី Miyagi បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

អ្នកស្រី Miyagi ធ្លាប់ចូលរួមបាតុកម្ម​ជាច្រើនដង ដោយស្នើ​ឱ្យ​សម្អាត​សំរាមដែលយោធាអាមេរិកបន្សល់ទុក បន្ទាប់​ពី​អាមេរិក​បាន​ប្រគល់​កន្លែង​ហ្វឹកហាត់មួយផ្នែកទៅឱ្យជប៉ុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំនៅ Okinawa បានថ្លែងអំណរគុណដល់ប៉ូលិសមូល​ដ្ឋាន​ចំពោះ​ការ​ឆ្លើយតបយ៉ាងរហ័ស។

ហេតុ​ការណ៍នេះបានកើតឡើងនៅពេលដែល Okinawa ប្រារព្ធខួបលើកទី ៥០ ឆ្នាំកោះត្រូវបានប្រគល់សងជប៉ុន ក្រោយ​ពេល​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រងរបស់យោធាអាមេរិក ដែលបានអូសបន្លាយតាំងពីសង្គ្រាមលោកលើក​ទី​ពីរ។

ការដែលយោធាអាមេរិកនៅតែប្រមូលផ្តុំច្រើននៅ Okinawa បានធ្វើឱ្យអ្នកស្រុកជាច្រើនខឹងសម្បារ។ កាលពីថ្ងៃទី ១៣ ខែមីនា មនុស្សរាប់រយនាក់បានដើរដង្ហែរនៅលើកោះ ដើម្បីទាមទារឱ្យដកមូលដ្ឋានទ័ពអាមេរិកចេញពី Okinawa នេះ​បើ​តាម Asahi ។ នេះ​ជា​ព្រឹត្តិការណ៍​ដំបូងដែល​ប្រារព្ធ​ឡើងអំឡុងពេល ៤ ឆ្នាំមកនេះ ដោយសារឥទ្ធិពល​ជំងឺ​កូវីដ ១៩ ។

លោក Tetsu Nakasone ដែលជាអ្នកដឹកនាំការតវ៉ាបានចង្អុលបង្ហាញថា មូលដ្ឋានទ័ពអាមេរិក ៧០% ស្ថិត​នៅ Okinawa ។ លោក​​​បាន​​​បន្ត​​​ថា​៖ “យើង​ចង់​ឱ្យប្រជាជន​​ជប៉ុន​ដែល​​រស់​​នៅ Okinawa យល់​​ពី​​ស្ថាន​ភាព” ។

ប្រភព៖ Kyodo News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: