ប្រជាជនជប៉ុនចូលរួមថ្នាក់បង្រៀនញញឹមកើនបន្ទាប់ពីបទប្បញ្ញត្តិកូវីដ ១៩ ត្រូវបានដកចេញ
នៅទីក្រុង Tokyo ក្នុងបន្ទប់មួយដែលមានមនុស្សចំនួន ៣៧ នាក់កំពុងរៀនញញឹម ដើម្បីត្រៀមខ្លួននៅពេលដែលជប៉ុនលុបចោលបទប្បញ្ញត្តិពាក់ម៉ាស់ការពារជំងឺរាតត្បាត។
គ្រូបង្រៀនឈ្មោះ Keiko Kawano អាយុ ៤៩ ឆ្នាំបាននិយាយថា នៅពេលដែលការពាក់ម៉ាស់បានក្លាយជាទម្លាប់ គ្រប់គ្នាមិនសូវមានឳកាសញញឹម ហើយមនុស្សជាច្រើនមានអារម្មណ៍ថាទើសទាល់។ ថ្នាក់បង្រៀននេះជួយអោយអ្នករាល់គ្នាហ្វឹកហាត់ និងបន្ធូរសាច់ដុំមុខ ដើម្បីស្នាមញញឹមដ៏ស្រស់ស្អាត។
អ្នកចូលរួមម្នាក់ឈ្មោះ Yasuko Watarai បានអោយដឹង គាត់ចង់អនុវត្តអ្វីដែលបានរៀនក្នុងសកម្មភាពស្ម័គ្រចិត្ត និងការជួបជុំគ្នាផ្សេងទៀត។ “ស្នាមញញឹមមិនត្រឹមតែបង្កើតអារម្មណ៍ល្អចំពោះអ្នកដទៃ ជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកមានអារម្មណ៍វិជ្ជមានផងដែរ” ។
អ្នកចូលរួមថ្នាក់បង្រៀនញញឹមនៅខណ្ឌ Akabane ទីក្រុងតូក្យូ កាលពីថ្ងៃទី ៣ ខែឧសភា។ រូបភាព៖ Asahi
អាជ្ញាធរមូលដ្ឋាន និងអាជីវកម្មជាច្រើនបានរៀបចំថ្នាក់រៀនញញឹមតាំងពីឆ្នាំមុន ប៉ុន្តែតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានទម្លាក់កម្រិតជំងឺកូវីដ ១៩ មកស្មើជំងឺផ្តាសាយ។ នៅកន្លែងជាច្រើនថែមទាំងបណ្តុះបណ្តាលវគ្គរៀនញញឹម។
ប្រធានក្រុមហ៊ុន “បង្ហាញស្នាមញញឹម” Miho Kitano បានអោយដឹងថា គាត់កំពុងតែរវល់ខ្លាំង ព្រោះគ្រប់គ្នាចង់មើលឃើញស្នាមញញឹមឡើងវិញ។ “ប្រជាជនជប៉ុនបានពាក់ម៉ាស់អស់រយៈពេលជាង ៣ ឆ្នាំមកហើយ មនុស្សជាច្រើននិយាយថា ពួកគេស្ទើរតែភ្លេចពីរបៀបញញឹមទៅហើយ” ។
អ្នកស្រីទាយដឹងពីទំនោរនេះក៏បានបង្កើតក្រុមហ៊ុននៅឆ្នាំ ២០១៨ ដោយផ្តល់ជូនវគ្គសិក្សាអនឡាញ និងផ្ទាល់អំពីរបៀបបង្ហាញស្នាមញញឹមដ៏ល្អឥតខ្ចោះ។ តាំងពីពេលដែលរដ្ឋាភិបាលបានបន្ធូរបន្ថយបទប្បញ្ញត្តិពាក់ម៉ាស់ ចំនួនអតិថិជនកើនឡើងយ៉ាងខ្លាំង។ បច្ចុប្បន្នអ្នកស្រីមានអតិថិជនប្រហែល ៣.០០០ នាក់នៅទូទាំងទីក្រុងតូក្យូ និងថ្នាក់បង្រៀនគ្រូម្នាក់សិស្សម្នាក់ក្នុងរយៈពេល ១ ម៉ោងមានតម្លៃ ១១.០០០ យ៉េន។
Kitano បាននិយាយថា “ស្នាមញញឹមជារឿងធម្មជាតិ និងសំខាន់ណាស់ ព្រោះនោះជាសញ្ញាប្រាប់មនុស្សដែលយើងជួបថាយើងទទួលយកពួកគេ។ ស្នាមញញឹមត្រូវតែមានលក្ខណៈធម្មជាតិ ដើម្បីទាក់ទាញមនុស្សនៅចំពោះមុខ ប៉ុន្តែសម្រាប់អ្នកដែលមិនសូវញញឹមច្រើន ខួរក្បាលនឹងភ្លេចពីរបៀបប្រើសាច់ដុំមុខ” ។
ចំណុចនេះបានក្លាយជាបញ្ហាធ្ងន់ធ្ងរ នៅពេលដែលគ្រប់គ្នាលាក់អារម្មណ៍វិជ្ជមានរបស់ខ្លួនក្រោមម៉ាស់មុខ។ បើតាម Kitano ស្នាមញញឹមដែលល្អបំផុតពេលបង្ហាញពីជួរធ្មេញខាងលើ និងក្រសែភ្នែកស្រទន់ ប៉ុន្តែយ៉ាងណាស្នាមញញឹមទាំងអស់សុទ្ធតែមានប្រយោជន៍។
ថ្វីត្បិតតែមិនបង្ខំអោយពាក់ម៉ាស់នៅកន្លែងសាធារណៈ យ៉ាងណាប្រជាជនជប៉ុនភាគច្រើនកំពុងពាក់ម៉ាស់។ យោងតាមកាសែត Asahi ប្រជាជន ៦០% នៅជុំវិញ Tokyo បន្តពាក់ម៉ាស់នៅកន្លែងសាធារណៈ។
ប្រភព៖ Telegraph, Asahi