អាថ៌កំបាំងដែលជួយអោយលោកយាយ Fusa Tatsumi មានវ័យចំណាស់ជាងគេនៅជប៉ុន
សព្វថ្ងៃនេះលោកយាយ Fusa Tatsumi ទើបតែបានធ្វើខួបកំណើតអាយុ ១១៦ ឆ្នាំ និងក្លាយជាអ្នកមានអាយុចំណាស់ជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីស្ត្រីជនជាតិអេស្ប៉ាញ (អាយុជាង ១១៦ ឆ្នាំ) ។
លោកយាយ Fusa Tatsumi ជាអ្នកដែលមានអាយុចំណាស់ជាងគេនៅជប៉ុនសព្វថ្ងៃនេះ។ រូបភាព៖ Mainichi
យោងតាមអ្នកជំនាញជប៉ុនបានបញ្ជាក់ អ្នកអាយុជាង ១០០ ឆ្នាំត្រឹម ២០% ដែលមកពីកត្តាហ្សែន ខណៈដែលទម្លាប់ក្នុងការបរិភោគ និងការរស់នៅមានតុល្យភាពជាកត្តាសំខាន់។
លោកយាយ Fusa កើតនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩០៧ ពោលគឺឆ្នាំ Meiji ទី ៤០ នៅទីក្រុង Yao ខេត្ត Osaka ហើយបានឆ្លងកាត់សម័យកាលនយោបាយជប៉ុនទាំង ៥ រួមមានសម័យ Meiji, Taishō, Shōwa, Heisei និង Reiwa ។
លោកយាយមានកូន ៣ នាក់ លោក Kanji ជាកូនប្រុសដែលបានរស់នៅជាមួយលោកយាយរហូតដល់យាយមានអាយុ ១០៦ ឆ្នាំ មុនពេលលោកយាយត្រូវបានបញ្ជូនទៅមណ្ឌលថែទាំពិសេសក្នុងទីក្រុង Kashiwabara ។
លោក Kanji បាននិយាយថា គ្រួសាររបស់គាត់គ្មានហ្សែនអាយុវែងនោះទេ ចំណែកឯអាថ៌កំបាំងអាយុវែងរបស់លោកយាយ Fusa បានមកពីការរស់នៅមានភាពរីករាយ ការបរិភោគ និងសម្រានមានតុល្យភាព។
លោកបន្តទៀតថា ពីមុនរហូតមកដល់ពេលនេះ ម្តាយគាត់តែងតែទទួលទានបាយ ៣ ពេលក្នុងមួយថ្ងៃយ៉ាងទៀងទាត់ ធ្វើលំហាត់ប្រាណ មិនចូលគេងយប់ជ្រៅ និងកម្រឃើញគាត់ខឹងណាស់។
យោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ចំនួនមនុស្សចាស់ដែលមានអាយុជាង ១០០ ឆ្នាំនៅជប៉ុនកើនឡើងគួរអោយកត់សម្គាល់តាំងពីឆ្នាំ ១៩៧១ ។
ក្នុងឆ្នាំ ១៩៥៦ នៅប្រទេសជប៉ុនចំនួនមនុស្សចាស់មានអាយុជាង ១០០ ឆ្នាំមានចំនួន ១.០០០ នាក់ កើនឡើងដល់ ១០.០០០ នាក់ក្នុងឆ្នាំ ១៩៩៨ និង ៥០.០០០ នាក់ក្នុងឆ្នាំ ២០១២ និងចំនួនដែលគួរអោយកត់សម្គាល់នៅខែកញ្ញា ឆ្នាំ ២០២២ ជាង ៩០.០០០ នាក់។ ក្នុងនោះស្រ្តីមានចំនួនជាង ៨០.០០០ នាក់ ដែលប្រហែល ៩០% ។
យោងតាមស្ថិតិដែលប្រកាសដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន កាលពីខែកក្កដា ឆ្នាំ ២០២០ ស្ត្រីមានអាយុជាមធ្យម ៨៧,៧៤ ឆ្នាំ និងបុរសមានអាយុជាមធ្យម ៨១,៦៤ ឆ្នាំ។
បើប្រៀបជាមួយប្រទេស និងដែនដីផ្សេងទៀត អាយុរបស់ស្រ្តីជប៉ុនខ្ពស់ជាងទី ២ បន្ទាប់ពីតំបន់រដ្ឋបាលពិសេសហុងកុង ខណៈដែលអាយុរបស់បុរសជប៉ុនខ្ពស់ជាងទី ៣ បន្ទាប់ពីហុងកុង និងស្វីស។
ប្រភព៖ Mainichi