ក្រៅពីស្រលាញ់​វិស័យ​បាល់​ទាត់ លោក​ហុងដា​ក៏​ជា​អ្នក​ជំនួញ​​ដ៏មាន​​សមត្ថភាព​មួយ​រូប​ផង​ដែរ

ក្រៅពីធ្លាប់ជាកីឡាករបាល់ទាត់ឆ្នើម និងជាគ្រូបង្វឹកដ៏ជំនាញ ដែល​ស្ម័គ្រចិត្តចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាឱ្យកាន់តែរីក​ចម្រើន និង​អាច​ឈានទៅដល់ការទទួលស្គាល់ជាអន្តរជាតិ លោក Keisuke Honda ក៏ជាអ្នកជំនួញមួយរូបដែលចូលចិត្តចំណាយប្រាក់លើការវិនិយោគបង្កើនទ្រព្យ​ផង​ដែរ។

ជាក់ស្ដែងអតីតកីឡាកររូបនេះ មានការងារធំៗចំនួន ៤ រួមទាំងស្ថាបនិក និង CEO នៅ Now Do សហស្ថាបនិក Dreamers VC និង Head Brand Ambassador នៅ Agribuddy ។ ទន្ទឹមនឹងនេះ លោកបានវិនិយោគទឹកប្រាក់រាប់លានដុល្លារចូលទៅក្នុងក្រុមហ៊ុនជាច្រើនទៀតដូចជា៖ maliPay, Astar Network, Anyplace, Reiwa Travel, WARPSPACE, Attractive.ai, Manabie, Public.com, Alchemy, Sandbox VR ជា​ដើម។

ក្នុងឆ្នាំដដែលនោះ លោកក៏បានបើកដំណើរការ PROTOCOL ដែលជាវេទិកាសកលថ្មីដែលជួយដល់អ្នកចាប់ផ្តើមអាជីវកម្មបង្កើតថ្មី តភ្ជាប់គ្នាជាមួយនឹងវិនិយោគិន, VCs, បុគ្គលមានឥទ្ធិពលឱ្យសហការរកស៊ីជាមួយគ្នា ដោយតភ្ជាប់ពី​ប្រទេស​ជប៉ុន អាស៊ី និងជុំវិញពិភពលោក។

សេដ្ឋីបាល់ទាត់រូបនេះ មានចំណាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគជាមួយនឹងអាជីវកម្មបង្កើតថ្មីនៅជុំវិញពិភព​លោក ព្រោះ​លោក​ចង់​ជួយ​ឱ្យសហគ្រិន​វ័យ​ក្មេង​ទាំង​នោះ​អាច​សម្រេចក្ដីស្រមៃរបស់ពួកគេ ហើយគាត់អាចចូលរួមបង្កើតនូវជំនួញដែលមានឥទ្ធិពលវិជ្ជមាន ជួយឱ្យពិភពលោកកាន់តែប្រសើរឡើងជាងមុន សម្រាប់អ្នកជំនាន់ក្រោយ។

ថ្វីត្បិតតែ​មិនទាន់មានប្រភពធំៗ ទម្លាយឱ្យដឹងអំពីតម្លៃទ្រព្យរបស់លោកជាក់លាក់ដូចមហាសេដ្ឋីភាគច្រើនលើលោក​ក៏​ពិត​មែន ប៉ុន្តែ​តាម​រយៈ​កាវិនិយោគ​លើ​អាជីវកម្ម​រាប់​រយ និង​ការ​ងារធំៗជាច្រើនមុខ ត្រូវបានគេប៉ាន់ស្មាន​​ថា​ទ្រព្យសម្បត្តិសរុបរបស់លោកមិនតិចជាង ១៣.៨ លានដុល្លារនោះទេ។

ប្រភព៖ Business Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: