ដុំ​ភ្លើង​អាថ៌កំបាំង​ដែល​បង្ក​​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​លើ​បណ្តាញ​សង្គម​​ជប៉ុន

កាលពីថ្ងៃទី ១១ ខែឧសភា អាជ្ញាធរជប៉ុនបានឱ្យ​ដឹងថា ដុំភ្លើងដែលបញ្ចេញពន្លឺនៅលើមេឃនៃភាគខាងត្បូងប្រទេស​​ជប៉ុន ប្រហែល​ជា​បំណែករបស់គ្រាប់រ៉ុក្កែតដែលបាញ់បង្ហោះដោយប្រទេសចិន។

វីដេអូចាប់យកទិដ្ឋភាពដុំភ្លើងបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលពេញបណ្តាញសង្គម​ជប៉ុន​នៅយប់​ថ្ងៃ​ទី​ ១០ ខែឧសភា។ រូបភាព៖ PENTAROS29/Twitter

នៅយប់ថ្ងៃទី ១០ ខែឧសភា វីដេអូថតដុំភ្លើងបាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ជប៉ុន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការ​សង្ស័យ​ជា​ច្រើន។ សាខា Ishigaki នៅ Okinawa នៃក្រុមអង្កេតតារាសាស្ត្រជាតិ (NAOJ) បានសង្កេតឃើញដុំភ្លើងនៅម៉ោង ២០ៈ៣៣ នាទីយប់ថ្ងៃទី ១០ ខែឧសភា (ម៉ោងក្នុងតំបន់) នេះបើតាម AFP នាំពាក្យ​មន្រ្តី​ម្នាក់​បាន​ឱ្យ​​ដឹង។

យោងតាមមន្ត្រី NAOJ ម្នាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថា “ទាក់ទងនឹងព័ត៌មានដែលកំពុងត្រូវបាន​ចែក​​រំលែក​​យ៉ាង​​ច្រើន យើងសន្មត់ថា វត្ថុដែលបានធ្លាក់មិនមែនជាដុំភ្លើងចេញពីអាចម៍ផ្កាយទេ ប៉ុន្តែជាបំណែកគ្រាប់​រ៉ុក្កែត” ។

លោកបានបន្ថែមថា “ល្បឿនយឺត និងរបៀបដែលពន្លឺផ្លាស់ទី ស្ទ្រីមពន្លឺធ្វើដំណើរស្របគ្នា មើលទៅដូចជាការឈ្លាន​ពាន​បរិយាកាស​របស់​បំណែក​គ្រាប់​​រ៉ុក្កែត” ។ លោកបានព្យាករណ៍ថា នោះប្រហែលជាបំណែក​គ្រាប់​រ៉ុក្កែត​ដែល​ចិន​បាញ់​​​​បង្ហោះ​​កាល​​ពី​​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ។

លោកនិយាយបន្តទៀតថា “ព័ត៌មានគ្រាប់រ៉ុក្កែតមួយផ្នែកត្រូវបានគេរំពឹងថានឹងត្រឡប់មកបរិយាកាសវិញ” ។

ក្រៅពីនេះ មន្ត្រីរូបនេះបាននិយាយថា បំណែកទំនង​ជា​ធ្លាក់​ចូល​សមុទ្រ ហើយមិនបង្កគ្រោះថ្នាក់នោះទេ ដោយផ្អែក​​លើ​​ការ​​​ព្យាករណ៍​​ការ​ផ្លាស់​ទី​របស់​វត្ថុ​នោះ។

អ្នក​ប្រើ Twitter ម្នាក់​បាន​ចែករំលែកថា “ពិតជាស្អាតណាស់ មើលទៅដូចជាផ្កាសាគូរ៉ាកំពុងស្រពោន ទោះជាយ៉ាង​ណា​ ល្អ​ណាស់​​ដែល​​ដឹង​​ថា​​វា​​មិន​​​មាន​​​គ្រោះ​​ថ្នាក់” ។

ប្រភព៖ Japan Times

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: