អាថ៍កំបាំងដែលកសិករជប៉ុនប្រើសម្រាប់ដាំដើមស្វាយមានតម្លៃ ២៣០ ដុល្លារក្នុងមួយផ្លែ
លោក Hiroyuki Nakagawa ប្រមូលផលស្វាយទុំនៅកសិដ្ឋានផ្ទះកញ្ចក់ កោះ Hokkaido ប្រទេសជប៉ុន។ នៅខាងក្រៅអាកាសធាតុត្រជាក់ក្រោម ៨ អង្សាសេ ប៉ុន្តែនៅខាងក្នុងផ្ទះកញ្ចក់សីតុណ្ហភាពប្រហែល ៣៦ អង្សាសេប៉ុណ្ណោះ។
ផ្ទះកញ្ចក់ដែលលោក Nakagawa ដាំស្វាយនៅរដូវរងា។ រូបភាព៖ Bloomberg
លោក Nakagawa បានដាំស្វាយ (ជាប្រភេទផ្លែឈើត្រូពិច) នៅតំបន់ Tokachi ដែលមានព្រិលធ្លាក់ច្រើននៅលើកោះ Hokkaido តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ ផ្លែស្វាយនៅកសិដ្ឋានរបស់លោក Nakagawa ក្នុងទីក្រុង Otofuke, Tokachi មានតម្លៃប្រហែល ២៣០ ដុល្លារក្នុងមួយផ្លែ។
សារព័ត៌មាន Bloomberg បានអោយដឹង លោកកសិករវ័យ ៦២ ឆ្នាំម្នាក់នេះមិននឹកស្មានថា ការពិសោធជាមួយនឹងកសិកម្មនិរន្តរភាពនៅថ្ងៃណាមួយអាចជួយអោយគាត់ប្រមូលផលស្វាយដែលមានតម្លៃថ្លៃជាងគេលើពិភពលោក។
លោក Nakagawa ប្តូរមកដាំស្វាយបន្ទាប់ពីប្រកបអាជីវកម្មប្រេងអស់ជាច្រើនឆ្នាំ។ ដោយមានការណែនាំពីកសិករដាំស្វាយនៅខេត្ត Miyazaki ដែលជាអ្នកបាននិយាយថា អាចដាំប្រភេទផ្លែឈើត្រូពិចនៅរដូវរងា លោក Nakagawa បានសម្រេចចិត្តបង្កើតក្រុមហ៊ុនថ្មី Noraworks Japan ។ ប៉ុន្មានឆ្នាំក្រោយមក លោក Nakagawa បានចុះឈ្មោះស្លាកយីហោផ្លែស្វាយដែលគាត់ដាំគឺ Hakugin no Taiyo (ព្រះអាទិត្យក្នុងព្រិល) ។
អាថ៌កំបាំងដែលលោក Nakagawa បានប្រើគឺប្រភពធនធានធម្មជាតិដ៏ល្បីនៅស្រុកកំណើត Hokkaido គឺព្រិល និងប្រភពទឹកក្ដៅ។
ដាំស្វាយនៅរដូវរងាជួយអោយលោក Nakagawa មិនចាំបាច់ប្រើថ្នាំសម្លាប់សត្វល្អិត។ រូបភាព៖ Bloomberg
លោកប្រមូលទុកព្រិលនៅរដូវរងា បន្ទាប់មកប្រើនៅរដូវក្តៅដើម្បីជួយឱ្យផ្ទះកញ្ចក់ត្រជាក់ ដោយបញ្ឆោតដើមស្វាយឱ្យចេញផ្កាយឺត។ ក្រោយមក ក្នុងរដូវរងា គាត់ប្រើប្រភពទឹកក្តៅសម្រាប់ផ្តល់ភាពកក់ក្តៅដល់ផ្ទះកញ្ចក់ ហើយប្រមូលផលស្វាយខុសរដូវចំនួន ៥០០០ ផ្លែ។
ដំណើរការនេះជួយឱ្យផ្លែស្វាយទុំអំឡុងខែត្រជាក់ ដែលមិនសូវមានសត្វល្អិត និងមិនចាំបាច់ប្រើថ្នាំសម្លាប់សត្វល្អិត។ នៅ Hokkaido អាកាសធាតុមិនសូវសើម ដូច្នេះក៏មិនចាំបាច់ប្រើសារធាតុគីមីសម្រាប់កម្ចាត់ផ្សិតផងដែរ។
ទន្ទឹមនឹងនេះ ការប្រមូលផលនៅរដូវរងារជាពេលដែលកសិករមិនសូវមានការងារច្រើន អាចបង្កើតលក្ខខណ្ឌសម្រាប់ធនធានមនុស្សកាន់តែច្រើនក្នុងបរិបទដែលជប៉ុនកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម ជាពិសេសនៅតំបន់ជនបទ។
វិធីសាស្រ្តនេះថែមទាំងជួយបង្កើនរសជាតិផ្លែស្វាយផងដែរ។ លោក Nakagawa បាននិយាយថា “ព្រះអាទិត្យក្នុងព្រិល” ផ្អែមជាងផ្លែស្វាយធម្មតា។
រូបភាព៖ Bloomberg
កត្តាពិសេសដែលទាក់ទងនឹងការថែទាំដើមស្វាយបានធ្វើឱ្យអតិថិជន និងអ្នកលក់រាយមានការចាប់អារម្មណ៍។ នៅឆ្នាំ ២០១៤ ហាង Isetan បានលក់ផ្លែស្វាយ “ព្រះអាទិត្យក្នុងព្រិល” ក្នុងតម្លៃជិត ៤០០ ដុល្លារ។ ផ្លែស្វាយដែលមានតម្លៃថ្លៃនេះបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន ហើយធ្វើឱ្យវាក្លាយជាទំនិញដែលកម្រ។
ក្រៅពីនេះ លោក Nakagawa បានរកឃើញអត្ថប្រយោជន៍ដែលមិននឹកស្មានដល់បន្ថែមទៀតពីការធ្វើកសិកម្មក្នុងរដូវរងា។ លោកបានបន្តថា “ដោយសារតែយើងមិនប្រើថ្នាំសម្លាប់សត្វល្អិត ដូច្នេះក្រុមហ៊ុនតែ Lupicia ចង់ប្រើស្លឹកពីដើមស្វាយរបស់ខ្ញុំ” ។
យ៉ាងណាលោក Nakagawa នៅតែមិនទាន់ពេញចិត្ត ហើយមានបំណងដាំផ្លែឈើត្រូពិចផ្សេងទៀត ដោយប្រើវិធីសាស្ត្រស្រដៀងគ្នា ដើម្បីធ្វើអោយ Tokachi ក្លាយជាមជ្ឈមណ្ឌលផលិតផ្លែឈើនៅរដូវរងា ក៏ដូចជាជម្រុញសេដ្ឋកិច្ចក្នុងស្រុក។ គាត់កំពុងតែពិចារណាទៅលើផ្លែប៉េស។
ប្រភព៖ Bloomberg